អានតួអត្ថបទ
ថៃ-ភូមា

ពុទ្ធសាសនិក​ថៃ​ជួយគាំទ្រ​ព្រះសង្ឃ​ជាតិ​និយមជ្រុល​​​ភូមា

សមាគម​ពុទ្ធសាសនា​មួយ ក្នុង​ប្រទេស​ថៃ​ប្រកាស ផ្តល់​ជំនួយ ​គាំទ្រ បណ្តាញ​ព្រះសង្ឃ​នៅ​ភូមា ដើម្បី​ការពារ​ព្រះពុទ្ធ​សាសនា។ សមាគមជាតិ​ថៃ ដែល​មាន​ឈ្មោះ ថា ពុទ្ធសាសនា​ថៃ និង​ប្រព័ន្ធផ្សព្វផ្សាយ​វប្បធម៌ បាន​និយាយ ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP កាលពីថ្ងៃ​ពុធ ទី ២៤​មិថុនា ថា សមាគម​នឹង​ជួយ​ដំឡើង ស្ថានីយ៍​វិទ្យុ​មួយ ឲ្យ​ចលនា​ម៉ា បា ថា ដែល​ជា​ចលនា​ព្រះសង្ឃ​ជាតិ​និយមជ្រុល ប្រឆាំង​ជនជាតិ​អ៊ីស្លាម ក្នុង​ទឹកដី​ភូមា។ 

ក្បួន​បាតុកម្ម​របស់​ព្រះសង្ឃ​ភូមា ប្រឆាំង​នឹង​ជនភាគតិច​រ៉ូហ៊ីងយ៉ា​ដែល​កាន់សាសនា​អ៊ីស្លាម
ក្បួន​បាតុកម្ម​របស់​ព្រះសង្ឃ​ភូមា ប្រឆាំង​នឹង​ជនភាគតិច​រ៉ូហ៊ីងយ៉ា​ដែល​កាន់សាសនា​អ៊ីស្លាម ©REUTERS/Aubrey Belford
ផ្សាយពាណិជ្ជកម្ម

សមាគម​ពុទ្ធសាសនា​ជាតិ​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​វប្បធម៌​ថៃ ដែល​មាន​ជំនាញ​ខាង​ផលិត​កម្មវិធី​ពុទ្ធសាសនា តាម វិទ្យុ និង​ទូរទស្សន៍ ថៃ បាន​ប្រកាស​ថា ខ្លួន​នឹង​ផ្តល់​ឧបករណ៍ ដែល​មាន​តម្លៃ ៤៤ ០០០​ដុល្លារ សម្រាប់​ដំឡើង​ស្ថានីយ៍​វិទ្យុ មួយ ឲ្យ​ក្រុម​ព្រះសង្ឃ​ភូមា។ សម្រាប់ លោក វុទ្ធីសាន ប៉ាណារ៉េ អនុប្រធាន​សមាគម​ដែល​បាន​ធ្វើដំណើរ​ទៅ​ចូលរួម នៅក្នុង​សន្និសីទ ដែល​រៀបចំ​ដោយ​ចលនា​ព្រះសង្ឃ ជាតិនិយម​ជ្រុល​ភូមា កាលពី​ចុង​សប្តាហ៍​មុន ក្នុង​ទីក្រុង​រ៉ង់ហ្គូន វិទ្យុ​ដើរ​តួនាទី​សំខាន់ ក្នុង​ការជួយ​ផ្សព្វផ្សាយ​ពុទ្ធសាសនា​ក្នុង​ប្រទេស​ថៃ។ ដូច្នេះ វិទ្យុ​នឹង​អាច​ជួយ​ព្រះសង្ឃ​ភូមា ឲ្យ​ផ្សព្វផ្សាយបាន​យ៉ាងប្រសិទ្ធិភាព​សារ​របស់ខ្លួន ទៅកាន់​អ្នកកាន់​ពុទ្ធសាសនានៅក្នុង​ប្រទេស​ភូមា។

 
ចលនា​ម៉ា បា ថា ដែល​សមាគម​ថៃ​សន្យា ជួយ​ដំឡើង​វិទ្យុ គឺ​ជា​ក្រុម​ពុទ្ធសាសនិក​ជាតិ​និយម​ជ្រុល ដែល​បាន​ផ្តើម​ចលនា​ប្រឆាំង​នឹង​អ្នកកាន់​សាសនា​អ៊ីស្លាម ជាពិសេស​ប្រជាជន​ភាគតិច​រ៉ូហ៊ីងយ៉ា នៅ​រដ្ឋរ៉ាគីន។ ក្រុមព្រះសង្ឃ​ភូមា ធ្លាប់​បាន​ស្រែក​អំពាវនាវ​ឲ្យ​ប្រជាជន​ភូមា​ធ្វើ​ពហិកា លែង​ទិញ​គ្រឿង​ទំនិញ នៅ​ហាង​របស់​ប្រជាជន​អ៊ីស្លាម នៅ ភូមា។ ថ្មីៗនេះ​ទៀត ក្រុមនេះ ធ្លាប់​បាន​ដើរ​ក្បួន​ធ្វើ​បាតុកម្ម ប្រឆាំង​មិន​ឲ្យ​រដ្ឋាភិបាល​ជួយ​សង្រ្គោះ ក្រុមរ៉ូហ៊ីងយ៉ា ដែល​ត្រូវបាន​រត់តាមទូក ដើម្បី​គេចចេញ​ពីការធ្វើទុក្ខ​បុកម្នេញ​របស់​អាជ្ញាធរ និង​ក្រុមពុទ្ធសាសនិក​ភូមា។

សម្រាប់​ប្រធាន​សមាគម​យុវពុទ្ធសាសនិក​ពិភពលោក ប្រចាំ​ក្រុង​បាងកក លោក​ផនឆៃ ពិនយ៉ាពុង ដែល​បាន​ទៅ​ចូលរួម​នៅក្នុង​សន្និសីទ ក្នុង​ក្រុង​រ៉ង់ហ្គូន ចលនា​ម៉ា បា ថា មិនមែន​ជា​ក្រុមព្រះសង្ឃ​ស្អប់​អ្នកកាន់​សាសនា​អ៊ីស្លាមទេ។ បើតាម​លោក ព្រះសង្ឃ​ភូមា នឹង​មិន​ប្រើ​វិទ្យុ​ដើម្បី​ផ្សព្វផ្សាយ លើកទឹកចិត្ត​ឲ្យគេ​ទៅ​ដុត ឬ​សម្លាប់​ជនជាតិ​អ៊ីស្លាមទេ។ ព្រះសង្ឃ​ភូមា​មាន​បំណង​ចង់​ការពារ​ពុទ្ធសាសនា​ដើម្បី​មនុស្ស​ជំនាន់​ក្រោយ​តែប៉ុណ្ណោះ។

ប្រទេស​ថៃ មាន​អ្នកកាន់​ពុទ្ធសាសនា​ច្រើន មិន​ចាញ់​ភូមា ដែល​មាន​ប្រជាជន​ជឿ គោរព​ពុទ្ធសាសនា ៩០ភាគរយ ក្នុងពេល​ដែល ៤ភាគរយ​នៃ​ប្រជាជន​កាន់សាសនា​អ៊ីស្លាម។ ខុសពី​ពុទ្ធសាសនិក ភូមា ដែល​ដើរ​តួនាទី​សំខាន់​ក្នុង​នយោបាយ និង​ចេញមុខ​បង្កជម្លោះ​ហិង្សា សម្លាប់​មនុស្ស ជាមួយ​ជនជាតិ​រ៉ូហ៊ីងយ៉ា កាលពី​ឆ្នាំ ២០១២ ពុទ្ធសាសនិក​ថៃ មិន​សូវមាន​ជំហរ​តឹងរ៉ឹង​ខ្លាំង​ជាមួយ​អ្នកកាន់​សាសនា​អ៊ីស្លាម។ ព្រះសង្ឃ ត្រូវ​ជួយ​ព្រះសង្ឃ​គ្នាឯង ដើម្បី​ការពារ​ពុទ្ធសាសនា។ សម្រាប់​អ្នកតំណាង​ពុទ្ធសាសនា​ថៃ ស្ថានភាព​របស់​ពុទ្ធសាសនិក​នៅ​រដ្ឋរ៉ាគីន មិន​ខុស​ពី​ស្ថានភាព​របស់​ក្រុមពុទ្ធសាសនិក​ថៃ នៅ​ភាគខាងត្បូង​ប្រទេស​នោះទេ។ ប៉ុន្តែ អ្នកតំណាង​ពុទ្ធសាសនា​ថៃ ភ្លេចគិតថា នៅ​ភាគខាងត្បូង គឺ​ក្រុមអ៊ីស្លាម​ជ្រុលនិយម ដែល​បង្ក​ហិង្សា គំរាមកំហែង ទៅលើ​អ្នកកាន់​ពុទ្ធសាសនា ចំណែក​នៅ​ភូមា គឺ​ក្រុមពុទ្ធសាសនិក​ដែល​ធ្វើបាប​ក្រុមអ៊ីស្លាម រ៉ូហ៊ីងយ៉ា រហូត​ត្រូវ​រត់ខ្ចាត់ខ្ចាយ ទៅ​នៅ​ជំរំ​ជនភៀសខ្លួន ក៏​រខេករខាក ក្នុង​ប្រទេស​ភូមា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ