អានតួអត្ថបទ
ថៃ

កងទ័ព​ចាប់បោសសម្អាត​ក្រុមអ្នកគាំទ្រ​លោក​ថាក់ស៊ីន ក្នុង​ជួរប៉ូលិស

ប្រធាន​ប៉ូលិស​ថ្មី​របស់​ថៃ លោក​សមយុទ្ធ ប៉ុនប៉ាន់មួង បាន​សន្យា​​កសាង​កេរ្តិ៍ឈ្មោះ​របស់​ប៉ូលិសជាតិ​ឡើងវិញ ​ដែល​ធ្លាប់​ជាប់​ប្រលាក់ប្រឡូស​ក្នុង​រឿង​ពុករលួយ ប៉ុន្តែ អ្នកជំនាញ​ជាច្រើន​មើលឃើញថា មេប៉ូលិស​ថ្មី​របស់​ថៃ កំពុង​ផ្តើម​នយោបាយ​បោសសម្អាត​ក្រុម​ប៉ូលិស ដែល​ជា​បក្សពួក​របស់​ថាក់ស៊ីន ស៊ីណាវ៉ាត។ 

ប៉ូលិស​ជាតិ​ថៃ
ប៉ូលិស​ជាតិ​ថៃ ©REUTERS/Sukree Sukplang
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​ទី ១៧​មេសា លោក​ប្រាយុទ្ធ ចាន់អូចា មេដឹកនាំ​របបសឹក​ថៃ បាន​ប្រារព្ធ​ខួប​៦​ខែ នៃ​ការចូល​កាន់​អំណាចជា​នាយករដ្ឋមន្រ្តី​ថៃ នៅក្រោយ​ រដ្ឋប្រហារ​ផ្តួលរំលំ​រដ្ឋាភិបាលរបស់​ ​លោកស្រី យីងឡាក់ ប្អូនស្រី​របស់​លោក​ថាក់ស៊ីន។ នៅឱកាស​នេះ លោក​បាន​ប្រកាស​ផ្តល់​សិទ្ធិ និង​ជំនឿ​ទុកចិត្តដោយ​គ្មាន​ការសង្ស័យ​​ ទៅលើ​មេប៉ូលិស​ជាតិ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​​អំពើពុករលួយ​ក្នុង​ជួរ​ប៉ូលិស​​ថៃ។ លោក​ប្រាយុទ្ធ ចាន់អូចា​ត្រូវ​បញ្ជាក់​ជំហរ​របស់​លោក នៅក្នុង​ពេល​ដែល​មាន​ពាក្យ​ចចាមអារ៉ាម​ដែល​ថា ទាហាន​កំពុង​បោសសម្អាត​ក្នុង​ជួរប៉ូលិសថៃ។

 
លោក​សមយុទ្ធ ប៉ុនប៉ាន់មួង ដែល​ត្រូវ​បាន​លោក​ប្រាយុទ្ធ​ចាន់ អូចា​តែងតាំង​កាលពី​ខែ​សីហា​ឆ្នាំ២០១៤ បាន​សន្យា​បោសសម្អាត​ពុករលួយ ក្នុង​ជួរប៉ូលិស​ ដើម្បី​កសាង​កេរ្តិ៍​ឈ្មោះ​ល្អឡើងវិញ ​របស់​ប៉ូលិស នៅក្នុងក្រសែភ្នែក​របស់​ប្រជាជន​ថៃ។​ តាម​លោក​សមយុទ្ធ ​មន្រ្តី​ប៉ូលិស​ថៃ​មួយចំនួន​ធ្វើការ​ឲ្យ​អ្នកនយោបាយ ដើម្បី​បាន​ទទួល​លាភសក្តារៈ និង​បុណ្យ​សក្តិ។ ដូច្នេះ ជាមួយ​នឹង​វិធានការ​ថ្មី លោក​ចង់​រំដោះ​ប៉ូលិស​ឲ្យ​ចេញ​ផុត​ពី​អន្ទាក់​តណ្ហា​ទំាងនោះ។

សម្រាប់​អ្នកតាមដាន​នយោបាយ​ថៃ នៅ​សំបកក្រៅ មេប៉ូលិស​ជាតិ ​អះអាង ពីវិធានការ​បោសសម្អាត​អំពើពុករលួយ​ក្នុង​ជួរប៉ូលិស ប៉ុន្តែ តាមពិត​នេះ​ជា​គោលដៅ​មួយ​​របស់​យោធា ដែលចង់​កាត់បន្ថយ​ឥទ្ធិពល​របស់​លោក​ថាក់ស៊ីន មិនថា នៅក្នុងឆាក​នយោបាយ និង​ជួរប៉ូលិស ព្រោះថា​​ ប៉ូលិស ថៃ​ជាច្រើន​​នៅ​តែ​គាំទ្រ​ ស្មោះស័្មគ្រ​នឹង​លោក​ថាក់ស៊ីន​នៅ​ឡើយ។ តាម​ប្រធាន​វិទ្យាស្ថាន កិច្ចការ​អាស៊ី អាគ្នេយ៍ ដែល​មាន​ទីតាំង​នៅ​ឈៀងម៉ៃ បេសកកម្ម​របស់​មេប៉ូលិស​ថៃ ថ្មី គឺ​ធ្វើយ៉ាងណា​ឲ្យ​ស្ថាប័ន​ប៉ូលិសបន្តិចម្តងៗ ​ស្ថិតនៅក្រោម​ការកាន់កាប់​ទាំងស្រុង​​របស់​កងទ័ព។

សូមបញ្ជាក់ថា នៅ​ប្រទេស​ថៃ ទាំង​ប៉ូលិស និង​កងទ័ព​មានទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នយោបាយ និង​ព្រះរាជវាំង។ រហូតមក​ កងទ័ព​មាន​ប្រភព​ចេញមកពីក្រុម​ដែល​ស្និទ្ធ​នឹង​ព្រះមហាក្សត្រ ក្នុង​ពេល​ដែល​ប៉ូលិស​ជាតិ​ថៃ ប្រែប្រួល ពណ៌សំបុរ ទៅតាម​ការផ្លាស់ប្តូរ​របស់​ថ្នាក់​ដឹកនាំ​​រដ្ឋាភិបាល។ ក្នុង​រយៈពេល​២​ទសវត្សរ៍ ចុងក្រោយនេះ ប៉ូលិសថៃ​​បាន​បង្កើន​ ​អំណាច ​កើប​ប្រមូលទ្រព្យសម្បត្តិ​ និង​កេរ្តិ៍ឈ្មោះ ចាប់តាំង​ពី​​លោក​ថាក់ស៊ីន អតីតមេប៉ូលិស​ថៃ បាន​ជាប់ឆ្នោត ក្លាយ​ជា​នាយក​រដ្ឋមន្រ្តីថៃ នៅ​ឆ្នាំ ២០០១។ គេ​ជឿថា នៅក្នុង​អំណាច​របស់ខ្លួន លោក​ថាក់ស៊ីន បាន​លើក​បន្តុប​ក្រុមអ្នកគាំទ្រ ក្នុង​ជួរដឹកនាំ​របស់​ប៉ូលិស។ ប៉ូលិស​ថៃ ភាគច្រើន​បាន​រងការចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​អំពើពុករលួយ ដើម្បី​កសាង​ភាពមាន​បាន​ និង​បាន​ប្រើលុយ​អូសទាញ​ម្ចាស់​សំឡេង​ឆ្នោត ដូចជា​នៅ​តំបន់​ភាគខាងជើង​ជាដើម ដែល​ជាសំបុក​អ្នកគាំទ្រ​របស់​លោក​ថាក់ស៊ីន៕​

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ