អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប៊ុលហ្ការី​ឈប់ប្រើ​យន្តហោះ​ចម្បាំង​រុស្ស៊ី ដោយ​នឹង​ប្តូរ​វា​ទៅ​ដោយ​យន្តហោះ​អូតង់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការដែល​រដ្ឋាភិបាល​ប៊ុលហ្ការី ៣ថ្ងៃ​មុន សម្រេច​ចិត្ត​យ៉ាងនេះ គឺ​ញ៉ាំង​ម៉ូស្គូ​ឲ្យ​ប្រតិកម្ម​ថា ប៊ុលហ្ការី “ក្បត់” នឹង​រុស្ស៊ី ដែល​ជា​អតីត​សម្ព័ន្ធមិត្ត​ដ៏ជំនិត​បំផុត​របស់ខ្លួន។ ភ្លាមនោះ ក៏មាន​ចម្លើយតប​វិញថា ប៊ុលហ្ការី បច្ចុប្បន្ន ជាសមាជិក​អូតង់ផង សហភាព​អឺរ៉ុបផង ហើយ​គ្មាន កាតព្វកិច្ច ដោះសា​អំពី គោលជំហរ​អធិបតេយ្យខ្លួន នៅពី​មុខ​ភាគី​ទី​៣ឡើយ។ 

យន្តហោះ​រុស្ស៊ី​ធុន Yak-130​ នៅ​ក្នុង​ពិព័រណ័​អាកាសយាន​អន្តរជាតិ Farborough" នៅជាយក្រុង Londres
យន្តហោះ​រុស្ស៊ី​ធុន Yak-130​ នៅ​ក្នុង​ពិព័រណ័​អាកាសយាន​អន្តរជាតិ Farborough" នៅជាយក្រុង Londres REUTERS/Luke MacGregor
ផ្សាយពាណិជ្ជកម្ម

ស្រប​នឹង​សេចក្តីសម្រេច អនុម័ត​ថ្ងៃ៧តុលា ដោយ​រដ្ឋាភិបាល​ប៊ុលហ្ការី យន្តហោះ ចម្បាំង​រុស្ស៊ី​សរុប​ដល់​ទៅ ៣៥គ្រឿង ដែល​មាន​នៅក្នុង​កង​អាកាស​ប៊ុលហ្ការី ពោល​គឺ យន្តហោះ ប្រដេញ ធុន Mig-29 ចំនួន ១៥គ្រឿង , យន្តហោះ​ប្រដេញធុន Mig-21 ចំនួន ៦ គ្រឿង និង យន្តហោះ​ទម្លាក់​គ្រាប់បែក​ធុន Su-25 ចំនួន ១៤​គ្រឿង ទៅ​ទល់​ឆ្នាំ២០២០ នឹង​ស្ថិតនៅ​លើដី​ឥត​ដាក់​ឲ្យ​សកម្ម​ក្នុង​កងអាកាស​របស់​ប្រទេស​ឡើយ។

 
តាម​ការពន្យល់​បំភ្លឺ​នៃ​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​ប៊ុលហ្ការី វេលីហ្សា ស្ហាឡាម៉ាណូវ ៖ ការឈប់ប្រើ​យន្តហោះ​ចម្បាំង​រុស្ស៊ី គឺ​ក្នុង​គោលដៅ ធ្វើយ៉ាងណា​ឲ្យ​ក្រុង​សូហ្វីយ៉ា ឯករាជ្យ លែង​អាស្រ័យ​ទៀត​ឡើយ នឹង​ក្រុងម៉ូស្គូ ក្នុង​វិស័យ​យោធា។  ហើយ​ការសម្រេចចិត្ត​នេះ គឺត្រូវ​បាន​អនុម័ត ក្នុង​ក្របខ័ណ្ឌ នៃ​ផែនការ​ដែលមាន​ឈ្មោះ​ថា” ប៊ុលហ្ការី-អូតង់ ឆ្នាំ​២០២០”។

តាម​ដែលប្រព័ន្ធ​ផ្សព្វផ្សាយ នៅ​រុស្ស៊ី​កត់សម្គាល់ ដោយ​យោងទៅលើ​កាសែត” Troud “ របស់ សហជីព​ប៊ុលហ្ការី ការដែល​យន្តហោះ​ចម្បាំង​រុស្ស៊ី ស្រាប់តែ​នៅលើដី លែង​ហោះហើរ គឺ បណ្តាល​ឲ្យ ពីឡុត និង វិស្វករ ដល់ទៅជាង៣០០នាក់​ធ្លាក់​ខ្លួន​អត់កាងារ​ធ្វើ ទាល់តែ​បង្កើត ឡើង​ជា​បរិយាកាស​ទោមនស្ស​ក្រៃ ងំ​ទៅដោយ​ទឹកចិត្តបះបោរ ក្នុង​កងអាកាស​ប៊ុលហ្ការី។

ជំនួស​យន្តហោះ​យោធារុស្ស៊ី រដ្ឋាភិបាលប៊ុលហ្ការី គ្រោងទិញ​ជាបន្ទាន់​យន្តហោះ​ប្រដេញ​ថ្មីៗ របស់​បស្ចិមលោក​ចំនួន ៨គ្រឿង ដែល​តាមសម្តី​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ សម្រាប់​គោលដៅ​នេះ មាន​រំលែក​ទៅហើយ នូវ​ទឹកប្រាក់ ៣០០​លានអឺរ៉ូ។ ប៉ុន្តែ យន្តហោះ​ថ្មី​មួយ​គ្រឿងៗ ធុន Eurofighter Typhoon ដែល​ផលិត នៅអឺរ៉ុប គឺ​ថ្លៃ ដល់ ១០០​លានអឺរ៉ូ ឯណោះ ដូច្នេះ ទឹកប្រាក់​នេះ អាច​ទិញ​បាន​តែ ៣គ្រឿង ប៉ុណ្ណោះ។ ម៉្លោះ ហើយ បានជា តាម​មតិ​ពួក​អ្នកឯកទេស លុយ ៣០០ លានអឺរ៉ូនោះ សម​តែ​ចំណាយ​សម្រាប់​ទិញ​យន្តហោះ​យោធា ធុនជំនំ បែបយ៉ាង ម៉ាក F-16 ទិញ ពី ប្រទេស​ព័រទុយហ្កាល់​ជាដើម។ ម្យ៉ាងទៀត នៅពី​មុខ​ប៊ុលហ្ការី ក៏មាន​ជម្រើស​ពីរ​ផ្សេង ៖ ឬ​មួយ​ទិញ F-16 នេះ ពីស.រ.អា.ផ្ទាល់ , ឬ​មួយ​ទិញ​វា​ពី​ប្រទេសក្រិក សមាជិក​អូតង់ដែរ។

មិនមែន​ចៃដន្យ​ទេ ដែល​ឧបនាយក​រដ្ឋមន្ត្រី​រុស្ស៊ី ទទួល​បន្ទុក​ខាង​ឧស្សាហកម្ម​យោធា លោក ឌ្មីទ្រី រ៉ូហ្គោស៊ីន  ក្នុង​បទអត្ថាធិប្បាយ​ខ្លួន អំពី​ការសម្រចចិត្ត​ប៊ុលហ្ការី ជំនួស​យន្តហោះ​រុស្ស៊ី ទៅ​ដោយ​យន្តហោះ​បស្ចិមលោក ថា ជា​ទង្វើ​មានន័យ ”ក្បត់” នឹងរុស្ស៊ី- ប្រទេស​ដែលធ្លាប់ ជា​សម្ព័ន្ធមិត្ត​ដ៏​ជំនិត​បំផុត ចាក់ទឹក​មិនលិច របស់​ប៊ុលហ្ការី អស់​ជិត​៤០​ឆ្នាំ។ ពីព្រោះ ក្នុង ចំណោម ៨​ប្រទេស អតីត​សមាជិក​អង្គការ” កតិកា​សញ្ញា វ៉ារសូវី” ដែល​បាន​មាន​អត្ថិភាព ពីឆ្នាំ ១៩៥៥ ដល់ ១៩៩១ ក្នុងនោះមាន សហភាពសូវៀត ឆេកូស្លូវ៉ាគី  រូម៉ានី អាល្លឺម៉ង់ខាងកើត ប៊ុលហ្ការី ប៉ូឡូញ ហុងគ្រី អាល់បានី គឺប៊ុលហ្ការីតែម្តង ដែល​មាន​អក្ខរក្រម​ស៊ីរីលិក ដូច​រុស្ស៊ី ហើយ ភាសា​ប៊ុលហ្ការី​សោត គឺ​ស្រដៀង នឹងភាសារុស្ស៊ី លុះទាល់​តែ​សម័យនោះ នៅ​សហភាព​សូវៀត​មានសុភាសិត ដែលតំណាលថា “ មាន់​មិនមែន​ជា​បក្សី ប៊ុលហ្ការី មិនមែន ជា​បរទេស តែជា សាធារណរដ្ឋ​សូវៀត ទី១៦”។

ប៉ុន្តែ​ពាក្យ​ថា”ក្បត់”នោះ បាន​ញ៉ាំង​លោករដ្ឋមន្ត្រី​ការបរទេស​ប៊ុលហ្ការី ដាញែល មីតូវ  ឲ្យ​ចេញ សេចក្តី​ថ្លែងការណ៍ថា ៖ ប្រតិកម្មលោក រ៉ូហ្គោស៊ីន មិនសក្តិសម​ជា​អ្នកដឹកនាំ ដោយ​ខ្វះសុជីវធម៌ និង​គ្មាន អភិសមាចារ និងមិនចេះ​គោរព​ចំពោះ​ស្ថាប័ន និង​រដ្ឋប៊ុលហ្ការី រដ្ឋ​ដែល​ក្នុង ឆ្នាំ២០០៤ បាន​ក្លាយ​ជា​សមាជិក​អូតង់ និងក្នុងឆ្នាំ២០០៧ ក្លាយ​ទាំងជា​សមាជិក​សហភាព​អឺរ៉ុបផង ហើយ ដែលមាន​សិទ្ធិ​អធិបតេយ្យ​ធ្វើការ​សម្រេចចិត្ត​របស់ខ្លួន មិន​ចាំបាច់​រាយកាណ៍​ទៅភាគី ទី៣ឡើយ។

លោក​ប្រមុខការទូត​ប៊ុលហ្ការី លំអិត​ថា តាមពិត គឺតាំងពី ១៥ឆ្នាំ​មុន​ម៉្លេះ ដែលប៊ុលហ្ការី ចង់​ទិញយន្តហោះ​ទនើបៗ​សម្រាប់​កងអាកាស​ខ្លួន ប៉ុន្តែ​កាលណោះ ថវិកា​ជាតិ​មិនអនុញ្ញាត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ