អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាស៊ី​កំពុង​ក្លាយ​ជា​ចំណុច​យុទ្ធសាស្ត្រ​របស់​ពិភពលោក​កាន់​តែ​ខ្លាំង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

មិន​​ថា​ស​​ហរ​ដ្ឋា​អាមេរិក សហភាព​អឺរ៉ុប ឬ​អូស្ត្រាលី​ទេ ពួក​មហាអំណាច​ដែល​ធ្លាប់​ស្គាល់​ភាព​រុងរឿង​ខាង​សេដ្ឋកិច្ច ពេលនេះ កំពុងតែ​ដាក់ខ្លួន​អោនលំទោន​មករក​ទ្វីបអាស៊ី​ដើម្បី​សុំ​ឲ្យ​ជួយ​អូសទាញ​សេដ្ឋកិច្ច​របស់ខ្លួន​ឲ្យ​ងើបឡើង​វិញ។ ខណៈដែល​អឺរ៉ុប​ដង្ហោយហៅ​អាស៊ី​ឲ្យ​ជួយ​ស្រោចស្រង់​សេដ្ឋកិច្ច រីឯ​អូស្ត្រាលី​ចង់យក​អាស៊ី​ដើម្បី​រុញ​សន្ទុះ​សេដ្ឋកិច្ច​ឲ្យ​លឿន​ទៅមុខ​នោះ សហរដ្ឋអាមេរិក​ឯណោះ សម្លឹងមើល​អាស៊ី​ជាទី​តាំង​យុទ្ធសាស្ត្រ​នយោបាយ​ជាធំ។ យ៉ាងណាក៏ដោយ ជម្លោះ​ដែន​កោះ​ក្នុង​សមុទ្រ​ចិន និង​វិបត្តិ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ គឺជា​ចំណុច​ប្រឈម​ដ៏​ធំ​របស់​អាស៊ី។

លោក បារ៉ាក់ អូបាម៉ា ថ្លែង​សុន្ទរកថា ក្នុង​វេទិកា​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក នៅ​ប្រទេស​ជប៉ុន
លោក បារ៉ាក់ អូបាម៉ា ថ្លែង​សុន្ទរកថា ក្នុង​វេទិកា​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក នៅ​ប្រទេស​ជប៉ុន © Reuters
ផ្សាយពាណិជ្ជកម្ម

ភ្លាមៗក្រោយ​ការជាប់ឆ្នោត​ប្រធានាធិបតី​អាមេរិក​ជា​លើក​ទី២ លោក​បា​រ៉ា​ក់​អូ​បា​ម៉ា​ក៏​ប្រញាប់ ប្រញាល់​រៀបចំ​ដំណើរ​ទស្សនកិច្ច​មកកាន់​តំបន់​អាស៊ី​ភ្លាម​ដែរ។ ក្នុង​ខែវិច្ឆិកា​នេះ លោក​អូ​បា​ម៉ា​នឹង​ផ្តើម​ទស្សនកិច្ច​ក្នុងប្រទេស​ចំនួន៣នៅ​អាស៊ី​ប៉ែក​អាគ្នេយ៍ គឺ​កម្ពុជា ថៃ និង​ ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​ដែល​គេ​ស្គាល់​ថា​ភូមា។

តាមពិត សហរដ្ឋអាមេរិក បានបង្ហាញ​មហិច្ឆតា​ដោយ​ឥត​លាក់លៀម​ក្នុង​រយៈពេល​ចុង​ក្រោយ នេះ​ក្នុងការ​បោះដៃ​មកកាន់​ទ្វីបអាស៊ី ជាពិសេស​គឺ​អាស៊ី​ប៉ាស៊ីហ្វិក​តែម្តង។ សហរដ្ឋអាមេរិក​បាន​បង្ហាញ​វត្តមាន​នៅក្នុង​ជំនួប​កំពូល​អាស៊ាន និង​អាស៊ី​បូព៌ា​តាំងពី​ឆ្នាំ ១៩៩៩ មកម្ល៉េះ​ក្នុង​រដ្ឋការ​របស់លោក​អូ​បា​ម៉ា។ សម្រាប់​មហាអំណាច​ពិភពលោក​មួយ​នេះ​អាស៊ី​ប៉ាស៊ីហ្វិក គឺជា​ចំណុច​យុទ្ធសាស្ត្រ​ដ៏​សំខាន់​ដើម្បី​ពង្រឹង​ឥទ្ធិពល​សេដ្ឋកិច្ច និង​ជាពិសេស​ឥទ្ធិពល​នយោបាយ ទល់នឹង​មហា​យក្ស​អាស៊ី នោះ​គឺ​ចិន។

ក្រៅពី​អាមេរិក អឺរ៉ុប​ក៏​មិនបាន​មើលរំលង​ទ្វីបអាស៊ី​ដែរ។ នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប (ASEM ) លើក​ទី៩ ដែល​ទើបតែ​បិទ​បញ្ចប់​កាលពី​ថ្ងៃទី៦ ខែវិច្ឆិកា នៅ​ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ ថ្នាក់ដឹកនាំ​មកពី​អឺរ៉ុប ដែល​កំពុង​រួបរឹត​ដោយ​បញ្ហា​វិបត្តិ​ប្រាក់​បំណុល​សុទ្ធតែ​សម្តែង​កា​រ​ទាក់ទាញ​ប្រទេស​អាស៊ី​ឲ្យ​ជួយ​អឺរ៉ុប​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច​ឡើង​វិញ។

ជាក់ស្តែង ប្រធានាធិបតី​បារាំង លោក ហ្វ្រ​ង់​ស័​រ ហូ​ឡង់ បាន​និយាយ​ដោយ​ឥត​លាក់លៀម​ថា វត្តមាន​របស់លោក​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី អឺរ៉ុប​លើក​នេះ គឺ​ដើម្បី​ធានា​ប្រទេស​អាស៊ី​ឲ្យ​មាន​ទំនុកចិត្ត​លើ​អឺរ៉ុប​ឡើងវិញ។ លោក​អះអាងថា វិបត្តិ​ប្រាក់​បំណុល​អឺរ៉ុប​ជិត​ដោះស្រាយ​រួចហើយ បន្ទាប់ពី​ថ្នាក់ដឹកនាំ​អឺរ៉ុប​អនុវត្ត​នយោបាយ​រក្សា​ស្ថិរភាព​កំណើនសេដ្ឋកិច្ច​របស់ខ្លួន។
ប៉ុន្តែ ប្រមុខរដ្ឋ​បារាំង​បាន​ព្រមាន​ថា ពិភពលោក​ទាំងមូល រួមទាំង​អាស៊ី​ផង​អាច​ត្រូវ​រងគ្រោះ​ដោយ​វិបត្តិ​សេដ្ឋកិច្ច​សកល​ម្តងទៀត ប្រសិនបើ​អាស៊ី​មិន​ចូលរួម​ជួយ​ធ្វើ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​​អឺរ៉ុប​ទេនោះ។

ម្យ៉ាងទៀត បើតាម​ប្រធានាធិបតី​បារាំង ទ្វីបអាស៊ី​ធ្លាប់​បានទទួល​ប្រយោជន៍​ច្រើនណាស់​មក​ហើយ​​ពី​អឺរ៉ុប ដូច្នេះ ក្នុង​កាលៈទេសៈ​នេះ អាស៊ី​ត្រូវ​ជួយ​អឺរ៉ុប​វិញ​ម្តងគឺ​ជួយ​លើកទឹកចិត្ត​ផែនការ​​​សេដ្ឋកិច្ច​អឺរ៉ុប តាមរយៈ​ការបោះ​ទុនវិនិយោគ និង​ការទិញ​ផលិត​ផល​​អឺរ៉ុប។

សូម​បញ្ជាក់ថា កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប (ASEM ) ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ១៩៩៦ ដែល​កាលណោះ​មាន​សមាជិក​តែ ២៦ ប្រទេស​ប៉ុណ្ណោះ។ ប៉ុន្តែ មកដល់ពេលនេះ កិច្ចប្រជុំ​កំពូល​អាស៊ី អឺរ៉ុប មាន​សមាជិក​ដល់​ទៅ ៤៨ ប្រទេស រួមទាំង​ដៃគូ២ផង។ នេះ​បញ្ជាក់ថា កិច្ចសហ​ប្រតិបត្តិការ​រវាង ទ្វីបអាស៊ី និង​ទ្វីបអឺរ៉ុប កាន់តែ​ស៊ី​ជំរៅ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។
នៅ​ពេលដែល​មហាអំណាច​នៅ​អឺរ៉ុប និង​សហរដ្ឋអាមេរិក​កំពុងតែ​ប្រជែង​គ្នា​ដាក់ខ្លួន​លំអោន​កាយ​​មកកាន់​អាស៊ី អូស្ត្រាលី​ដែល​ស្ថិតនៅ​ជ្រុង​ម្ខាង​ទៀត​នៃ​ពិភពលោក ក៏​មិនអាច​នៅ​ស្ងៀម​បាន​ដែរ។ រដ្ឋាភិបាល​អូស្ត្រាលី​បាន​ប្រញាប់ប្រញាល់​ចេញផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃ​អាទិត្យ​​កន្លងទៅ នូវ​ផែនការ​យុទ្ធសាស្ត្រ​របស់ខ្លួន​ដែលមាន​ឈ្មោះថា“អូស្ត្រាលី​ក្នុង​សតវត្សរ៍​អាស៊ី” ។ យុទ្ធសាស្ត្រ​នេះ​មាន​គោលដៅ​ទាញយក​ផលចំណេញ​ពី​ការលូតលាស់​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​ដូចគ្នា​ដែរ។

ខុសគ្នា​បន្តិច​ពី​អឺរ៉ុប​ដែល​ចង់​ឲ្យ​អាស៊ី​ស្រោចស្រង់​សេដ្ឋកិច្ច​របស់ខ្លួន​ឲ្យ​រួច​ផុតពី​លារ​លិចលង់ មហិច្ឆតា​របស់​អូស្ត្រាលី គឺ​ចង់​ប្រើប្រាស់​សក្តានុពល​អាស៊ី​ដើម្បី​បង្កើន​សន្ទុះ​សេដ្ឋកិច្ច​របស់ខ្លួន​ឲ្យ​លឿន​ទៅមុខ​ដើម្បី​ជាប់​ឈ្មោះ​ក្នុងចំណោម​ប្រទេស​ទាំង​​១០ដែល​ប្រជាជនមាន​ប្រាក់​ចំណូល​​​ខ្ពស់បំផុត​នៅលើ​ពិភពលោក​ត្រឹម​ឆ្នាំ២០២៥ ។

សូមបញ្ជាក់ថា ប្រទេស​ដែល​ប្រជាជនមាន​ចំណូល​ខ្ពស់​ក្នុង​ពិភពលោក​សព្វថ្ងៃ​មានដូចជា ប្រទេស​កាតា សិង្ហ​បុរី ហុងកុង ព្រុយ​ណេ អារ៉ាប់​រួម និង​សហរដ្ឋអាមេរិក​ជាដើម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ