អានតួអត្ថបទ
កម្ពុជា-បារាំង

បារាំង​សុំ​ការ​គាំទ្រ​ពី​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ពិព័រណ៍​ពិភព​លោក​ឆ្នាំ​២០២៥

តំណាង​ផ្នែក​ពិព័រណ៍​ប្រទេស​បារាំង​នៅ​ដើម​សប្តាហ៍នេះ បាន​ជួប​ជាមួយ​អាជ្ញាធរ​កម្ពុជា​ក្នុង​គោល​បំណង​ចង់​ឲ្យ​ប្រទេស​កម្ពុជា​គាំទ្រ​ខ្លួន ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ពិព័រណ៍​ពិភព​លោក​​​ឆ្នាំ​២០២៥។ ការ​ស្វះស្វែង​របស់​បារាំង​ដូច្នេះ​គឺ​ដើម្បី​ត្រៀម​ប្រជែង​ជាមួយ​ប្រទេស​៣​ផ្សេង​ទៀត​រួមមានៈ ជប៉ុន រុស្សី និងអាហ្សែបៃហ្សង់ ដែល​ប្រទេស​ទាំង​នេះ ក៏​ចង់ស្វែង​រក​ការ​គាំទ្រ​ពី​កម្ពុជា​ដើម្បី​បាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ពិព័រណ៍​នេះ​ដែរ។

រូបថតៈ លោក ប៉ាស្កាល់ ឡាវី (Pascal Lamy)  ប្រតិភូអន្តរក្រសួងទទួលបន្ទុកការរៀបចំពិព័ណ៌ពិភពលោកឆ្នាំ២០២៥ ថ្លែងនៅក្នុងសន្និសីទកាសែតនៅល្ងាចថ្ងៃទី២០ធ្នូឆ្នាំ២០១៧
រូបថតៈ លោក ប៉ាស្កាល់ ឡាវី (Pascal Lamy) ប្រតិភូអន្តរក្រសួងទទួលបន្ទុកការរៀបចំពិព័ណ៌ពិភពលោកឆ្នាំ២០២៥ ថ្លែងនៅក្នុងសន្និសីទកាសែតនៅល្ងាចថ្ងៃទី២០ធ្នូឆ្នាំ២០១៧ @kimhong RFI
ផ្សាយពាណិជ្ជកម្ម

មូលហេតុ​ដែល​បារាំង​ចង់​ឲ្យ​កម្ពុជា​គាំទ្រ​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ពិព័រណ៍​ពិភពលោកឆ្នាំ​២០២៥ ក៏​ដោយសារ​តែ​ប្រធានបទ​ដែល​បារាំង​ស្នើ​ឡើង​នៅ​ក្នុង​ការ​រៀបចំ​ពិព័រណ៍ពិភព​លោក​នេះ គឺ​មាន​ទំនាក់ទំនង​ជាមួយ​យុទ្ធសាស្ត្រ​នៃ​ការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា។

ខណៈ​ដែល​ជប៉ុន ជា​ប្រទេស​ផ្ដល់​ជំនួយ​ដ៏​ធំ​មក​កម្ពុជា និង​ស្រប​ពេល​ដែល​មាន សំណួរ​ចោទ​ឡើង​ថា បារាំង​មិន​ខ្លាច​កម្ពុជា​ងាក​ទៅ​គាំទ្រ​ជប៉ុន​ដើម្បី​បាន​សិទ្ធិ​ក្លាយ​ជា​ម្ចាស់​ផ្ទះរៀបចំ​ពិព័រណ៍​ពិភព​លោក​ឆ្នាំ២០២៥ ទេ​ឬ​យ៉ាងណា? លោក ប៉ាស្កាល់ ឡាវី (Pascal Lamy) ប្រតិភូ​អន្តរ​ក្រសួង​ទទួល​បន្ទុក​ការ​រៀបចំ​ពិព័ណ៌​ពិភព​លោក​ឆ្នាំ​២០២៥ ថ្លែង​នៅក្នុង​សន្និសីទ​កាសែត​នៅ​ល្ងាច​ថ្ងៃ​ទី​២០​ធ្នូ​ម្សិលមិញ​ថា បារាំង​តែង​មាន​ជំនឿ​ចិត្ត​ថា នឹងឈ្នះ​ជប៉ុន ក៏​ដោយ​សារ​តែ​បារាំង​ធ្លាប់​ជោគជ័យ​រួច​មក​ហើយ​នៅ​ក្នុង​ការ​រៀបចំ​សន្និសីទអន្តរជាតិ​ស្ដីពី​អាកាសធាតុ។ ម្យ៉ាង​ទៀត​ក៏​ដោយសារ​តែ​បារាំង​ជា​ទិស​ដៅ​ទេសចរណ៍លេខ១​នៅ​ក្នុង​ពិភពលោក។

ប្រសិន​បើ​ប្រទេស​ដែល​ចូលរួម​ពិព័រណ៍​ពិភព​លោក​ឆ្នាំ​២០២៥ បោះឆ្នោត​ឲ្យ​បារាំង​ធ្វើជា​ម្ចាស់​ផ្ទះ ប្រទេស​ពួកគេ​នឹង​ទទួល​បាន​ប្រយោជន៍​ត្រឡប់​មក​វិញ​ជា​ច្រើន។ ជាក់ស្ដែង​កម្ពុជា អំឡុង​ពេល​នៃ​ការ​រៀបចំ​ពិព័រណ៍​ពិភព​នា​ពេល​កន្លង​មក ទទួល​បាន​ការចាប់​អារម្មណ៍​ខ្លាំង​ពី​អន្តរជាតិ តាម​រយៈ​ការ​ដាក់​តាំង​បង្ហាញ​ប្រាសាទ​អង្គរវត្ត និង​រមណី​ដ្ឋាន​វត្តភ្នំ។ បន្ថែម​ពី​លើ​នេះ​ទៀត ក្រោយ​បញ្ចប់​ការ​ចូលរួម​ពិព័រណ៍​នេះ​គឺ​ទីកន្លែង​នី​មួយ​ៗ​ដែល​​ប្រទេស​ទាំងអស់​ចូលរួម​តាំង​ពិព័រណ៍​នឹង​ក្លាយ​ជា​ទី​កន្លែង​មួយ​សម្រាប់និស្សិត និង​ក្រុមហ៊ុន​របស់​ពួក​គេ​ស្នាក់​នៅ។

ក្រៅ​ពី​កម្ពុជា បារាំង​ស្វែង​រក​ការ​គាំទ្រ​ពី​ប្រទេស​១៧០​ផ្សេង​ទៀត។ ប្រទេស​ម្ចាស់​ផ្ទះរៀប​ចំពិព័រណ៍​នេះ​នឹង​ត្រូវ​ជ្រើស​រើស​ជា​ផ្លូវការ នៅ​ខែ​វិច្ឆិកា​ឆ្នាំ២០១៨ តាមរយៈ​ការបោះ​ឆ្នោត​គាំទ្រ​ពី​ប្រទេស​ចំនួន​១៧០​នេះ បូក​រួម​ទាំង​កម្ពុជា​ដែរ។

សូមបញ្ជាក់ថា ពិព័រណ៍​ពិភពលោក​ឆ្នាំ២០២៥​ត្រូវបាន​រៀបចំ​ឡើង​នៅ​រៀងរាល់​៥​ឆ្នាំ​ម្ដង។ កន្លង​មក​ពិព័រណ៍​ពិភព​លោក​នេះ​ត្រូវ​បាន​រៀប​ចំ​នៅ​ទី​ក្រុង​សៀង​ហៃ និង​ឌូបៃ។ ហើយ​ពិព័រណ៍​ពិភព​លោក នៅឆ្នាំ២០២៥ ខាង​មុខ​នេះ គឺជា​ព្រឹត្តការណ៍​នៃ​ការ​ប្រកួត​ប្រជែង​គ្នា​ដ៏​ខ្លាំង​មែន​ទែន។ ក្នុង​ពេល​បច្ចុប្បន្ន​នេះ​មាន​ប្រទេស​ចំនួន​១២០​ហើយ​បាន​ចូលរួម។ ចំណែក​កម្ពុជា​បាន​ចូល​រួម​ពិព័រណ៍​ពិភព​លោក​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៧​មកម្លេះ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ