អានតួអត្ថបទ
លីបង់

ក្រុម​គណបក្សប្រឆំាង​នៅ​លីបង់​អំពាវនាវ​ឲ្យ​មាន​មហា​បាតុកម្ម​ប្រឆំាង​ស៊ីរី​ក្នុង​ពិធីបុណ្យ​សព​លោក Wissam al-Hassan

នៅ​ថ្ងៃ​អាទិត្យ ទី២១ តុលា​នេះ សព​អតីត​ប្រធាន​ក្រសួង​ស៊ើបការណ៍​សម្ងាត់​លីបង់​លោក Wissam al-Hassan ត្រូវ​ដង្ហែ​យក​ទៅ​បញ្ចុះ​នៅ​ទីស្មសាន​ក្នុង​ទីក្រុង​បេរូត។ លោក Hassan ដែល​បាន​បាត់បង់​ជីវិត​ជាមួយ​នឹង​មនុស្ស​ចំនួន ៧នាក់​ផ្សេង​ទៀត​នៅ​ក្នុង​អំពើ​ភេរវកម្ម​បំផ្ទុះ​រថយន្ត​មួយ​កាល​ពី​ថ្ងៃ​សុក្រ ទី១៩ តុលា។ ក្រៅ​ពី​ស្លាប់​មនុស្ស ៨នាក់ អំពើភេរវកម្ម​ដែល​បាន​វាយប្រហារ​លើ​សង្កាត់​អ្នកកាន់គ្រិស្តសាសនា​ក៏​បាន​បណ្តាល​ឲ្យ​មាន​អ្នករងរបួស​ជាង ២០នាក់​ដែរ។ ខណៈ​នេះ ប្រទេស​ស៊ីរី​បាន​ជាប់​សង្ស័យ​ថា ជា​អ្នក​នៅ​ពី​ក្រោយ​អំពើ​ភេរវកម្ម​នោះ។

ក្រុម​គណបក្សប្រឆំាង​នៅ​លីបង់​អំពាវនាវ​ឲ្យ​មាន​មហា​បាតុកម្ម​ប្រឆំាង​ស៊ីរី​ក្នុង​ពិធីបុណ្យ​សព​លោក Wissam al-Hassan
ក្រុម​គណបក្សប្រឆំាង​នៅ​លីបង់​អំពាវនាវ​ឲ្យ​មាន​មហា​បាតុកម្ម​ប្រឆំាង​ស៊ីរី​ក្នុង​ពិធីបុណ្យ​សព​លោក Wissam al-Hassan REUTERS/Hasan Shaaban
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​អាទិត្យ ទី២១ តុលា​នេះ និង​ចំ​ថ្ងៃ​ពិធី​បញ្ចុះ​សព​អតីត​ប្រធាន​ក្រសួង​ស៊ើបការណ៍​សម្ងាត់​លីបង់​លោក Wissam al-Hassan ភាព​តានតឹង​បាន​ឡើង​ដល់​កំពូល​នៅ​ក្នុង​ទីក្រុង​បេរូត ក៏​ដូច​ជា​នៅ​ទូទំាង​ប្រទេស​លីបង់។ នៅ​ក្នុង​ទីក្រុង ក្រុម​យុវជន​ដែល​កំពុង​មាន​កំហឹង​បាន​នំា​គ្នា​បិទ​ផ្លូវ​សំខាន់ៗ​ចេញ ចូល​ទីក្រុង ដោយ​នំា​គ្នា​ដុត​កង់ឡាន និង​យក​ធុងសំរាម​មក​បិទបំាង។

ចំណែក​នៅ​ស្រុក​ទ្រីប៉ូលី​ដែល​ជា​ស្រុក​កំណើត​របស់​លោក​នាយករដ្ឋមន្រ្តី​លីបង់ ណាយីប មីកាទី (Najib Mikati) ឯណោះ គេ​បាន​ឮសូរ​សម្លេងបាញ់ និង​សម្លេង​ផ្ទុះគ្រាប់បែក​ពេញ​មួយ​យប់​មិញ ពិសេស​នៅ​តាម​ខ្សែ​បន្ទាត់​ដែល​ខ័ណ្ឌ​ចែក​តំបន់​រវាង​ក្រុម​អ្នកកាន់សាសនា​អ៊ីស្លាម sunnites និង​ក្រុម​អ្នកកាន់សាសនា​អ៊ីស្លាម alaouites។ នៅ​ថ្ងៃ​សៅរ៍ ទី២០ តុលា​ម្សិលមិញ មាន​អ្នកកាន់សាសនា​អ៊ីស្លាម sunnites ម្នាក់​ដែល​ស្និទ្ធ​នឹង​ក្រុម Hezbollah បាន​បាត់បង់​ជីវិត។

នៅ​ថ្ងៃ​នេះ ក្រុម​គណបក្សប្រឆំាង​បាន​អំពាវនាវ​ឲ្យ​សកម្មជន​របស់​ខ្លួន​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ​នៅ​ក្នុង​ពិធី​ក្បួន​ដង្ហែ​សព​លោក Wissam al-Hassan ទៅ​បញ្ចុះ​នៅ​ក្បែរ​ផ្នូរ​លោក​អតីត​នាយករដ្ឋមន្រ្តី​លីបង់ Rafic Hariri នៅ​ក្នុង​ទីស្មសាន​ស្ថិត​ប៉ែក​កណ្តាល​ទីក្រុង​បេរូត។ អ្វី​ជា​ការ​កត់សម្គាល់ ក្រុម​គណបក្សប្រឆំាង​បាន​ឆ្លៀត​យក​ឱកាស​នៃ​កំហឹង​របស់​ប្រជាជន​ដែល​កំពុង​ក្តៅក្រហាយ​ពី​ឃាតកម្ម​លើ​អតីត​ប្រធាន​ក្រសួង​ស៊ើបការណ៍​សម្ងាត់​លោក Wissam al-Hassan ដើម្បី​ទម្លាក់​រដ្ឋាភិបាល​របស់​លោក ណាយីប មីកាទី (Najib Mikati) បច្ចុប្បន្ន​ដែល​ក្រុមគេ​ចោទ​ថា ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​ប្រទេស​ស៊ីរី និង​ចលនា​ Hezbollah។

ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ លោក​នាយករដ្ឋមន្រ្តី ណាយីប មីកាទី (Najib Mikati) បាន​បដិសេធ​លា​ចុះ​ពី​មុខតំណែង ដោយ​បាន​លើក​ឡើង​ថា លោក​បន្ត​កាន់​អំណាច​ដើម្បី​ប្រយោជន៍ជាតិ។

គួរ​ជម្រាប​ជូន​ថា រដ្ឋាភិបាល​លីបង់​បច្ចុប្បន្ន​បាន​ទទួល​ការ​គំាទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​សំណាក់​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​បណ្តា​ប្រទេស​អារ៉ាប់​មួយ​ចំនួន​នៅ​ក្នុង​ឈូងសមុទ្រពែក។ អ៊ីចឹង​ហើយ​បាន​ជា​បណ្តា​ឯកអគ្គរដ្ឋទូត និង​ឯកអគ្គរាជទូត​អាមេរិក បារំាង និង​អង់គ្លេស​ប្រចំា​ទីក្រុង​បេរូត បាន​អំពាវនាវ​ឲ្យ​មាន​សាមគ្គីភាព និង​ឯកភាព​រវាង​ប្រជាជន​លីបង់​ដូច​គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ