អានតួអត្ថបទ
អាស៊ាន

មេដឹកនាំ​អាស៊ាន​ចង់​​ផ្សះផ្សា​គ្នា​ពី​ការ​មិន​ចុះ​សម្រុង​ស្តីពី​បញ្ហា​សមុទ្រ​ចិន

បន្ទាប់​ពី​ការមិនចុះសម្រុង​គ្នារវាង​បណ្តា​ប្រទេស​អាស៊ាន​មួយ​ចំនួន​​ក្នុង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​កាល​ពី​ឆ្នាំ​ទៅ ប្រមុខដឹកនាំ​អាស៊ាន​ទាំង​ដប់​ នឹង​ជួប​ជុំ​គ្នា​ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​២២​របស់​ខ្លួន ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​ប្រទេស​ព្រុយណេ​ (Brunei) នា​ថ្ងៃ​ពុធ​សប្តាហ៍​នេះ។ កិច្ចប្រជុំ​ នឹង​ត្រូវ​ធ្វើឡើង​ដើម្បី​កសាង​នូវ​ ឯកភាព​គ្នា​ជា​ធ្លុង​មួយ​ ប្រឈម​ទៅ​នឹង​ជម្លោះ​ដែន​សមុទ្រ​​ចិន​ខាង​ត្បូង​ ដែន​សមុទ្រ ​ដែល​ល្បី​ថា​សម្បូរ​ទៅ​ដោយ​ធនធាន​ប្រេង​និង​ឧស្ម័ន​ ព្រម​ទាំង​ជា​ផ្លូវ​នាវាចរណ៍​ដ៏​មមាញឹក​បំផុត​មួយ​ក្នុង​ពិភពលោក។

អាស៊ាន​​នឹង​បើក​​កិច្ច​ប្រជុំ​កំពូល​លើក​ទី​២២​ពី​ថ្ងៃទី២៤ដល់២៦​មេសាឆ្នាំ​២០១៣
អាស៊ាន​​នឹង​បើក​​កិច្ច​ប្រជុំ​កំពូល​លើក​ទី​២២​ពី​ថ្ងៃទី២៤ដល់២៦​មេសាឆ្នាំ​២០១៣
ផ្សាយពាណិជ្ជកម្ម

មាន​ប្រសាសន៍​ពីរ​ថ្ងៃ​មុន​កិច្ចប្រជុំ​កំពូល​អាស៊ាន រដ្ឋមន្រ្តី​ការបរទេស​ឥណ្ឌូនេស៊ី គឺ​លោក ​ម៉ាទី ណាតាឡេហ្គាវ៉ា​ (Marty Natalegawa) ​បាន​សង្កត់​ធ្ងន់​ថា “អាស៊ាន​ត្រូវ​តែ​រួបរួម​គ្នា​ទាក់ទិន​ទៅ​នឹង​ជម្លោះ​ចិន​ខាង​ត្បូង”។ ​លោក​ប្រមុខការទូត​រូប​នេះ​បាន​បន្ត​ទៀត​ថា​ ”អាស៊ាន​មាន​ឥទ្ធិពល​ក្នុង​ការ​អភិវឌ្ឍន៍​នានា​ប្រសិន​អាស៊ាន​ខ្លាំង​...[ដូច្នេះ]​យើង​ត្រូវ​រួបរួម​គ្នា

ជា​មួយ​គ្នា​នេះ​ដែរ ​ប្រទេស​ព្រុយណេ​ ដែល​ជា​ប្រធាន​ផ្លាស់​វេន​អាស៊ាន និង ជា​ប្រទេស​​កំពុង​មាន​ជម្លោះ​ជា​មួយ​ចិន​មួយ​ដែរ​នោះ ​បាន​ថ្លែង​ថា ​ខ្លួន​រំពឹង​ថា​នឹង​មាន​ការចងក្រង​ ក្រម​ប្រតិបត្តិ​ស្តីពី​សមុទ្រ រវាង​បណ្តា​ប្រទេស​អាស៊ាន ​និង ​ចិន ​ដែល​ជា​អាទិភាព​មួយ​ក្នុង​ចំណោម​អាទិភាព​សំខាន់ៗ​ទាំង​ឡាយ​របស់ខ្លួន។

ក៏ប៉ុន្តែ ​អ្នក​វិភាគ​យល់​ឃើញ​ថា​ កិច្ចព្រមព្រៀង​នេះ​ទំនង​ជា​មិន​អាច​ប្រព្រឹត្ត​ទៅ​រួច​នោះ​ទេ​ ដោយ​សារ​តែ​ការ​ជំទាស់​របស់​ចិន​ ដែល​ចង់​ធ្វើ​ការ​ចរចា​ជា​លក្ខណៈ​ទ្វេ​ភាគី​ជា​មួយ​បណ្តា​ប្រទេស​ជាប់​ជម្លោះ​នីមួយៗ​ ជា​ជាង​ការ​ប្រជុំ​ជាមួយ​ក្រុម​បណ្តា​ប្រទេស​អាស៊ាន​ទាំង​មូល។​

អ្នក​វិភាគ​ក្នុង​វិទ្យាស្ថាន​នៃ​ការ​សិក្សា​អំពី​អាស៊ី​អាគ្នេយ៍​ក្នុង​ប្រទេស​សិង្ហបូរី​ម្នាក់​ បាន​មាន​ប្រសាសន៍​ថា​”ប្រទេស​ចិន​មិន​ទាន់​ប្រុងប្រៀប​ដើម្បី​ចរចា​ជាមួយ​អាស៊ាន​នៅ​ឡើយ​ទេ។​ ហើយ​ប្រសិន​បើ​ ចិន ​មិន​ចង់​ធ្វើ​ការ​ចរចា ​នោះ​​ បញ្ហា​ក្រម​ប្រតិបត្តិ​នេះនឹង​មិន​អាច​ទៅ​រួច​ឡើយ”។​

យោង​តាម​គេហទំព័រ​ផ្លូវការ​របស់​អាស៊ាន​ របៀបវារៈ​ក្នុង​កិច្ច​ប្រជុំ​កំពូល​​អាស៊ាន​នៅ​ប្រទេស​ព្រុយណេ​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​រយៈ​​ពេល​ពីរ​ថ្ងៃ ​ចាប់​ពី​ថ្ងៃ​ទី ២៤-២៥ ខែ​ មេសា ក្នុង​ពេល​ឆាប់ៗ​នេះ​ នឹង​ផ្តោត​សំខាន់​ទៅ​លើ​បញ្ហា​សន្តិសុខ​និង​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។​

ជម្លោះ​ដែន​សមុទ្រ​នេះ ​កាន់​តែ​រីក​រាល​ដាល​ខ្លាំង​ឡើង​ៗ នៅ​ពេល​ដែល​ប្រទេស​ចិន​កំពុង​បន្ត​ទាមទារ​កាន់កាប់​លើ​ដែន​ទឹក​មួយ​នេះ ខណៈ​ដែល​ប្រទេស​ហ្វីលីពីន​ ព្រុយណេ ម៉ាឡេស៊ី វៀតណាម និង តៃវ៉ាន់ អះអាង​អំពី​កម្មសិទ្ធិ​របស់​ខ្លួន​ក្នុង​ការកាន់កាប់​ដែន​សមុទ្រ​នេះ​ដែរ។

គួរ​បញ្ជាក់​ថា​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ បាន​ធ្វើ​ឲ្យ​មាន​ភាព​តាន​តឹង​ខ្លាំង​កាល​ពី​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការ​បរទេស​ ដែល​ប្រព្រឹត្ត​​ឡើង​កាល​ពី​ខែ ​កក្កដា​ ក្នុង​រាជធានី​ភ្នំ​ពេញ​ ដែល​បណ្តាល​ឲ្យ​កិច្ចប្រជុំ​ទាំង​មូល​បញ្ចប់​ទៅ​ដោយ​គ្មាន​សេចក្តីថ្លែងការណ៍​រួម។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ