អានតួអត្ថបទ
កម្ពុជា-អភិវឌ្ឍ

រដ្ឋាភិបាល​សម្រេច​ដក​ហូត​ដី​ពី​លោក ឡោក ហ៊ួរ ឲ្យ​ពលរដ្ឋ​វិញ

រដ្ឋាភិបាល​សម្រេច​ប្រគល់​ដី​នៅ​ស្រុកកៀន​ស្វាយ​និង​ស្រុក​ស្អាង​ខេត្តកណ្ដាល​ដែល​មាន​បញ្ហាជាមួយ​លោក ឡោក ហ៊ួរ នា​ពេល​កន្លង​មកទៅ​ឲ្យ​ពលរដ្ឋ​វិញបន្ទាប់​ពី​ដោះស្រាយ​ចប់​សព្វ​គ្រប់។ ដំណើរ​ការ​ប្រគល់​ដី​ត្រឡប់​ទៅ​ឲ្យ​ពលរដ្ឋ​វិញ​នេះ ធ្វើ​ឡើង​តាមរយៈ​ការ​ចុះ​វាស់​វែង​ប្រមូលទិន្នន័យ ដើម្បី​ចុះ​បញ្ជី​ដី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ នៅ​ថ្ងៃ​ចន្ទ​ខាង​មុខ។ បន្ថែម​ពី​លើ​នេះ​ទៀតក្រសួង​ដែន​ដី​នៅ​ថ្ងៃ​ទី​៦​មករា​បាន​ជូន​ដំណឹង​ទៅ​អភិបាល​ខេត្ត​កណ្ដាល​លោក ម៉ៅ ភិរុណ ឲ្យប្រាប់​ដំណឹង​នេះ​ទៅ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី ដោយ​ត្រូវ​ភ្ជាប់​ជា​មួយ​នូវ​ឯកសារ​ពាក់ព័ន្ធ​នឹងក្បាល​ដី ដើម្បី​បាន​ដី​ត្រឡប់​ទៅ​វិញ។ អេង គីមហុង សូម​ឆ្លៀត​ឱកាស​ពន្យល់​សំណុំ​រឿង​ទំនាស់​ដី​ធ្លីរវាង​លោក ឡោក ហួរ និង ពលរដ្ឋ​ក្នុង​ខេត្ត​កណ្ដាល ជូន​លោក​អ្នក​ស្ដាប់៖

រូបថត៖ លោក ឡោក ហ៊ួរ ដែលត្រូវរដ្ឋាភិបាល​សម្រេច​ដក​ហូត​ដី​ឲ្យ​ពលរដ្ឋ​វិញ
រូបថត៖ លោក ឡោក ហ៊ួរ ដែលត្រូវរដ្ឋាភិបាល​សម្រេច​ដក​ហូត​ដី​ឲ្យ​ពលរដ្ឋ​វិញ @facebook
ផ្សាយពាណិជ្ជកម្ម

តាម​ការ​អះអាង​ពី​ទីស្ដី​ការ​គណៈរដ្ឋមន្រ្តី លោក ឡោក ហ៊ួរ បាន​រំលោភដី​ប្រជាពលរដ្ឋ​ជា​ច្រើនពាន់​ហិក​តា​នៅ​ក្នុង​ខេត្ត​កណ្ដាល។  មូល​ហេតុ​នេះ​ហើយ​ទើប​រាជរដ្ឋាភិបាល​សម្រេច​ដក​ហូត​ដី ដែល​លោក ឡោក ហ៊ួរ បាន​រំលោភ​ដី​ពី​ប្រជាពលរដ្ឋ​ចំនួន​ជិត​៣​ពាន់​ហិកតា ប្រគល់​ទៅ​ឲ្យពលរដ្ឋ​វិញ។ បន្ថែម​ពី​លើ​នេះ​លោក ឡោក ហ៊ួរ ក៏​ត្រូវ​បាន​រដ្ឋាភិបាល​និរាករណ៍​ប័ណ្ណសំគាល់​សិទ្ធិ​កាន់​កាប់​អចលនវត្ថុ​ចំនួន​២៩​ប័ណ្ណ។

សូម​រំលឹក​ថា មុន​នឹង​រដ្ឋាភិបាល​សម្រេច​ដូច្នេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ចុះឈ្មោះ​លោក​ឧកញ៉ា ឡោក ហ៊ួ​រ ចូលក្នុង​បញ្ជីខ្មៅកាលពីខែឧសភាឆ្នាំ២០១៦​ដោយ​រារាំង​មិន​ឲ្យ​មានការ​លក់ ទិញ ឬ​ផ្ទេរកម្មសិទ្ធិ​ទៅ​អ្នកដទៃ​ឡើយ​។ កន្លងមក រដ្ឋ​មន្ដ្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា បាន​ព្រមាន​រៀបចំ​ឈ្មោះ​បុគ្គល​រំលោភ​ដីធ្លី​ពលរដ្ឋ ក្នុង​បញ្ជីខ្មៅ ជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។  រហូតមកទល់​ពេលនេះ មានតែ​ឯកឧត្តម ឡោក ហ៊ួ​រ ម្នាក់​ទេ ដែល​ស្ថិតក្នុង​បញ្ជីខ្មៅ ហើយ​ត្រូវបាន​ចាត់វិធានការ​នៅពេលនេះ។

សូមបញ្ជាក់ថា លោក ឡោក ហ៊ួរ គឺជា​ឧត្តម​សេនីយ៍​ឯក (​ផ្កាយ​៣) នៃ​នគរបាល​ជាតិ​ក្រសួង​មហាផ្ទៃ ប៉ុន្តែ​លោក​បាន​ព្យួរ​មុខងារ​នេះ​ដើម្បី​ទៅ​បំពេញ​តួនាទី​ជា​អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​បាត់ដំបង របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ ក្រោយ​ពី​រដ្ឋាភិបាល​ទទួល​ស្គាល់​ថា​លោក ឡោក ហ៊ួរ ពិត​ជា​មាន​ទំនាស់​ដីធ្លី​ច្រើន​កន្លែងជាមួយ​ពលរដ្ឋ​រស់​នៅ​ខេត្ត​កណ្ដាល រដ្ឋាភិបាល​បាន​ចេញ​លិខិត​តម្រូវ​ឲ្យ​លោក ឡោក ហ៊ួរ ចូល​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​ទាំង​នេះ។

លោក ឡោក ហ៊ួរ តាម​រយៈ​បណ្ដាញ​សារព័ត៌​មាន​ក្នុង​ស្រុក​ធ្លាប់​បាន​អះអាង​ថា លោក​មិន​ដែល​រំលោភ​យក​ដី​ពលរដ្ឋ​ទេ​ហើយ​លោក​មិន​មាន​ទំនាស់​ដីធ្លី​ច្រើន​កន្លែង ដូច​ការ​អះអាង​នោះ​ដែរ។ ប៉ុន្តែលោកបានទទួលស្គាល់ថា ​មាន​ទំនាស់​ជាមួយ​តែ​ឈ្មួញ​ដី នៅ​ខេត្ត​កណ្តាល លើ​ទំហំ​ដី ៦០០ ហិកតា ប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ