អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ផលប្រយោជន៍​ខា​ងសេដ្ឋកិច្ច​និង​បរិស្ថាន​​នៃ​ប្រព័ន្ធ​​ដឹកជញ្ជូនសាធារណៈ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយ​ពី​បាន​ធ្វើការ​សាកល្បង​រថយន្តក្រុង អស់រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ រដ្ឋាភិបាល​កម្ពុជា និង​សាលា​ក្រុង​ភ្នំពេញ​ទើប​នឹង​​បាន​សម្រេច​​បង្កើត​រដ្ឋាករ​ស្វយ័ត ដើម្បី​​ធ្វើការ​វិនិយោគ និង​គ្រប់គ្រង​សេវាកម្ម​ដឹកជញ្ជូន​សាធារណៈ​ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ នៅ​ថ្ងៃ​នេះ សេង ឌីណា សូម​លើកឡើង​ដោយ​ត្រួសៗ អំពី​​ផលប្រយោជន៍​​ខាង​សេដ្ឋកិច្ច និង​ខាង​បរិស្ថាន នៃ​ប្រព័ន្ធដឹកជញ្ជូន​តាមរយន្តក្រុង។

រថយន្ត​ក្រុង ដែល​ដាក់​សម្ពោធឲ្យ​ប្រើ​ប្រាស់ នៅ​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី ០៥កុម្ភៈ ២០១៤។
រថយន្ត​ក្រុង ដែល​ដាក់​សម្ពោធឲ្យ​ប្រើ​ប្រាស់ នៅ​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី ០៥កុម្ភៈ ២០១៤។ @RFI
ផ្សាយពាណិជ្ជកម្ម

 

នៅពេល​ដែល​សាលាក្រុង​ភ្នំពេញ​ប្រកាស ​អំពី​គម្រោង​បង្កើត​សេវាកម្ម​ដឹកជញ្ជូន​តាមរថយន្តក្រុង​ មាន​អ្នកខ្លះ​បាន​បង្ហាញ​នូវ​ក្តីបារម្ភ ពី​ផលប៉ះពាល់​ដល់​របរ​រកស៊ី​មួយ​ចំនួន​របស់​ប្រជាជន ជាពិសេស អ្នក​រត់ម៉ូតូឌុប ស៊ីក្លូ និង​រ៉ឺម៉ក​ម៉ូតូ។ ផលប៉ះពាល់​ប្រហែល​ជា​អាច​​នឹង​ត្រូវមាន នៅ​ក្នុង​ទំហំ​ណាមួយ។ ក៏ប៉ុន្តែ គេ​ក៏​មិនគួរ​នឹង​ភ្លេច​ដែរ អំពី​ផលប្រយោជន៍​ជាច្រើន​ផ្សេងទៀត ដែល​​កើតចេញ​ពីប្រព័ន្ធ​ដឹកជញ្ជូន​​តាម​រថយន្តក្រុង​នេះ។

ទីមួយ គឺ​ផលប្រយោជន៍​ខាង​ផ្នែក​សេដ្ឋកិច្ច។

ការ​វិនិយោគ​លើ​ប្រព័ន្ធដឹកជញ្ជូន​តាមរថយន្តក្រុង​នឹង​បង្កើត​ការងារ​​​​ដល់​ប្រជាជន​។ ប្រសិន​បើ​សេវាកម្ម​រថយន្តក្រុង​មាន​ដំណើរការ​ល្អ មាន​អ្នក​ប្រើប្រាស់​កាន់តែ​ច្រើន ហើយ​មាន​បណ្តាញ​កាន់តែ​ទូលំទូលាយ វា​បង្កើត​ការងារ​កាន់តែ​ច្រើន។ ការងារ​ទាំងអស់​នេះ​ ​រួមមាន អ្នកបើកបរ​រថយន្តក្រុង អ្នក​លក់​សំបុត្រ អ្នក​ឆែកសំបុត្រ បុគ្គលិក​ផ្នែក​ជួសជុល​ និង​ថែទាំ​រថយន្ត ព្រមទាំង​បុគ្គលិក​ផ្នែក​រដ្ឋបាល និង​គ្រប់គ្រង​ជា​ច្រើន​ផ្សេងទៀត។

ការកាត់បន្ថយ​ការ​ចំណាយ​របស់​ប្រជាជន ទៅលើ​មធ្យោបាយ​ធ្វើ​ដំណើរ​ ក៏​ជា​ផលប្រយោជន៍​ខាង​សេដ្ឋកិច្ច​ដ៏ចម្បងមួយ ដែល​គេ​មិន​គួរ​មើល​រំលង​ដែរ ពីព្រោះ​ថា ការ​ចំណាយ​ត្រឹម ១៥០០រៀល ក្នុង​ការ​ធ្វើ​ដំណើរ​មួយ​ដង គឺ​ជា​តម្លៃ​មួយ​ទាប​ បើ​ធៀប​នឹង​ការ​​ប្រើប្រាស់​មធ្យោបាយ​ធ្វើ​ដំណើរ​ផ្សេងទៀត ជាពិសេស ការ​ប្រើ​យានយន្ត​ផ្ទាល់ខ្លួន ដែល​ត្រូវ​ចំណាយច្រើន​ទាំងទៅលើ​ការ​ទិញ​យានយន្ត ទាំង​ទៅ​លើ​ថ្លៃ​សាំង និង​ទៅលើ​ការ​ថែទាំ​ជួសជុល។

លើសពីនេះ​ទៅទៀត ប្រព័ន្ធ​​ដឹកជញ្ជួន​សាធារណៈ អាច​នឹង​កាត់បន្ថយ​ចំនួន​យានយន្ត​នៅ​លើ​ដងផ្លូវ។ ចំនួន​យានយន្ត​​នៅលើ​ដងផ្លូវ​មាន​ការថយចុះ​​អាច​នាំ​ទៅដល់​ការ​កាត់បន្ថយ​សំឡេង​រំខាន ព្រមទាំង​អាច​ជួយ​​កាត់បន្ថយ​​គ្រោះថ្នាក់​ចរាចរណ៍ និង​​ការ​ស្ទះចរាចរណ៍ ដែល​អាច​ជួយដល់​ការ​កាត់បន្ថយ​ពេលវេលា​ក្នុងការ​ធ្វើ​ដំណើរ បង្កើន​ផលិតភាព​នៃ​ការងារ និង​កាត់បន្ថយ​ការ​ចំណាយ​ទៅលើ​ការព្យាបាល​​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍។ ទាំងអស់​នេះ​សុទ្ធសឹង​តែ​ជា​​ផលប្រយោជន៍​សេដ្ឋកិច្ច ទាំង​សម្រាប់​ប្រជាជន​ម្នាក់ៗ ក៏ដូចជា ចំពោះ​ក្រុមហ៊ុន​សហគ្រាស ក៏ដូចជា ចំពោះសហគមន៍ និង​​សេដ្ឋកិច្ច​ជាតិ​ទាំងមូល។

ផលប្រយោជន៍​ដ៏ធំ​មួយ​ទៀត នៃ​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ គឺ​ផលប្រយោជន៍​ខាង​ផ្នែក​បរិស្ថាន។

ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ ដូចជា​តាមរយៈ​រថយន្តក្រុង​នេះ​ជាដើម គឺ​ជា​មធ្យោបាយ​ដឹកជញ្ជូន​ដែល​ប្រើ​ប្រាស់​ថាមពល​ និង​បំពុល​បរិយាកាស​តិច​ជាង​មធ្យោបាយ​ដឹកជញ្ជូន​ណា​ទៀត​ទាំងអស់។

ការ​សិក្សា​ស្រាវជ្រាវ​របស់​អ្នក​ជំនាញ​បារាំង​បង្ហាញ​ថា មនុស្ស​ម្នាក់ ដែល​មាន​ទីលំនៅ​ស្ថិត​នៅ​ចម្ងាយ​ ៥គីឡូម៉ែត្រ​ពី​កន្លែង​ធ្វើការ ហើយ​​ជិះឡាន​ផ្ទាល់​ខ្លួន​ទៅធ្វើការ​ជារៀងរាល់​ថ្ងៃ ក្នុងមួយឆ្នាំៗ គាត់នឹង​ទទួលខុសត្រូវ​ក្នុងការ​​បញ្ចេញ​ឧស្ម័ន​កាបូនិក​គិតជាមធ្យម​ស្មើ​នឹង​មនុស្ស ៤នាក់ ដែល​មាន​ទីលំនៅ​ស្ថិត​នៅ​ចម្ងាយ ៥គីឡូម៉ែត្រ​ពី​កន្លែង​ធ្វើការ​ដូចគ្នា ហើយ​ជិះរថយន្តក្រុង​ទៅ​ធ្វើការ។ សូម្បីតែ​ការ​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ក៏​មាន​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​ច្រើន​ជាង​ការ​ជិះរថយន្តក្រុង​ដែរ។

នេះ​នៅ​មិនទាន់​រាប់​ដល់​ការ​បញ្ចេញ​ប្រភេទ​ឧស្ម័ន ឬ​សារធាតុ​ផ្សេងទៀត ដែល​​បង្ក​​ឲ្យ​មាន​ការ​បំពុល​បរិយាកាស និង​ប៉ះពាល់​ដល់​សុខភាព។

គួរបញ្ជាក់ថា ឧស្ម័ន​កាបូនិក ដែល​កើតចេញ​ពី​វិស័យដឹកជញ្ជូន គឺ​ជា​អ្នក​ទទួលខុសត្រូវ​ច្រើន​ជាងគេ ចំពោះ​ការ​ឡើងកម្តៅ​នៃ​ភពផែនដី។ បើ​គិតជា​មធ្យម​នៅ​ទូទាំង​ពិភពលោក ២៦% នៃ​បរិមាណ​ឧស្ម័ន​ផ្ទះកញ្ចក់ ដែល​ជា​ដើមហេតុ​ចម្បង​នៃ​ការ​ប្រែប្រួល​អាកាសធាតុ កើតចេញ​ពី​វិស័យ​ដឹកជញ្ជូន។

ដូច្នេះ អ្នក​​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង មិនត្រឹមតែអាច​កាត់បន្ថយ​ការ​ចំណាយ​ និង​ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ ក៏​អាច​​ចូលរួម​ចំណែក​ផងដែរ​ ដល់​ការ​កាត់បន្ថយ​​សំឡេងរំខាន និង​ការ​បំពុល​បរិយាកាសនៅ​ក្នុង​ក្រុង និង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ក្នុង​ក្របខ័ណ្ឌ​ពិភពលោក​ទាំងមូល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ