អានតួអត្ថបទ
កម្ពុជា

កងទ័ព​កម្ពុជា​ ២១៨​ នាក់​ផ្សេង​ទៀត​ ចេញ​ដំណើរ​ទៅ​បំពេញ​បេសកកម្ម​ នៅ​លីបង់​

កងទ័ព​កម្ពុជា ផ្នែក​វិស្វកម្ម ចំនួន ២១៨ នាក់ បាន​ចេញដំណើរ កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី​១៩​ធ្នូ ដើម្បី​ទៅ​បំពេញ​បេសកកម្ម​រយៈពេល ១ ឆ្នាំ ជា​ទាហាន​មួក​ខៀវ ក្រោម​ឆ័ត្រ​របស់​អង្គការ​សហប្រជាជាតិ នៅក្នុង​ប្រទេស​លី​បង់។ ពិធី​ជូន​ដំណើរ​កង​វិស្វកម្ម​កម្ពុជា ឡើង​យន្តហោះ នៅ​ព្រឹកមិញ ធ្វើឡើង ក្រោម​អធិបតីភាព​លោកនាយ​ឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ និង​លោក Douglas Broderick អ្នកសម្របសម្រួល​អង្គការ​សហប្រជាជាតិ ប្រចាំ​នៅ​កម្ពុជា​។​

ទាហាន​មួកខៀ​វ​ខ្មែរ​ក្រោម​ឆ័ត្រ​របស់​អង្គការ​សហ​ប្រជាជាតិ​ ចេញ​ដំណើរ​​ទៅ​​ប្រទេស​លីបង់
ទាហាន​មួកខៀ​វ​ខ្មែរ​ក្រោម​ឆ័ត្រ​របស់​អង្គការ​សហ​ប្រជាជាតិ​ ចេញ​ដំណើរ​​ទៅ​​ប្រទេស​លីបង់ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

កងកម្លាំង​វិស្វកម្ម ចំនួន ២១៨ នាក់ នៅ​ក្នុង​ក្របខណ្ឌ​កង​យោធពល​ខេមរភូមិន្ទ បាន​ឡើង​យន្តហោះ ចេញដំណើរ​ទៅ​បំពេញ​បេសកកម្ម រយៈពេល ១ ឆ្នាំ នៅ​ប្រទេស​លី​បង់ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។ ក្រុម​ថ្មី​នេះ ត្រូវ​ជំនួស​កងវិស្វកម្ម​កម្ពុជា ចំនួន ២១៨ នាក់ ដែល​ចប់​អាណត្តិ ហើយ​ត្រូវ​វិលត្រឡប់ មកដល់​កម្ពុជា នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ស្អែក។​

 
ក្នុង​ពិធី​ជូន​ដំណើរ​កងទ័ព​កម្ពុជា ឡើង​យន្តហោះ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១២ លោក Douglas Broderick អ្នកសម្របសម្រួល​អង្គការ​សហប្រជាជាតិ ប្រចាំ​នៅ​កម្ពុជា បាន​លើក ឡើង​ថា បេសកកម្ម​របស់​កង​វិស្វកម្ម​កម្ពុជា នៅ​ពេលនេះ គឺជា​កិត្តិយស​ដ៏​ធំធេង​របស់​ប្រទេស​កម្ពុជា ដែល​ជា​ប្រទេស​មួយ ប្រកបដោយ​សន្តិភាព សន្តិសុខ និង​មិត្តភាព។

តំណាង​អង្គការ​សហប្រជាជាតិ បាន​បន្ថែមថា តាមរយៈ​ការរួមចំណែក​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ កម្ពុជា​បាន​ធ្វើ​ជា​ប្រទេស​គំរូ សម្រាប់​ពិភពលោក។ ចំណែក​លោក​នាយ​ឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ក៏​បាន​មានប្រសាសន៍​ថា កងទ័ព​កម្ពុជា ដែល​បាន​ចូលរួម​បំពេញ​បេសកកម្ម​អន្តរជាតិ ក្នុង​ការ​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ លើ​វិស័យ​មនុស្សធម៌​នេះ គឺ​កងកម្លាំង​ទាំងនោះ សុទ្ធតែ​បាន​ឆ្លងកាត់​ការ​បណ្តុះបណ្តាល​ជំនាញ​សមត្ថភាព អំពី​ជំនាញ​បច្ចេកទេស ទស្សនៈ​នយោបាយ ច្បាប់​សង្គ្រាម ភាសា​អង់គ្លេស និង​វប្បធម៌​ប្រពៃណី​របស់​ប្រទេស​លី​បង់ ជាដើម។

ការ​បណ្តុះបណ្តាល​ជំនាញ​ទាំងនោះ ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​អង្គការសហប្រជាជាតិ​។​
ចាប់តាំងពី​ខែ​មេសា ឆ្នាំ​២០០៦ រដ្ឋាភិបាល​កម្ពុជា បាន​ចូលរួម​ចំណែក​សកម្មភាព​មនុស្សធម៌ ដើម្បី​ថែរក្សា​សន្តិភាព ក្នុងនាម​កងកម្លាំង​អង្គការ​សហប្រជាជាតិ តាមរយៈ​ការ​បញ្ជូន​កងកំលាំង​វិស្វកម្ម ក្រុម​មនុស្សធម៌ និង​ពិនិត្យ​ព្យាបាល​ជម្ងឺ ជាដើម​។​

មកដល់ពេលនេះ កងកម្លាំង​កម្ពុជា បាន​ទៅ​បំពេញ​បេសកកម្ម​មនុស្ស​ធម៌ ក្រោម​ឆ័ត្រ​អង្គការ​សហប្រជាជាតិ ផ្នែក​សង្កេតការណ៍​យោធា ផ្នែក​វិស្វកម្ម​ធ្វើ​ផ្លូវ​ស្ពាន និង​ផ្នែក​ថែរក្សា​សណ្តាប់ធ្នាប់ នៅក្នុង​ប្រទេស​ស៊ូដង់ ប្រទេស​ឆាត ប្រទេស​អាហ្វ្រិច​កណ្តាល ព្រម​ទាំង​ប្រទេស​លី​បង់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ