អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

បាតុកម្ម​លើក​ទី​៣​របស់​អតីត​បក្ស​ប្រឆាំង​ឲ្យ​ជប៉ុន​ផ្អាក​ជំនួយ​ដល់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​

បន្ទាប់ពី​បាតុកម្ម​នៅ​បុរី ​New ​York​ ម្សិលមិញ ​ថ្ងៃនេះ​ក្រុម​អ្នក​គាំទ្រ​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​រាប់​រយ​នាក់​បាន​រៀប​ចំ​ធ្វើ​បាតុកម្ម​មួយ​ទៀត​ នៅ​ទី​ក្រុង​​តូក្យូ​ ប្រទេស​ជប៉ុន​ផ្ទាល់​ ដោយ​អំពាវ​នាវ​ឲ្យ​ប្រទេស​នេះ​ផ្អាក​ការ​គាំទ្រ​ដល់​ការ​បោះឆ្នោត​នៅ​កម្ពុជា​។ ​បើទោះបី​ជាមាន​បាតុកម្ម​ជាបន្ត​បន្ទាប់​​យ៉ាង​នេះ​ក្តី​ តែ​អ្នក​នាំពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​កម្ពុជា​​អះអាង​ថា ​វា​គ្មាន​ប្រសិទ្ធភាព​ដែល​​ធ្វើ​​ឲ្យ​​រដ្ឋាភិបាល​ជប៉ុន​ទទួល​យក​នោះឡើយ​។​

បាតុកម្មរបស់អ្នកគាំទ្រអតីតបក្សសង្រ្គោះជាតិនៅជប៉ុនថ្ងៃ១៧មិថុនា
បាតុកម្មរបស់អ្នកគាំទ្រអតីតបក្សសង្រ្គោះជាតិនៅជប៉ុនថ្ងៃ១៧មិថុនា @FB-Hay Vanna
ផ្សាយពាណិជ្ជកម្ម

វាជាលើកទី៣ហើយ ដែលក្រុមអ្នកគាំទ្រអតីតបក្សប្រឆាំងមួយនេះ ធ្វើបាតុកម្មទទួចឲ្យ​ជប៉ុនផ្អាកការគាំទ្រ​ដល់​ដំណើរ​ការ​បោះឆ្នោត​នៅកម្ពុជា២៩កក្កដាខាងមុខ។

បាតុកម្មដែលមានមនុស្សចូលរួមរាប់រយនាក់នេះ បានកើតឡើងដំបូងនៅថ្ងៃទី១មិថុនា នៅមុខស្ថានបេសកម្ម​របស់​ជប៉ុនប្រចាំ​អង្គការ​សហប្រជាជាតិ​ក្នុង​បុរីញូវយ៉ក សហរដ្ឋអាមេរិក។ លើកទី២នៅថ្ងៃម្សិលមិញនៅទីកន្លែងដដែល​និង​គោល​បំណង​ដូចគ្នា។ ចំណែកលើកទី៣គឺនៅថ្ងៃនេះតែម្តង បាតុកម្មដែលភាគ​ច្រើន​ជាពលករខ្មែរ​ធ្វើការនៅប្រទេសជប៉ុនចូលរួម បាន​ប្រ​ព្រឹត្តិទៅនៅទីក្រុង​តូក្យូ។

ទាំងនៅសហរដ្ឋអាមេរិក និងទាំងនៅតូក្យូ ក្រុម​បាតុករ​សុទ្ធតែបានលើក​បដា​និង​ស្រែកទាមទារឲ្យដោះលែង លោក កឹម សុខា និង​ស្នើឲ្យរដ្ឋាភិបាលជប៉ុនផ្អាកជំនួយដល់​ការ​បោះឆ្នោត​នៅកម្ពុជា ដោយពួកគេ​ចាត់​ទុកថា «ជាការ​បោះឆ្នោត​ក្លែង​ក្លាយ»។

លោក អេង ឆៃអ៊ាង អនុប្រធានអតីតគណបក្សសង្រ្គោះជាតិ ដែលបានចូលរួមការតវ៉ា​នៅមុខស្ថានបេសកម្ម​របស់​ជប៉ុនប្រចាំ​អង្គការ​សហប្រជាជាតិ​ក្នុង​បុរីញូវយ៉កម្សិលមិញ លោកបានអំពាវនាវប្រទេសជប៉ុនដកជំនួយរបស់ខ្លួន ដែលផ្តល់ឲ្យ គណៈ​កម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោតនៅកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះលោកបន្ត អំពាវនាវឲ្យសហគមន៍​អន្តរជាតិ​កុំទទួលស្គាល់ការបោះឆ្នោត ដែលអតីតគណបក្សសង្រ្គោះជាតិចាត់ទុកថា​ជាការបោះឆ្នោតក្លែងក្លាយ ហើយអតីតអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ​មិនអាចទទួល​យកបានទេ ចំពោះការបោះឆ្នោត ដែលគ្រោងធ្វើនាខែកក្កដាខាងមុខនេះ។

ក៏ប៉ុន្តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈ​រដ្ឋមន្រ្តី បានថ្លែងថា បាតុកម្ម​របស់​ក្រុម​នេះ បង្ហាញថា ជាការបរាជ័យរបស់អតីតគណបក្សសង្រ្កោះជាតិដែល​ទាមទារឲ្យ​មានការ​ដាក់​សម្ពាធ​មក​លើ​រដ្ឋាភិបាលកម្ពុជា។

បើតាម លោក ផៃ ស៊ីផាន គឺជប៉ុននឹងមិនធ្វើ​តាមការ​អំពាវនាវ​របស់​ក្រុមបាតុករនេះ​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ