អានតួអត្ថបទ

វៀតណាម​បញ្ចុះថ្លៃ​លុយដុង​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច

ធនាគារ​កណ្តាល​វៀតណាម​បាន​ប្រកាស​ឲ្យដឹង នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ខ្លួន​នឹង​បញ្ចុះ​តម្លៃ​លុយដុង​បន្ថែម​ទៀត ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច។ ចាប់តាំង​ពី​ដើម​ឆ្នាំ​២០១៥​នេះ​មក នេះ​គឺ​ជា​លើកទី២​ហើយ ដែល​ធនាគារ​កណ្តាល​វៀតណាម​សម្រេច​បញ្ចុះ​តម្លៃ​រូបិយប័ណ្ណ​របស់​ខ្លួន។

អគារ​ធនាគារ​កណ្តាល​វៀតណាម នៅ​ទីក្រុង​ហាណូយ
អគារ​ធនាគារ​កណ្តាល​វៀតណាម នៅ​ទីក្រុង​ហាណូយ REUTERS/Kham
ផ្សាយពាណិជ្ជកម្ម

តាមរយៈ​សេចក្តីថ្លែងការណ៍​ចេញផ្សាយ នៅថ្ងៃ​ព្រហស្បតិ៍​នេះ ធនាគារ​កណ្តាល​វៀតណាម​បាន​ឲ្យដឹង​ថា លុយដុង​នឹង​ត្រូវ​បញ្ចុះ​តម្លៃ​ ១% ​ធៀប​នឹងដុល្លារ​អាមេរិក គឺ​បញ្ចុះ​​អត្រា​ប្តូរប្រាក់គោល​ឲ្យ​មក​នៅ​ត្រឹម ២១ ៦៧៣ដុង ក្នុងមួយ​ដុល្លារ។ ធនាគារ​កណ្តាល​វៀតណាម​ក៏​បាន​បញ្ជាក់​ឲ្យដឹង​ផងដែរ​ថា ការ​បញ្ចុះ​តម្លៃ​លុយដុង​នេះ គឺ “ដើម្បី​សម្របខ្លួន​ទៅតាម​ការ​វិវឌ្ឍ​នៃ​ទីផ្សារ​អន្តរជាតិ”។

គួររំឭកឡើងវិញ​ថា វៀតណាម​បាន​បញ្ចុះ​តម្លៃ​លុយដុង​ម្តងរួចមកហើយ កាល​ពី​ខែ​មករា​កន្លងទៅ​ថ្មីៗ​នេះ ហើយ​ការ​បញ្ចុះ​តម្លៃ​លុយដុង​ពីរ​លើក​ជាប់ៗ​គ្នា​នេះ គឺ​ធ្វើឡើង​ក្នុងគោលដៅ​ជំរុញ​វិស័យ​នាំចេញ​របស់​វៀតណាម ពីព្រោះ​ថា នៅ​ពេល​ដែល​លុយដុង​មាន​តម្លៃ​ថោក​ ថ្លៃ​ផលិត​ក្នុងស្រុក​ក៏​មាន​កម្រិត​ទាប ដែល​ធ្វើ​ឲ្យ​ទំនិញ​ដែល​ផលិត​នៅវៀតណាម​ ជាពិសេស ផលិតផល​ក្នុង​វិស័យ​កាត់ដេរ និង​គ្រឿង​អេឡិចត្រូនិច ងាយស្រួល​ក្នុងការ​ប្រកួតប្រជែង​​នៅលើ​ទីផ្សារ​អន្តរជាតិ។

គេនៅចាំបាន​ថា កាល​ពី​ឆ្នាំ​២០១៤​កន្លងទៅនេះ គឺ​ការ​កើនឡើង​នៃ​វិស័យ​នាំចេញ​នេះ​ហើយ ដែល​បាន​ជួយ​ឲ្យ​សេដ្ឋកិច្ច​វៀតណាម​មាន​អត្រា​កំណើន​រហូតដល់​ទៅ ៥,៩៨% ដែល​ជា​អត្រា​មួយ​ខ្ពស់​ធៀប​នឹង​រយៈពេល​៣ឆ្នាំ​មុន។ នៅ​ឆ្នាំ​២០១៥​នេះ រដ្ឋាភិបាល​ក្រុង​ហាណូយ​បាន​កំណត់គោលដៅ ចង់​ឲ្យ​សេដ្ឋកិច្ច​មាន​កំណើន​រហូត​ដល់ ៦,២% ក៏ប៉ុន្តែ នៅ​ក្នុងរយៈពេល៤ខែ ដើមឆ្នាំ​២០១៥​នេះ ជញ្ជីងពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​វៀតណាម​មាន​ឧនភាព (ការ​នាំចេញ​តិច​ជាងការ​​នាំចូល) ​រហូតដល់​ទៅ ៣ពាន់លាន​ដុល្លារ​អាមេរិក បើប្រៀបធៀប​នឹង​រយៈពេល៤ខែ កាល​ពីឆ្នាំ​២០១៤​កន្លងទៅ វៀតណាម​នាំ​ទំនិញ​ចេញ​ច្រើន​ជាងនាំចូល​រហូតដល់​ទៅ ២ពាន់​លាន​ដុល្លារ។

អ្នក​ជំនាញ​ខាង​សេដ្ឋកិច្ច​ជាច្រើន​មើលឃើញ​ថា នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ សេដ្ឋកិច្ច​វៀតណាម​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ធំៗ​ពីរ គឺភាពកម្សោយ​នៃ​វិស័យ​ធនាគារ និង​ចំនួន​ច្រើន​លើសលុប​នៃ​សហគ្រាស​រដ្ឋ ដែល​ភាគច្រើនគ្រប់គ្រង​មិនបានល្អ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ