អានតួអត្ថបទ
ប៉ាគីស្ថាន-អាមេរិក

ប្រមុខក្រសួង​ស៊ើបការណ៍សម្ងាត់​ប៉ាគីស្ថាន​ទៅ​ទស្សនកិច្ច​នៅ​អាមេរិក

ប្រមុខ​ក្រសួង​ស៊ើបការណ៍សម្ងាត់​នៅ​ប្រទេស​ប៉ាគីស្ថាន​ឧត្តមសេនីយ Rizwan Akhtar កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សហរដ្ឋអាមេរិក។ ទស្សនកិច្ច​របស់​ប្រមុខ​ក្រសួង​ស៊ើបការណ៍សម្ងាត់​ប៉ាគីស្ថាន​នៅ​អាមេរិក​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​មាន​ពាក្យ​ចចាមអារ៉ាម​ស្តីពី​ជំនួប​ជា​យថាហេតុ​រវាង​ពួក​ឧទ្ទាម​តាលីបង់​នៅ​អាហ្វហ្កានីស្ថាន និង​មន្រ្តី​រដ្ឋបាលអាមេរិក។ គួរ​ជម្រាប​ជូន​ថា ប្រមុខ​ក្រសួង​ស៊ើបការណ៍សម្ងាត់​ប៉ាគីស្ថាន​ត្រូវ​បាន​គេ​ចាត់​ទុកស្គាល់​ថា ជា​តួអង្គ​ម្នាក់​យ៉ាង​សំខាន់​មិន​អាច​ខ្វះ​បាន​សម្រាប់​ស្ថិរភាព​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​ក្បែរខាង។

ប្រមុខ​ក្រសួង​ស៊ើបការណ៍សម្ងាត់​នៅ​ប្រទេស​ប៉ាគីស្ថាន​ឧត្តមសេនីយ Rizwan Akhtar
ប្រមុខ​ក្រសួង​ស៊ើបការណ៍សម្ងាត់​នៅ​ប្រទេស​ប៉ាគីស្ថាន​ឧត្តមសេនីយ Rizwan Akhtar
ផ្សាយពាណិជ្ជកម្ម

តំាង​ពី​បាន​ឡើង​កាន់​តំណែង​ជា​ប្រមុខ​ក្រសួង​ស៊ើបការណ៍សម្ងាត់​ប៉ាគីស្ថាន​ក្នុង​ខែ​វិច្ឆិកា ឆ្នំា ២០១៤ មក នេះ​ជា​លើកទី១ ដែល​រូប​ឧត្តមសេនីយ Rizwan Akhtar បាន​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សហរដ្ឋអាមេរិក។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ លោក Akhtar ជួប​ជាមួយ​សមភាគី​អាមេរិក និង​ជជែក​ពី​ព័ត៌មានសម្ងាត់​ផ្សេងៗ។ ទស្សនកិច្ច​របស់​ឧត្តមសេនីយ Rizwan Akhtar នៅ​អាមេរិក​ពេល​នេះ​បាន​ធ្វើ​ឡើង ប៉ុន្មាន​ថ្ងៃ ក្រោយ​ពី​ទស្សនកិច្ច​របស់​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​ថ្មី​លោក Ashton Cater នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។ នា​ឱកាស​ទស្សនកិច្ច​ក្នុង​ទីក្រុង​កាប៊ូល លោក Carter បាន​លើក​ឡើង​ពី​លទ្ធភាព​នៃ​ការ​ប្តូរ​កាលបរិច្ឆេទ​នៃ​ការ​ដក​ទ័ពអាមេរិកំាង​ចេញ​ពី​ទឹកដី​អាហ្វហ្កានីស្ថាន។

តាម​គម្រោង ទ័ពអាមេរិកំាង​ទំាង ១០ ០០០នាក់​ដែល​កំពុង​មាន​វត្តមាន​នៅ​អាហ្វហ្កានីស្ថាន​សព្វថ្ងៃ​នឹង​ត្រូវ​កាត់​បន្ថយ​មក​នៅ​ត្រឹម ៥ ០០០នាក់​ចាប់​ពី​ពេល​នេះ​ដល់​ចុង​ឆ្នំា ២០១៥ និង​ត្រូវ​ដក​ចេញ​ឲ្យ​អស់​នៅ​មុន​ឆ្នំា ២០១៦ ពោល​ឆ្នំា​ដែល​លោក​អូបាម៉ា​បញ្ចប់​អាណត្តិ​ប្រធានាធិបតី​អាមេរិក។ តែ​ទីក្រុង​វ៉ាស៊ីនតោន​ធ្លាប់​បាន​បង្ហើប​ឲ្យ​ដឹង​ពី​ការ​ពន្យារពេល និង​ការ​រក្សា​ទុក​ទ័ពអាមេរិកំាង​បន្ថែម​ចំនួន ១ ០០០នាក់​នៅ​មុន​ដំណាច់​​ឆ្នំា ២០១៥ នេះ។ ការ​ដកទ័ព​អាមេរិកំាង​ចេញ​ពី​ទឹកដី​អាហ្វហ្កានីស្ថាន និង​សន្តិសុខ​ទូទៅ​នៅ​ក្នុង​តំបន់​ក៏​អាច​ជា​ប្រធានបទ​ចម្បង​នៃ​ទស្សនកិច្ច​របស់​ប្រមុខ​ក្រសួង​ស៊ើបការណ៍សម្ងាត់​ប៉ាគីស្ថាន​ឧត្តមសេនីយ Rizwan Akhtar នៅ​អាមេរិក​ពេល​នេះ​ដែរ។

ទន្ទឹម​គ្នា​នេះ ព័ត៌មាន​ស្តីពី​ជំនួប​ជា​យថាហេតុ​រវាង​ពួកតាលីបង់​ជាមួយ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន និង​អាមេរិក ដោយ​មាន​ជំនួយ​ពី​ប៉ាគីស្ថាន​ក៏​អាច​ជា​ប្រធានបទ​សំខាន់​មួយ​ដែរ។ កាល​ពី​សប្តាហ៍​កន្លង​ទៅ មន្រ្តី​តាលីបង់​បាន​លើកឡើង​ពី​ជំនួប​ជាមួយ​អាមេរិក​នៅ​ថ្ងៃ​ខាងមុខ​ក្នុង​ប្រទេស​កាតារ​ដើម្បី​និយាយ​ពី​សន្តិភាព​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន និង​ដែល​ប្រមុខ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​ក៏​មាន​ចំណាប់អារម្មណ៍​ដូច​គ្នា​ដែរ។ គួរ​ជម្រាប​ជូន​ថា ប៉ាគីស្ថាន​ដែល​ធ្លាប់​មាន​ទំនាក់ទំនង​ជា​ប្រវត្តិសាស្រ្ត​ជាមួយ​ពួកតាលីបង់​អាច​នឹង​ដើរ​តួនាទី​សម្របសម្រួល​នៅ​ក្នុង​ដំណើរ​ស្វែង​រក​សន្តិភាព​ឲ្យ​ប្រទេស​អាហ្វហ្កានីស្ថាន​ក្បែរខាង​ខ្លួន​ដែល​បាន​ញំាញី​ដោយ​សង្រ្គាមស៊ីវិល​ជាង ១៣ឆ្នំា​មក​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ