អានតួអត្ថបទ
ថៃ-ជនអន្តោប្រវេសន៍

អ.ស.ប. និង​ភូមា​ដំឡើង​សម្លេង​ដាក់​គ្នា​ក្នុង​ជំនួបកំពូល​នៅ​ថៃ​ស្តីពី​វិបត្តិ​ជនអន្តោប្រវេសន៍​នៅ​អាស៊ីអាគ្នេយ៍

នៅ​ថ្ងៃ​សុក្រ ទី២៩ ឧសភា​នេះ ជំនួបកំពូល​ស្តីពី​វិបត្តិ​ជនអន្តោប្រវេសន៍​នៅ​តំបន់​អាស៊ីអាគ្នេយ៍​បាន​រៀបចំ​ឡើង​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ដោយ​មាន​វត្តមាន ១៧ប្រទេស​ចូលរួម។ ជំនួបកំពូល​ថ្ងៃ​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​តំបន់​អាស៊ីអាគ្នេយ៍​កំពុង​ប្រឈម​មុខ​នឹង​កំណើន​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​តាម​សមុទ្រ​នា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។ គិត​ត្រឹម ៣ខែ​ឆ្នំា ២០១៥ នេះ មាន​ជនអន្តោប្រវេសន៍​ជិត ២៥ ០០០នាក់​ដែល​បាន​រត់​ផ្សងព្រេង​តាម​សមុទ្រ។ ជនអន្តោប្រវេសន៍​ភាគច្រើន ជា​ពួក​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​រស់​ក្នុង​ទឹក​ភូមា​ដែល​រត់គេច​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​រដ្ឋអំណាច​ទីក្រុង​ណៃពីដ៏ និង​ជនជាតិ​បង់ក្លាដែស​ដែល​រត់គេច​ពី​គ្រោះ​អត់ឃ្លាន ក្រីក្រ​តោកយ៉ាក។

លោក Tanasak Patimapragorn ឧបនាយករដ្ឋមន្រ្តី និង​រដ្ឋមន្រ្តី​ការបរទេស​ថៃ
លោក Tanasak Patimapragorn ឧបនាយករដ្ឋមន្រ្តី និង​រដ្ឋមន្រ្តី​ការបរទេស​ថៃ Reuters
ផ្សាយពាណិជ្ជកម្ម

ជំនួបកំពូល​ថ្ងៃ​នេះ គឺ​ជា​ជំនួបកំពូល​មួយ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ថៃ​កោះ​ឲ្យ​មាន​ជា​បន្ទាន់។ ការ​សម្រេច​ចិត្ត​របស់​ទីក្រុង​បាងកក​ឲ្យ​មាន​កិច្ចប្រជុំ​ជា​បន្ទាន់​នេះ​ក៏​ដោយសារ​ថា ថៃ​ខ្លួន​ឯង​ជា​ទឹកដី​មួយ​ដែល​ត្រូវ​បាន​ឈ្មួញ​យក​ធ្វើ​ជា​កន្លែង​សម្រាប់​នំា​ជនអន្តោប្រវេសន៍​ទៅ​កាន់​ប្រទេស​ទី៣ ពិសេស​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី ឬ​ឥណ្ឌូណេស៊ី។ ជាក់ស្តែង​ថ្មីៗ​នេះ ប៉ូលិស​ថៃ​បាន​រក​ឃើញ​រណ្តៅកប់សព និង​ជំរំ​ជា​ច្រើន​កន្លែង​នៅ​តំបន់​ប៉ែក​ខាង​ត្បូង​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ម៉ាឡេស៊ី ហើយ​ប្រទេស​ម៉ាឡេស៊ី​ក៏​បាន​រក​ឃើញ​ដូច​គ្នា​នេះ​ដែរ​នៅ​ប៉ែកខាង​ជើង​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ។ ទំាង​អស់​នេះ​សុទ្ធសឹង​ជា​ភស្តុតាង​ជាក់ស្តែង​បញ្ជាក់​ពី​វត្តមាន​បណ្តាញ​ជួញដូរ​មនុស្ស​នៅ​ក្នុង​តំបន់ និង​ដែល​មាន​ទំាង​ការ​ឃុបឃិត​ពី​ក្រុម​ប៉ូលិស ឬ​ទាហាន​របស់​ប្រទេស​ពាក់ព័ន្ធ​មួយ​ចំនួន។

លោក​នាយករដ្ឋមន្រ្តី​ថៃ​ប្រាយុទ្ធ ចាន់អូចា​ធ្លាប់​បាន​ថ្លែង​រួច​ហើយ​ថា បើ​គ្មាន​ការ​ស៊ុមគ្រលំ​ពី​អាជ្ញាធរ​ព្រំដែន​ទេ ក៏​ក្រុម​ឈ្មួញ​មិន​អាច​រក​ស៊ី​របៀប​នេះ​បាន​ដែរ។ អ៊ីចឹង​ហើយ​បាន​ជា​ជំនួបកំពូល​ថ្ងៃ​នេះ​បាន​ផ្តោត​លើ​កម្មវត្ថុ​អាទិភាព​មួយ​ចំនួន ទី១ គឺ​យុទ្ធនាការ​ជួយ​ស្រោចស្រង់​ជីវិត​មនុស្ស​ដែល​ទូក​របស់​ពួក​គេ​កំពុង​បន្ត​រសាត់​អណ្តែត​ក្នុង​សមុទ្រ ទី២ កំចាត់​បណ្តាញ​ជួញដូរ​មនុស្ស​ឲ្យ​ដល់​ឫសគល់ និង​ទី៣ គិតគូរ​ពី​ការ​ទទួល​យក​ជនភៀសខ្លួន​ឲ្យ​ស្នាក់នៅ ពោល​គឺ​ជនអន្តោប្រវេសន៍​ណា​ដែល​បាន​ទៅ​ដល់​ប្រទេស​ទី៣ រួច​ហើយ។ តែ​ថៃ ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​បាន​ព្រមាន​រួច​ទុក​ជា​មុន​ថា ពួក​គេ​មិន​អាច​ទទួល​យក​ជនអន្តោប្រវេសន៍​ទំាង​នោះ​ឲ្យ​ស្នាក់នៅ​ជា​អចិន្រ្តៃយ៍​ក្នុង​ទឹកដី​របស់​ខ្លួន​បាន​ទេ ពោល​ឲ្យ​ស្នាក់នៅ​តែ​មួយ​រយៈពេល​ខ្លី​​ប៉ុណ្ណោះ។

ភូមា និង​អង្គការ​សហប្រជាជាតិ​បាន​ដំឡើង​សរសៃ ក ដាក់​គ្នា

អ្វី​ដែល​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល​ខ្លំាង​នៅ​ក្នុង​ជំនួបកំពូល​ថ្ងៃ​នេះ គឺ​​ការ​ដំឡើង​សម្លេង​ដាក់​គ្នា​រវាង​ប្រទេស​ភូមា និង​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន។ អ្វីៗ​បាន​ចាប់​ផ្តើម​ដំបូង​ពី​សម្តី​របស់​លោក Volker Turk ឧត្តមស្នងការរង​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​ដែល​បាន​ថ្លែង​ទម្លាក់​កំហុស​ដាក់​ភូមា​ថា ជា​ប្រទេស​ប្រភព​នៃ​វិបត្តិ​ជនអន្តោប្រវេសន៍​សព្វថ្ងៃ។ លោក Turk បាន​ថ្លែង​ច្បាស់ៗ​ថា ដើម្បី​អាច​ដោះស្រាយ​វិបត្តិ​នេះ​បាន រដ្ឋាភិបាល​ភូមា​ត្រូវ​តែ​ធានា​ការ​ទទួល​ខុស​ត្រូវ​ទំាង​ស្រុង​ចំពោះ​ពលរដ្ឋ​របស់​ខ្លួន។ ពាក្យ​មួយ​ឃ្លា​របស់​លោក Turk បាន​ធ្វើ​ឲ្យ​អ្នកតំណាង​ភូមា​ក្តៅស្លឹក​ត្រចៀក ហើយ​ឆ្លើយ​បក​ភ្លាមៗ​ថា អង្គការ​សហប្រជាជាតិ​គ្មាន​សិទ្ធិ​អ្វី​មក​និយាយ​ដៀលត្មះ និង​លូកដៃ​ចូល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ភូមា​ឡើយ។

លោក Turk មិន​បាន​លើក​ឡើង​ចំៗ​ពី​ពួក​រ៉ូហ៊ីងយ៉ា​ទេ តែ​តាម​រយៈ​ពាក្យសម្តី​របស់​គាត់​នំា​ឲ្យ​គេ​យល់​បាន​ភ្លាម​ថា លោក Turk មាន​បំណង​ចង់​ដាស់តឿន​ក្រើន​រម្លឹក​របប​ក្រុង​ណៃពីដ៏​ឲ្យ​គិតគូរ​ដល់​ពួក​រ៉ូហ៊ីងយ៉ា​អ្នកកាន់សាសនា​អ៊ីស្លាម​ដែល​កំពុង​រងគ្រោះ​ដោយ​ការ​រើសអើង​នៅ​ប្រទេស​ភូមា​កាន់​ព្រះពុទ្ធ​សាសនា។ គួរ​រម្លឹក​ជូន​ឡើង​វិញ​ថា ភូមា​មិន​ដែល​បាន​ចាត់​ទុក​ពួក​រ៉ូហ៊ីងយ៉ាង​ជា​ជនជាតិ​ភាគតិច​របស់​ខ្លួន​ទេ តែ​ជា​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​មក​ពី​ប្រទេស​បង់ក្លាដែស។ អ្វី​ជា​ការ​កត់សម្គាល់ ការ​លើកឡើង​របស់​អង្គការ​សហប្រជាជាតិ​ដោយ​ទម្លាក់​កំហុស​ដាក់​ភូមា​ថ្ងៃ​នេះ​មិនមែន​ជា​រឿង​ថ្មី​ទេ ព្រោះ​កន្លង​មក ប្រទេស​ដែល​រងគ្រោះ​ដោយ​លំហូរ​ជនអន្តោប្រវេសន៍​រ៉ូហ៊ីងយ៉ា ដូច​ថៃ​ម៉ាឡេស៊ី ឬ​ឥណ្ឌូណេស៊ី​ក៏​ធ្លាប់​បាន​បញ្ជាក់​រួម​គ្នា​ថា គេ​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​ជនអន្តោប្រវេសន៍​ខុសច្បាប់​នេះ​នៅ​ឯ​ប្រភពដើម​របស់​វា។

តែ​ភូមា​ក៏​ធ្លាប់​បញ្ជាក់​ច្រើន​ដង​ថា រឿង​អន្តោប្រវេសន៍​ខុសច្បាប់​ជា​បញ្ហា​នៅ​ក្នុង​តំបន់​ទំាង​មូល និង​ដែល​គេ​ត្រូវ​ដោះស្រាយ​ជា​លក្ខណៈ​សមូហភាព ដោយ​មិន​ត្រូវ​ចង្អុល​ចំ​មុខ​ប្រទេស​ណា​មួយ​ទេ។ អ្វី​ដែល​ភូមា​រឹតតែ​មិន​ចង់​ឮ និង​ថែម​ទំាង​មិន​ចង់​ឲ្យ​គ្រប់​គ្នា​ប្រើ​ទៀត​នោះ គឺ​ពាក្យ « រ៉ូហ៊ីងយ៉ា »។

អាស៊ាន​បន្ត​អសមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ក្នុង​តំបន់ !

ក្តីសង្ឃឹម​មាន​តិចតួច​ចំពោះ​ជំនួបកំពូល​ក្នុង​ប្រទេស​ថៃ​ថ្ងៃ​នេះ ព្រោះ​ថា នេះ​មិន​មែន​ជា​លើកទី១ ទេ​ដែល​តំបន់​អាស៊ីអាគ្នេយ៍​បាន​ជួប​ប្រទះ​នឹង​វិបត្តិ​អន្តោប្រវេសន៍ និង​ដែល​មិន​អាច​ដោះស្រាយ​បាន។ គេ​ពិត​ជា​នៅ​ចំា​បាន​មិន​ភ្លេច​ពី​វិបត្តិ​ដូច​គ្នា​នេះ​កាល​ពី​ខែ​ធ្នូ ឆ្នំា ២០០៨ និង​ខែ​មករា ឆ្នំា ២០០៩ ដែល​កងឆ្មំាសមុទ្រ​ថៃ​បាន​បាញ់​រុញ​បញ្ជូន​ទូក​ដឹក​ជនអន្តោប្រវេសន៍​រាប់សិបពាន់​នាក់​ឲ្យ​រសាត់អណ្តែត​តាម​វាសនា​នៅ​កណ្តាល​សមុទ្រ។ កាល​ណោះ អាស៊ាន​បាន​ត្រឹមតែ​សម្តែង​ការ​តក់ស្លុត តែ​គ្មាន​សម្រេច​វិធានការ​អ្វី​ទំាង​អស់។

នៅ​ក្នុង​កិច្ចប្រជុំ​ថ្ងៃ​នេះ​ទៀត ក្រៅ​ពី​ប្រទេស​អាស៊ាន​ទំាង ១០ ក៏​គេ​ឃើញ​មាន​វត្តមាន​ប្រទេស​ផ្សេង​ដូច​យ៉ាង​អូស្រ្តាលី ឬ​អាមេរិក​ជា​ដើម។ តែ​ការ​ដែល​ប្រទេស​អាស៊ាន​បាន​បញ្ជូន​ត្រឹមតែ​អ្នក​តំណាង​របស់​ខ្លួន​ឲ្យ​ចូល​រួម គឺ​ជា​សក្ខីកម្ម​មួយ​ដែល​បញ្ជាក់​រួច​ជា​ស្រេច​ពី​កង្វះ​ឆន្ទៈ​ពិតប្រាកដ​របស់​អាស៊ាន​ក្នុង​ការ​ដោះស្រាយ​បញ្ហា។ នេះ​ក៏​មិនមែន​ជា​រឿង​ថ្មី​ដែរ ព្រោះ​អាស៊ាន​បាន​ប្រកាន់​យក​នូវ​គោលការណ៍​មិន​​លូកដៃ​ចូល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​សមាជិក​ផ្សេង។ មាន​ប្រទេស​អាស៊ាន​ខ្លះ​មិន​ទំាង​ហ៊ាន​ប្រើ​សម្តី​ថ្លោស​ដាក់​ភូមា​ទៀត​ផង នោះ​បើ​ទោះ​បី​ជា​ដឹង​ថា ប្រភព​បញ្ហា​កើត​ចេញ​ពី​ភូមា​ក៏​ដោយ។

ដូច្នេះ​បើ​តាម​មើល​ទៅ វិធានការ​រួម​ប្រហែល​ជា​គ្មាន​ទេ គឺ​មាន​តែ​វិធានការ​ឯកតោ​ភាគី​របស់​ប្រទេស​ពាក់ព័ន្ធ​នីមួយៗ។ ថៃ ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​លែង​យក​ជីវិត​ជនអន្តោប្រវេសន៍​ធ្វើ​ជា​បាល់ពីងប៉ុង​បោះ​ឲ្យ​គ្នា​ទៅ​វិញ ទៅ​មក​ទៀត​ឡើយ។ បាងកក និង​គូឡាឡំាពួ​យល់​ព្រម​ជួយ​ស្រង់​ជីវិត​ជនអន្តោប្រវេសន៍​តាម​សមុទ្រ និង​ឥណ្ឌូណេស៊ី​បាន​សុខចិត្ត​ឲ្យ​ជនភៀសខ្លួន​ស្នាក់​នៅ​បណ្តោះអាសន្ន​ក្នុង​ទឹកដី​ខ្លួន។ នៅ​ថ្ងៃទី២៨ ឧសភា ប្រទេស​កាតា​ទើប​បាន​ឲ្យ​លុយ​ឥណ្ឌូណេស៊ី​ចំនួន ៥០លានដុល្លារ​ដើម្បី​យក​ទៅ​ចិញ្ចឹម​ជនភៀសខ្លួន​ទំាង​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ