អានតួអត្ថបទ
អាមេរិក-ប៉ាគីស្ថាន

ប្រមុខការទូត​អាមេរិក​ទៅ​ប៉ាគីស្ថាន​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ប្រឆំាង​នឹង​ភេរវនិយម

លោក​ប្រមុខការទូត​អាមេរិក​ចន ឃែរី​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​ប៉ាគីស្ថាន​កាល​ពី​ថ្ងៃ​រសៀល​ថ្ងៃ​ចន្ទ ទី១២ មករា។ ទស្សនកិច្ច​មិន​បាន​ព្រៀង​ទុក​នេះ​មាន​គោលដៅ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ប្រឆំាង​នឹង​ភេរវនិយម​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​អ៊ីស្លាម៉ាបាត។ មួយ​វិញ​ទៀត ទស្សនកិច្ច​របស់​លោក​ចន ឃែរី​នៅ​ប៉ាគីស្ថាន​ពេល​នេះ​បាន​ធ្វើ​ឡើង ជិត ១ខែ ក្រោយ​ពី​ពួក​ឧទ្ទាម​តាលីបង់​បាន​បើក​ការ​វាយប្រហារ​លើ​សាលារៀន​មួយ​ក្នុង​ទីក្រុង​ប៉េស្ហាវ៉ា​ដោយ​បាន​ផ្តាច់​ជីវិត​មនុស្ស ១៥០នាក់ ភាគច្រើន​ជា​សិស្ស​សាលា។

លោកចន ឃែរី ប្រមុខ​ការ​ទូត​អាមេរិក​។
លោកចន ឃែរី ប្រមុខ​ការ​ទូត​អាមេរិក​។ Reuters/Brendan Smialowski/Pool
ផ្សាយពាណិជ្ជកម្ម

គឺ​ចេញ​ពី​ប្រទេស​ឥណ្ឌា​ដែល​លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃែរី​បាន​ឈាន​ចូល​ប្រទេស​ប៉ាគីស្ថាន​ដោយ​គ្មាន​ការ​គ្រោង​ទុក​ជាមុន។ មន្រ្តីជាន់ខ្ពស់​នៃ​ក្រសួង​ការបរទេស​អាមេរិក​បាន​ប្រាប់​ឲ្យ​ដឹង​ថា ប្រធានបទ​សំខាន់​ដែល​លោក​ឃែរី​លើក​យក​ទៅ​ជជែក​ជាមួយ​ថ្នាក់ដឹកនំា​ប៉ាគីស្ថាន គឺ​យុទ្ធនាការ​រួម​គ្នា​ដើម្បី​ប្រឆំាង​នឹង​ពួក​ជ្រុលនិយម ហើយ​វត្តមាន​របស់​លោក​ឃែរី​ពេល​នេះ​ក៏​ដើម្បី​ធ្វើ​ជា​អធិបតី​នៅ​ក្នុង​កិច្ចចរចា​យុទ្ធសាស្រ្ត​រវាង​ប្រទេស​ទំាង​ពីរ​ដែរ។ គួរ​ជម្រាប​ជូន​ថា ទីក្រុង​វ៉ាស៊ីនតោន និង​អ៊ីស្លាម៉ាបាត​កំពុង​មាន​ទំនាក់ទំនង​មិន​សូវ​ជា​ល្អ​ប៉ុន្មាន​ទេ នេះ​ក៏​ដោយសារ​ថា អាមេរិក​តែងតែ​ចោទ​ប៉ាគីស្ថាន​ថា ជា​ប្រទេស​មុខ​ពីរ​នៅ​ក្នុង​សង្រ្គាម​ប្រយុទ្ធប្រឆំាង​នឹង​ភេរវនិយម។ នៅ​ម្ខាង រដ្ឋអំណាច​ប៉ាគីស្ថាន​បាន​គំាទ្រ​ពួក​តាលីបង់​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​ដែល​ខ្លួន​គិត​ថា ជា​ពួក​កណ្តាលនិយម រី​ឯ​នៅ​ម្ខាង​ទៀត រដ្ឋអំណាច​បាន និង​កំពុង​ប្រើ​កណ្តាប់ដៃ​ដែក​វាយប្រហារ​លើ​ពួក​តាលីបង់​ដែល​កំពុង​ប្រឆំាង​ខ្លួន។

តែ​រូប​មន្រ្តីជាន់ខ្ពស់​នៃ​ក្រសួង​ការបរទេស​អាមេរិក​ដដែល​បាន​បញ្ជាក់​ថា គេ​ត្រូវ​តែ​និយាយ​ពី​ការ​កំចាត់​ពួក​ជ្រុលនិយម​ទំាង​អស់ ដោយ​គ្មាន​ការ​បែងចែក​ឡើយ និង​បន្ថែម​ថា អាមេរិក​បាន​ជម្រុញ​ឲ្យ​ប៉ាគីស្ថាន​ប្រឹងប្រែង​បន្ថែម​ទៀត​នៅ​ក្នុង​យុទ្ធនាការ​ប្រឆំាង​នឹង​ភេរវនិយម។ យ៉ាង​ណា​ក៏​ដោយ មន្រ្តីការទូត​អាមេរិកំាង​បាន​យល់​ឃើញ​ថា ក្រោយ​ពី​មាន​មហាភេរវកម្ម​នៅ​ក្នុង​ទីក្រុង​ប៉េស្ហាវ៉ា​កាល​ពី​ពាក់​កណ្តាល​ខែ​ធ្នូ ឆ្នំា ២០១៤ មក រដ្ឋាភិបាល​ប៉ាគីស្ថាន​បាន​ដឹង​ខ្លួន​ឯង​ថា តើ​ត្រូវ​បញ្ចេញ​ប្រតិកម្ម​តប​វិញ​យ៉ាង​ម៉េច​ហើយ។

គួរ​ជម្រាប​ជូន​ថា គឺ​ដោយសារ​តែ​មាន​ការ​ដាក់​គំនាប​ខ្លំាង​ពី​អាមេរិក​អស់​ជា​ច្រើន​ឆ្នំា​មក​ទេ​ដែល​កងទ័ព​ប៉ាគីស្ថាន​បាន​វាយប្រហារ​បំបែក​សំបុក​ពួក​ឧទ្ទាម​តាលីបង់​នៅ​វ៉ាហ្ស៊ីរីស្ថាន​ខាងជើង​ដែល​ជា​តំបន់​កុលសម្ព័ន្ធ​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​អាហ្វហ្កានីស្ថាន។ តែ​ពួក​ឧទ្ទាម​បាន​សងសឹក​វិញ​ដោយ​បាញ់​ប្រហារ​លើ​សាលារៀន​មួយ​ក្នុង​ទីក្រុង​ប៉េស្ហាវ៉ា​កាល​ពី​ថ្ងៃទី១៦ ធ្នូ ២០១៤ ដោយ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ១៥០នាក់ ភាគច្រើន​ជា​សិស្ស​សាលា។ សាលារៀន​សម្រាប់​កូនៗ​របស់​ទាហាន​មួយ​នេះ​បាន​បើក​ទ្វារ​ជា​ថ្មី​នៅ​ថ្ងៃទី១២ មករា ចំ​ថ្ងៃ​ទស្សនកិច្ច​របស់​លោក​ប្រមុខ​ការទូត​អាមេរិក​ចន ឃែរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ