អានតួអត្ថបទ
កម្ពុជា-ថៃ

ក្រសួងរៀបចំដែនដីទុកពេលឲ្យឧកញ៉ាដែលជាប់ឈ្មោះក្នុងបញ្ជីខ្មៅចូលខ្លួនមកដោះស្រាយ

លោក​ឧកញ៉ា ឡោក ហ៊ួរ ជា​មនុស្ស​ដំបូង ដែល​ត្រូវ​បាន​លោក ជា សុផារ៉ា រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំដែនដី នគររូប​នីយ​កម្ម​និង​សំណង់​ ចារ​ក្នុង​បញ្ជី​ខ្មៅ ដូច​ទៅ​នឹង​អ្វី​ដែល​លោក​ធ្លាប់​ព្រមាន​កាល​ពីថ្មីៗ​នេះ។  លោក​ឧកញ៉ា ឡោក ហ៊ួរ ត្រូវ​បាន​គេ​រក​ឃើញថា​មាន​ទំនាស់​ច្រើន​កន្លែង​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​កណ្ដាល។ នីតិវិធី​បន្ត ក្រសួង​រៀប​ចំ​ដែនដី​សម្រេច​ទុក​ពេល​ឲ្យ លោក ឡោក ហ៊ួរ ចូល​ខ្លួន​មក​ដោះស្រាយ​តាម​ច្បាប់​ជា​ធរមាន។

ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​ដា​ក់លោក ឡោក ហ៊ួរ ចូល​ក្នុង​បញ្ជី​ខ្មៅ ក្រសួង​រៀប​ចំ​ដែនដី នគររូបនីយកម្ម​និងសំណង់ នៅ​មិន​ទាន់​មាន​ចំណាត់ការ​អ្វី​ទាំង​អស់​ចំពោះ​លោក ឡោក ហ៊ួរ ។ ដោយ​សម្រេច​ទុកពេល​ឲ្យ​លោក ឡោក ហ៊ួរ ចូល​ខ្លួន​មក​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​ដែល​មាន​ចែង​ជា​ធរមាន។

ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​១០​ឧសភា​នេះ លោក ជៀម សុផល​មករាឲ្យ​ដឹង​ថា ការ​ដាក់​ឈ្មោះ​លោក ឡោក ហ៊ួរ ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ​បន្ទាប់​ពី​លោក ជា សុផារ៉ា ​ពិនិត្យ​ឃើញ​ថា​រាល់​ពាក្យ​បណ្ដឹង​ទំនាស់​ដី​ធ្លី​គឺ​សុទ្ធ​តែ​ជាប់​ពាក់​ព័ន្ធ​ជាមួយ​លោក ឡោក ហ៊ួរ ។​

ដោយ​ឡែក​បើ​តាម​លិខិត​មួយ​ច្បាប់​របស់​អភិបាល​ខេត្ត​កណ្ដាលលោក ម៉ៅ ភរុណ ចុះ​ថ្ងៃ​ទី​០៥ឧសភា បាន​ជម្រាប​ទៅ​អភិបាល​ស្រុកគៀនស្វាយ​និង​អភិបាល​ស្រុក​ស្អាង​ត្រូវ​ចុះ​ទៅ​ទប់​ស្កាត់និង​បញ្ឈប់​សកម្មភាព​ជីក​លើក ឈូស​ឆាយ ដី​អនាធិបតេយ្យ​ក្នុង​តំបន់​ដែល​លោក ឡោក ហ៊ួរ ឬអ្នក​ដទៃ​ផ្សេង​ទៀត គ្រប់​គ្រង​មិន​ស្រប​ច្បាប់។ និង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ លក់ ទិញ ឬ​ផ្ទេរសិទ្ធិ​គ្រប់​គ្រង និង​មិន​ត្រូវ​ចេញ​លិខិត​ស្នាម​លើ​ដី​វិវាទ។ បន្ថែម​ពី​លើ​ការ​ជូន​ដំណឹង​នេះ​រដ្ឋបាលខេត្ត​នឹង​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​មួយ​ដើម្បី​ចុះ​អង្កេត​ស្រាវ​ជ្រាវ ដោះ​ស្រាយ​លើ​ដីទំនាស់​ជាក់​ស្ដែង តាម​បណ្ដឹង​ប្រជាពលរដ្ឋ។

សូម​បញ្ជាក់​ថា លោក​ឧកញ៉ា ឡោក ហ៊ួរ ជា​មនុស្ស​ដំបូង​ដែល​លោក ជា សុផារ៉ា ចារ​ក្នុង​បញ្ជីបន្ទាប់​ពី​ការ​ព្រមាន​របស់​រដ្ឋមន្ត្រី​ថ្មី​រូប​នេះ​ធ្វើ​ឡើង​មិន​ដល់​មួយ​សប្ដាហ៍។ លោក ជា សុផារ៉ា ដែល​ធ្លាប់​អះអាង​ថា លោក​នឹង​ដាក់​ឈ្មោះ​បុគ្គល​ណា​ដែល​មាន​ទំនាស់​ដី​ធ្លី​ជាមួយ​ប្រជាពលរដ្ឋនៅ​ក្នុង​បញ្ជី​ខ្មៅ​ទោះ​មាន​ឋានៈ​ធំ​ប៉ុណ្ណា​ក៏​ដោយ។ បន្ថែម​ពី​លើ​នេះ​ទៀត លោក​នឹង​រាយការណ៍ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពី​បញ្ហា​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ