អានតួអត្ថបទ
ស្វ៊ីស

មនុស្ស​ស្រី​ដែល​មាន​ប្រាក់​រាប់ពាន់​លាន​ដុល្លារ មាន​ចំនួន​កើនឡើង​លឿន​ជាង​មនុស្ស​ប្រុស

សេដ្ឋីនី​មាន​ចំនួន​តិច នៅ​ក្នុង​ពិភពលោក ប៉ុន្តែ ចំនួន​នេះ​កំពុង​កើន​ឡើង លឿន​ជាង​ចំនួន​មនុស្ស​ប្រុស ដែល​មាន​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ។ យោងតាម ការសិក្សា ស្រាវជ្រាវ​របស់​ធនាគារ​ស្វ៊ីស UBS និង PWC ចេញផ្សាយ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ នៅ​អាស៊ី តំណែង​ជា​ប្រធាន​ក្រុមហ៊ុន និង​ស្ថាប័ន​ជំនួញ​ធំៗ​បាន​រុញ​មនុស្ស​ស្រី​ឲ្យ​ក្លាយ​ខ្លួន ជា​សេដ្ឋីនី មានទ្រព្យ​សម្បត្តិ​ច្រើនជាង ១ពាន់​លាន​ដុល្លារ។ 

Wu Yajun​បាន​ប្តូរ​អាជីព ពី​អ្នកកាសែត​មក​ធ្វើ​ជំនួញ​អចលនទ្រព្យ នៅ​ហុងកុង និង​នៅ​ចិន​ដីគោក។ គាត់​ជាប់​​ចំណាត់​ថ្នាក់​ជាប់​លេខ​៧ ក្នុង​នាម​ជា​ស្រ្តី​ដែល​មាន​ជាងគេ នៅ​អាស៊ី និង​មាន​ទ្រព្យ​សម្បត្តិ ៣ពាន់ ៤​រយ​លាន​ដុល្លារ អាមេរិក
Wu Yajun​បាន​ប្តូរ​អាជីព ពី​អ្នកកាសែត​មក​ធ្វើ​ជំនួញ​អចលនទ្រព្យ នៅ​ហុងកុង និង​នៅ​ចិន​ដីគោក។ គាត់​ជាប់​​ចំណាត់​ថ្នាក់​ជាប់​លេខ​៧ ក្នុង​នាម​ជា​ស្រ្តី​ដែល​មាន​ជាងគេ នៅ​អាស៊ី និង​មាន​ទ្រព្យ​សម្បត្តិ ៣ពាន់ ៤​រយ​លាន​ដុល្លារ អាមេរិក ©
ផ្សាយពាណិជ្ជកម្ម

មនុស្ស​ប្រុស​នៅ​តែ​នាំមុខ ក្នុង​នាម​ជា​មហាសេដ្ឋី ដែល​មាន​ប្រាក់​ច្រើន​ជាង​១ពាន់​លាន​ដុល្លារ។ បច្ចុប្បន្ន​នេះ មនុស្ស​ប្រុស​ដែល​មាន​លុយ​ច្រើនជាង​១ពាន់​លាន​ដុល្លារ មាន​ចំនួន ១២០២​នាក់ ក្នុង​ពេល​ដែល​មនុស្ស​ស្រី​វិញ មាន​ចំនួន​តែ ១៤៥​នាក់​តែប៉ុណ្ណោះ។ ចំនួន​សេដ្ឋីនី​តិចមែន ប៉ុន្តែ ចំនួន​វិញ គឺ​កើនឡើង​លឿន គឺ​ប្រមាណ​៦,៦ ក្នុង​រយៈពេល ២០​ឆ្នាំ​ចុងក្រោយនេះ ចំណែក​ចំនួន​មនុស្ស​ប្រុស​វិញ នៅ​គឺ​ថេរ​ប្រមាណ ៥,២​តែប៉ុណ្ណោះ។ ជាក់ស្តែង ចំនួន​សេដ្ឋីនី ដែល​មាន​ប្រាក់​ច្រើន​ជាង​១ពាន់​លាន​ដុល្លារ បាន​កើនឡើង​ពី​២២​នាក់ នៅ​ឆ្នាំ ១៩៩៥ មក​ដល់​ ១៤៥​នាក់ នៅ​ឆ្នាំ ២០១៤។

 
ការឡើង​ឋានៈ និង​អំណាច​របស់​មនុស្ស​ស្រី នៅ​ក្នុង​ក្លឹប​កំពូល​អ្នកមាន​ក្នុង​លោក គឺ​បាន​មកពី​ការកើនឡើង ចំនួន មហាសេដ្ឋីនី នៅ​តំបន់​អាស៊ី។ តាម​ការរកឃើញ​របស់​ធនាគារ UBS ដែលមាន​ទីតាំង​ក្នុង​ប្រទេស​ស៊្វ៊ីស និង​ដែល​ជំនាញ​ខាង​គ្រប់គ្រង​ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​ក្នុង​ពិភពលោក ចំនួន​សេដ្ឋីនី​មាន​ប្រាក់​រាប់ពាន់​លាន​ដុល្លារ កើនឡើង​លឿន​ខ្លាំង នៅ​តំបន់​អាស៊ី គឺ​ពី ៣​នាក់ ទៅ ២៥​នៅក្នុង​រយៈពេល ២០​ឆ្នាំ​ចុងក្រោយ​នេះ។

អ្វី​ដែល​គួរ​ឲ្យ​កត់សំគាល់​គឺ​ជាង ៥២​ភាគរយ ស្រ្តី​ជនជាតិ អាស៊ី ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាង ១ពាន់​លាន​ដុល្លារ គឺ​ជា​ប្រធាន​ក្រុមហ៊ុន​ក្នុង​ជំនាន់​ទី១។ មានន័យថា ពួកគេ​ទាំងនោះ បាន​ទៅសិក្សា​រៀនសូត្រ​នៅ​អឺរ៉ុប និង​អាមេរិក មុន​នឹង​ត្រលប់​ទៅ​ធ្វើ​ជំនួញ នៅ​ប្រទេស​ចិន​វិញ។ ជាមួយ​នឹង​អំណោយផល​បាន​មក​ពីការវិវឌ្ឍ​ផ្នែក​វប្បធម៌ មហាសេដ្ឋីនី​នៅ​អាស៊ី មិនខ្លាច​នឹង​ចូល​អង្គុយ​កៅអី ដឹកនាំ​ក្រុមហ៊ុន ដែល​ធ្លាប់​តែ​រក្សា​ទុក​សម្រាប់​មនុស្ស​ប្រុស​នោះទេ។ តាម​អ្នកសិក្សា​ស្រាវជ្រាវ មហាសេដ្ឋីនី​អាស៊ី ភាគច្រើន ដើរ​តួនាទី​ជា​អ្នកគ្រប់គ្រង​ជំនួញ និង​សកម្ម​ខ្លាំង ដើម្បី ជំរុញ កំណើន​មុខជំនួញ​របស់ខ្លួន។ ផ្ទុយទៅវិញ ​នៅ​អឺរ៉ុប និង​នៅ​អាមេរិក ជាង​៨០​ភាគរយ នៃ​មហាសេដ្ឋីនី មាន​ប្រាក់​រាប់ពាន់​លាន​ដុល្លារ ក៏ដោយសារ​បាន​ទទួល​កេរមរតក​ពី​គ្រួសារ​តែប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ