អានតួអត្ថបទ
កម្ពុជា-អាស៊ាន

ជំនួបកំពូល​អាស៊ាន៖ តានតឹង​យ៉ាង​ណា ក៏​នៅ​តែ​មាន​ការ​ឯកភាព​គ្នា​លើ​បញ្ហា​សេដ្ឋកិច្ច

នៅ​ស្ទើរតែ​ពេញ​អំឡុង​ពេល​​ជំនួបកំពូល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ យើងសង្កេតឃើញ​ថា បញ្ហា​សិទ្ធិមនុស្ស នយោបាយ និង​ ជាពិសេស ជម្លោះ​ដែនដី តែងតែ​បង្ក​ឲ្យ​មាន​ភាពតានតឹង​ជាញឹកញាប់ រវាង​បណ្តា​ប្រទេស​ក្នុង​តំបន់​​អាស៊ាន​ និង​អាស៊ីបូព៌ា។ ​បញ្ហា​​​​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ គឺ​​​ជា​សំណុំរឿងដ៏កម្រ ដែល​​​អាច​​ឲ្យ​ប្រទេស​ទាំងនេះ​រក​ជំហរ​រួមគ្នា​មួយបាន។

ជំនួបកំពូល​អាស៊ាន៖ តានតឹង​យ៉ាង​ណា ក៏​នៅ​តែ​មាន​ការ​ឯកភាព​គ្នា​លើ​បញ្ហា​សេដ្ឋកិច្ច
ជំនួបកំពូល​អាស៊ាន៖ តានតឹង​យ៉ាង​ណា ក៏​នៅ​តែ​មាន​ការ​ឯកភាព​គ្នា​លើ​បញ្ហា​សេដ្ឋកិច្ច
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ជំនួបកំពូល​​នៅ​ភ្នំពេញ រយៈពេល ៣ថ្ងៃ​កន្លងទៅនេះ យើងសង្កេតឃើញ​ថា បញ្ហា​សិទ្ធិមនុស្ស​បាន​ចោទ​ជា​បញ្ហា​ធំ នៅ​ក្នុង​ជំនួប​ទ្វេភាគី រវាង​ប្រធានាធិបតី​អាមេរិក និង​នាយករដ្ឋមន្រ្តី​កម្ពុជា។ ជំនួប ដែល​មន្រ្តី​អាមេរិក​បាន​ចាត់ទុក​ថា​ជា “​​ជំនួប​ដ៏​តានតឹង” មួយ។ បញ្ហា​ជម្លោះសមុទ្រ​ចិន​ខាង​ត្បូង​បាន​បង្ក​ឲ្យ​មាន​ភាពតានតឹង​ស្ទើរតែ​ជាប់រហូត រវាង​​ប្រទេស​អាស៊ាន​ និង​ចិន​ផង និង​រវាង​សមាជិក​អាស៊ាន​ខ្លួនឯង​ផង ជាពិសេស រវាង​ហ្វ៊ីលីពីន ដែល​ជា​ប្រទេស​ជាប់ជម្លោះ និង​កម្ពុជា ដែល​ជា​ប្រធាន​អាស៊ាន។ ចំណែក​ជម្លោះ​ដណ្តើម​កោះ​រវាង​ជប៉ុន និង​ប្រទេស​ជិតខាង​វិញ ក៏​បាន​ធ្វើ​ឲ្យ​មាន​ការ​មើលមុខគ្នា​មិនចំ​ដែរ រវាង​ប្រមុខដឹកនាំ​ជប៉ុន ជាមួយប្រមុខដឹកនាំ​ចិន និង​កូរ៉េ​ខាងត្បូង។ ជំនួប​ត្រីភាគី ដែល​ប្រមុខដឹកនាំ​​ប្រទេស​ទាំងបី​ធ្លាប់​តែធ្វើ​​ជារៀងរាល់​ឆ្នាំ​នោះ ក៏​មិនមាន​ដែរ នៅ​ឆ្នាំ​នេះ។

 
ក៏ប៉ុន្តែ បើទោះជា​មាន​ភាពតានតឹង​បែបនេះ​ក៏ដោយ ក៏​បណ្តា​ប្រទេស​អាស៊ាន​ និង​ប្រទេស​ជាដៃគូ នៅតែ​បាន​ឯកភាព​សហការ​​គ្នា​ច្រើន ទាក់ទង​នឹង​វិស័យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម។

រវាង​ចិន ជប៉ុន និង​កូរ៉េ​ខាង​ត្បូង ប្រមុខរដ្ឋាភិបាល​មិនបាន​ជួបគ្នា​ក៏ពិតមែន ប៉ុន្តែ នៅថ្ងៃ​អង្គារ​​នេះ នៅ​ក្រៅ​ជំនួបកំពូល​អាស៊ីបូព៌ា ​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​​ទាំងបី​ប្រទេស​​បាន​ជួបគ្នា ដើម្បី​​ចាប់ផ្តើម​បើក​ជាផ្លូវការ នូវ​ការចរចា​​​បង្កើត​តំបន់​សេដ្ឋកិច្ច​សេរី​៣ប្រទេស ​ចិន-ជប៉ុន-កូរ៉េ​ខាង​ត្បូង។

រវាង​អាស៊ាន​ និង​ចិនវិញ ជម្លោះសមុទ្រ​ចិន​ខាង​ត្បូង​ក៏​មិនបាន​រារាំង​​ភាគី​ទាំងពីរ​​មិនឲ្យ​រឹតបន្តឹង​ទំនាក់ទំនង​​ពាណិជ្ជកម្ម​នោះដែរ។ កាល​ពីថ្ងៃ​ចន្ទ ម្សិលមិញ អាស៊ាន និង​ចិន បាន​ចុះ​ហត្ថលេខា​​ពិធីសារ​​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ និង​ភាព​ប្រកួតប្រជែង​នៃ​ក្រុមហ៊ុន​តូច និង​មធ្យម​អាស៊ាន-ចិន។ គួរបញ្ជាក់ឡើងវិញ​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន-ចិនបាន​ចូល​ជាធរមាន​ កាល​ពី​ខែមករា ឆ្នាំ​២០១០ សម្រាប់​ប្រទេស​សមាជិកស្ថាបនិក​ទាំង៦​របស់​អាស៊ាន។ សម្រាប់​ប្រទេស ៤ផ្សេង​ទៀត គឺ​កម្ពុជា ឡាវ ភូមា និង​វៀតណាម កិច្ចព្រមព្រៀង​នេះ​នឹង​ត្រូវ​ចូល​ជាធរមាន នៅ​ឆ្នាំ​២០១៥។ អាស៊ាន និង​ចិន គ្រោង​ថា នៅ​ក្នុង​ឆ្នាំ​នោះ ការដោះដូរ​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំងពីរ​នឹង​កើនឡើង​រហូតដល់ ៥០០ពាន់លាន​ដុល្លារ។ គិតមកទល់ពេល​បច្ចុប្បន្ន​នេះ ចិន គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំបំផុត​របស់​អាស៊ាន។ ចំណែក​អាស៊ានវិញ គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​លំដាប់ទី៣​របស់​ចិន។

ទាក់ទង​នឹង​វិស័យ​ពាណិជ្ជកម្ម​នេះ​ដែរ អាស៊ាន រួម​ជាមួយ​នឹង​ប្រទេស​ ៦​ផ្សេងទៀត គឺ​ ចិន ជប៉ុន កូរ៉េ​ខាង​ត្បូង ឥណ្ឌា អូស្រ្តាលី និង​នូវែលសេឡង់​ បាន​សម្រេច​បើក​ជាផ្លូវការ​នូវ​ការ​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែល​មាន​ឈ្មោះ​ថា “ដៃគូពាណិជ្ជកម្ម​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់”​ (Regional Comprehensive Economic Partnership)​។ កិច្ចចរចា​លើ​តំបន់​ពាណិជ្ជកម្ម​សេរី ទាំង ១៦​ប្រទេស​នេះត្រូវ​បាន​បើក​សម្ពោធ នៅ​រសៀល​ថ្ងៃ​អង្គារ​​នេះ នៅ​ក្រៅ​ជំនួបកំពូល​អាស៊ីបូព៌ា ក៏ប៉ុន្តែ ការចរចា​ពិតប្រាកដ​អាច​នឹង​ចាប់ផ្តើម​ធ្វើ​នៅ​ឆ្នាំក្រោយ ហើយ​គ្រោង​សម្រេច​ឲ្យ​បាន​ជា​កិច្ចព្រមព្រៀង​ នៅ​ឆ្នាំ​២០១៥។ ប្រសិនបើ​​ការ​ចរចា​នេះ​​ពិត​ជា​ទទួលបាន​ជោគជ័យ​មែន​ វា​នឹង​ក្លាយ​ទៅជា​តំបន់ពាណិជ្ជកម្ម​សេរី​ដ៏ធំបំផុត​នៅលើ​ពិភពលោក។​

ដើម្បី​ប្រជែង​នឹង​ដំណើរការ​ចរចា​ពាណិជ្ជកម្ម​សេរី​ដ៏​ធំមួយ​នេះ សហរដ្ឋ​អាមេរិក​ក៏​បាន​ព្យាយាម​​ស្វះស្វែងរក​ផលប្រយោជន៍​សេដ្ឋកិច្ច​ពី​ជំនួបកំពូល​អាស៊ាន​នេះ​ដែរ។ នៅ​ក្នុង​ជំនួបកំពូល​រវាង​លោក​អូបាម៉ា និង​ប្រមុខដឹកនាំ​អាស៊ាន កាលពីថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ អាស៊ាន និង​អាមេរិក​បាន​ព្រមព្រៀង​គ្នា​បង្កើន​ទំនាក់ទំនង​ទៅដល់​កម្រិត​ជាដៃគូ​យុទ្ធសាស្រ្ត ព្រមទាំង​បាន​ឯកភាពគ្នា​ថា​នឹង​រៀបចំ​ធ្វើ​យ៉ាងណា​បង្កើន​ទំនាក់ទំនង​ខាង​សេដ្ឋកិច្ច​ និង​វិនិយោគ​ រវាង​អាមេរិក និង​ប្រទេស​ទាំង ១០ នៅ​អាស៊ាន។

និយាយ​ជារួមមកវិញ មានរឿងជាច្រើន​ ដែល​ប្រទេស​ក្នុ​ង​តំបន់​អាស៊ាន និង​អាស៊ី​បូព៌ា​ពិបាក​នឹង​ចុះសម្រុង​នឹង​គ្នា។ ក៏ប៉ុន្តែ មាន​ចំណុច​រួមមួយ គឺ​ផលប្រយោជន៍​ខាង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ ដែល​​​ទាញ​​ឲ្យ​​ប្រទេស​ទាំងនេះអាច​សហការ​គ្នា​បាន៕


លោក​នាយក​រដ្ឋមន្រ្តី​កម្ពុជា ហ៊ុន សែន ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​បាន​ធ្វើ​សន្និសីទកាសែត​បិទបញ្ចប់​កិច្ចប្រជុំកំពូល​អាស៊ាន​លើកទី ២១

03:19

បទអន្តរាគមន៍​របស់​ លាង ដឺលុច ពី​ទីក្រុងភ្នំពេញ ស្តីពី​លទ្ធផល​នៃ​សន្និសីទ​កាសែត​របស់​លោក ហ៊ុន សែន

 
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ