អានតួអត្ថបទ
កម្ពជា

រដ្ឋសភា៖អនុម័ត​យល់​ព្រម​ឲ្យ​កម្ពុជា​ក្លាយ​ជា​ស្ថាបនិក​នៃ​សមាជិក​ធនាគារ​AIIB​របស់​ចិន

នៅ​ទី​បំផុត​រដ្ឋាភិបាល​កម្ពុជា​បាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​ចូល​រួម​ជា​សមាជិក​នៃស្ថាបនិក​ក្នុង​ការបង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម័្ពន្ធ​អាស៊ី​ហៅ​កាត់​ថា(AIIB) ដែល​មានប្រទេស​ចិន​ជា​អ្នក​ផ្តួចផ្តើម​គំនិត​ឲ្យ​បង្កើត​ស្ថាប័ន​ហិរញ្ញវត្ថុ​នេះ។ គួរ​ជម្រាប​ជូន​ថា រដ្ឋាភិបាល​បាន​ចុះ​ហត្ថលេខា​ក្នុងឋានៈ​ជា​ស្ថាប​និក​លើក​កិច្ច​ព្រម​ព្រៀង​បង្កើត​ធនាគារAIIB នេះ​ឡើង​កាល​ពី​ថ្ងៃ​ទី​២៩​ខែ​មិថុនា​ឆ្នាំ២០១៥​នៅ​ទី​ក្រុង​ប៉េកាំង​ប្រទេស​ចិន។

សាលប្រជុំនៃរដ្ឋសភាកម្ពុជា។
សាលប្រជុំនៃរដ្ឋសភាកម្ពុជា។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ការ​បើក​ផ្លូវ​ឲ្យ​កម្ពុជា​ក្លាយ​ជា​សមាជិក​និង​ជា​ស្ថាបនិក​នៃ​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម័្ពន្ធ​អាស៊ី​ហៅ​កាត់​ថា(AIIB)ធ្វើ​ឡើង​បន្ទាប់​ពី​ការ​លើក​ដៃ​អនុម័ត​យល់​ព្រម​ដោយ​សមាជិក​រដ្ឋសភាចំនួន​៩៣​រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ ក្នុង​ចំណោម​សមាជិករដ្ឋសភា​៩៨​រូប ដែល​ចូល​រួម​កិច្ច​ប្រជុំ​សភា​ពេញ​អង្គ​នៅ​ថ្ងៃ​ទី​១៣​មករា។ អ្វី​ដែល​ជា​ការ​កត់​សម្គាល់លោក សុន ឆ័យ និង​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បួន​រូប​ផ្សេង​ទៀត​មិន​បាន​លើក​ដៃយល់​ព្រម​នោះ​ទេ។

មុន​មាន​ការ​អនុម័ត​យល់​ព្រម​ពី​រដ្ឋសភា​គឺ​តំណាង​រដ្ឋាភិបាល​មក​ពី​ក្រសួង​សេដ្ឋកិច្ច លើក​ឡើងថា លក្ខណៈ​ពិសេស​របស់​ធនាគារ​នេះ​ជា​ធនាគារ​ដែល​អាស៊ី​ជា​ម្ចាស់ ពោល​គឺ​សំរាប់​អាស៊ី​មានដើម​ទុន​៧៥​ភាគរយ​និង​ក្រៅ​តំបន់​អាស៊ី​មាន​ដើម​ទុន​២៥​ភាគ​រយ។

បើ​តាម​តំណាង​រដ្ឋាភិបាល​ការ​ចុះ​ហត្ថ​លេខា​ក្នុង​ឋានៈ​ជា​ស្ថាប​និក​លើក​កិច្ច​ព្រម​ព្រៀង​បង្កើតធនាគារ​ AIIB ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២៩​ខែ​មិថុនា​ឆ្នាំ​២០១៥ នៅ​ទី​ក្រុង​ប៉េកាំង​ប្រទេស​ចិន។ ហើយ​រដ្ឋាភិបាល​ចាត់​ទុក​ថា នេះ​ជា​ព្រឹត្តការណ៍​ប្រវត្តិ​សាស្រ្ត​លើក​ទី​០២​ដែល​កម្ពុជា​បាន​ចូល​រួមបាន​ចូល​រួម​បង្កើត​ស្ថាប័ន​ហរិញ្ញវត្ថុ​អន្តរជាតិ​នេះ​ឡើង​បន្ទាប់​ពី​បាន​ចូល​រួម​ជា​សមាជិក​ស្ថាបនិកក្នុង​ការ​បង្កើត​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ADB​កាល​ពី​ឆ្នាំ​១៩៦៦។

រដ្ឋាភិបាល​មើល​ឃើញ​ថា ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម័្ពន្ធ​អាស៊ី​ហៅ​កាត់​ថា AIIB មាន​សារៈសំខាន់​ចំពោះ​កម្ពុជា​ទើប​សម្រេច​នឹង​ដាក់​ទុន​ក្នុង​កម្រិត​ប្រហាក់​ប្រហែល​នឹង​ទុន​ដែល​បាន​ដាក់ក្នុង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ADB ដើម្បី​ឲ្យ​កម្ពុជា​មាន​ទម្ងន់​គ្រប់​គ្រាន់​សម្រាប់​ការពារ​ផលប្រយោជន៍​របស់​ខ្លួន។

ហើយ​កម្ពុជា​នឹង​ត្រូវ​ទិញ​ភាគ​ហ៊ុន​ចំនួន​៦២៣​ភាគ​ហ៊ុន​ស្មើ​នឹង​០,០៦៣៥ ភាគ​រយ​នៃ​ដើម​ទុនសរុប​ដែល​មាន​តម្លៃ​៦២,៣០លាន​ដុល្លារ​អាមេរិក។ តាម​រយៈ​កិច្ច​ព្រម​ព្រៀង​នេះ​កម្ពុជា​ត្រូវ​បង់ដើម​ទុន​ដំបូង​ចំនួន​១២,៤៦លាន​ដុល្លារ​អាមេរិក​ជា​១០​ដំណាក់​កាល​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ចាប់​ពីឆ្នាំ​២០១៥ ដែល​ក្នុង​មួយ​ឆ្នាំ​ត្រូវ​បង់​ចំនួន​ជាង មួយលាន ពីរសែន ដុល្លារ​អាមេរិក។

សូមបញ្ជាក់ថា ​ប្រទេស​ចិន​ដែល​ជា​អ្នក​ផ្តួចផ្តើម​គំនិត​ឲ្យ​បង្កើត​ស្ថាប័ន​ ហិរញ្ញវត្ថុ​នេះ​ឡើង​ដោយ​ដាក់​ឈ្មោះ​ថា « ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម័្ពន្ធ​អាស៊ី » ដែល​ចូលរួម​ដោយ​ប្រទេស​ចំនួន ២០ទៀត រួម​មាន កម្ពុជា វៀតណាម ឡាវ ភូមា សិង្ហបុរី ម៉ុងហ្គោលី ម៉ាឡេស៊ី គូវ៉ែត ព្រុយណេ បង់ក្លាដែស នេប៉ាល់ អូម៉ង់ ប៉ាគីស្ថាន ឥណ្ឌា ហ្វីលីពីន ស្រីលង្កា អ៊ូសបេគីស្ថាន កាហ្សាក់ស្ថាន និង ប្រទេស​កាតា។

កម្មវត្ថុ​សំខាន់​នៃ​ការ​បង្កើត​ឲ្យ​មាន​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម័្ពន្ធ ​អាស៊ី​នេះ​ឡើង គឺ​ដើម្បី​ចូលរួម​ជួយ​ទំនុកបម្រុង​ផ្នែក​ថវិកា​ដល់​គម្រោង​អភិវឌ្ឍ​របស់​ ប្រទេស​សមាជិក ពិសេស​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ដូច​ជា​ទំនប់ទឹក កំពង់ផែ ប្រព័ន្ធផ្លូវថ្នល់ ឬ​មួយ​ក៏​ផ្នែក​ផ្សេងៗ​​ទៀត​ដែល​ជា​តម្រូវការ​ចំា​បាច់​របស់​ប្រទេស​ជាតិ។ គេ​អាច​និយាយ​ដោយ​សាមញ្ញ​ថា ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម័្ពន្ធ​អាស៊ី គឺ​ជា​ប្រភព ហិរញ្ញវត្ថុ​រួម​មួយ​ដែល​ចូលរួម​ដាក់​វិភាគទាន​ដោយ​សមាជិក​នីមួយៗ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ