អានតួអត្ថបទ
កម្ពុជា

គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មិនទាន់​ច្បាស់​ពី​ការដើរ​ដង្ហែ​ក្បួន​តាម​ដងផ្លូវ

គិត​ត្រឹម​ព្រឹក​ថ្ងៃអាទិត្យ​ទី១៥ ធ្នូ​នេះ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មិនទាន់​ច្បាស់លាស់​ពី​គម្រោង​ការដើរ​ដង្ហែ​ក្បួន​នៅតាម​ទីសាធារណៈ​ក្នុង​បាតុកម្ម​មួយថ្ងៃម្តងៗរបស់ខ្លួន​នោះទេ។ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់ថា ពួកគេ​ត្រូវ​រងចាំ​ការណែនាំ​ពី​មេដឹកនាំ​គណបក្ស​គឺ លោក សម រង្ស៊ី និង​លោក កឹម សុខា នៅពេល​ជួបជុំ​រសៀល​ថ្ងៃអាទិត្យ​នេះ។ ប៉ុន្តែ​សាលា​រាជធានី​ភ្នំពេញ នៅ​មិនទាន់​បានទទួល​លិខិត​ជូនដំណឹង​ណាមួយ​ស្តីពី​មហា​បាតុកម្ម​រៀងរាល់ថ្ងៃ​រប​ស់​បក្សប្រឆាំង​នៅឡើយ​ទេ។

បាតុកររបស់​គណបក្ស​សង្គ្រោះ​ជាតិដែលបាន​មកជួប​​ជុំគ្នា​នៅទីលាន​ប្រជាធិបតេយ្យ ដើម្បីត្រៀមធ្វើបាតុកម្ម​ជា​រៀង​រាល់​ថ្ងៃ។
បាតុកររបស់​គណបក្ស​សង្គ្រោះ​ជាតិដែលបាន​មកជួប​​ជុំគ្នា​នៅទីលាន​ប្រជាធិបតេយ្យ ដើម្បីត្រៀមធ្វើបាតុកម្ម​ជា​រៀង​រាល់​ថ្ងៃ។ @rfi/channa
ផ្សាយពាណិជ្ជកម្ម

គណបក្ស​សង្គ្រោះ​ជាតិ ហាក់​នៅ​មិនទាន់​ច្បាស់​ថា​តើ​គណបក្ស​នេះ នឹងត្រូវ​ដង្ហែ​ក្បួន​ចុះ​ផ្លូវ​តវ៉ា​ដែរ​ឬ​យ៉ាងណា​នោះទេ​សម្រាប់​ការធ្វើ​បាតុកម្ម​បន្តបន្ទាប់​របស់ខ្លួន។ នេះ​បើតាម​ការ​បញ្ជាក់​​ថា​រប​ស់លោក ហូ វ៉ាន់​តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ និង​ជា​អ្នកទទួលបន្ទុក​បាតុកម្ម​របស់​​គណបក្ស​សង្គ្រោះ​ជាតិ។

 
លោក ហូ វ៉ាន់ បាន​បញ្ជាក់ថា នៅ​ថ្ងៃអាទិត្យ​នេះ បាតុករ​ទាំងអស់​គ្រាន់តែ​ជួបជុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ ដោយ​មិន​ការដើរ​ដង្ហែ​ក្បួន​អ្វី​នោះទេ។ ព្រោះថា បាតុករ​ទាំងអស់​ត្រូវ​រងចាំ​ស្តាប់​ការពន្យល់​ពី​សំណាក់​មេដឹកនាំ​គណបក្ស គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា​ដែល​នឹងត្រូវ​ថ្លែង​ទៅកាន់​បាតុក​គាំ​ត្រ​របស់ខ្លួន​នា​រសៀល​នេះ​ថា​តើ​អ្វី​ជា​យុទ្ធសាស្ត្រ​ធ្វើ​បាតុកម្ម​​ជា​រៀងរាល់​ថ្ងៃរបស់គណបក្ស។

គួរបញ្ជាក់​ថា​តាម​គម្រោង​ដើម​របស់​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​នេះ​នឹងត្រូវ​ដើរ​ដង្ហែ​ក្បួន​នៅតាម​ផ្លូវ​មួយចំនួន​នា​រសៀល​ថ្ងៃអាទិត្យ​នេះ។ យ៉ាងណាក៏ដោយ គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់បាន​បញ្ជូន​លិខិត​ជូនដំណឹង​ពី​ការធ្វើ​បាតុកម្ម​ឥតឈប់ឈរ​របស់ខ្លួន​ដល់​សាលា​រាជធាន​ភ្នំពេញ​នៅឡើយ​នោះទេ។ ដោយ​រងចាំ​រហូតដល់​ថ្ងៃ​ចន្ទ ​ជា​ថ្ងៃ​ធ្វើការ។

ប៉ុន្តែ​សាលា​រាជធានី​ភ្នំពេញ តាមរយៈ​លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ បាន​បញ្ជាក់ថា ប្រសិន​បើ​គណ​កប្ស​សង្គ្រោះ​ជាតិ​ប្តូរ​មក​ធ្វើបាតុកម្ម​ជា​រៀងរាល់ថ្ងៃ​យ៉ាង​ដូចនេះ គណបក្ស​មួយ​នេះ យ៉ាងហោចណាស់​ត្រូវ​ជូនដំណឹង​ឱ្យបាន​មួយថ្ងៃ​មុន​ការធ្វើ​បាតុកម្ម​នោះដែរ។ លោក បាន​បន្តថា សាលា​រាជធានី​ភ្នំពេញ​មាន​ទីតាំង​មួយ​ជាអចិន្ត្រៃយ៍រងចាំ​ទទួល​លិខិត​ជូន ដំណឹង​នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ​ផ្ទាល់​តែម្តង។

គួរ​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្តូរ​ការធ្វើ​បាតុកម្ម​ពីមួយ​សប្តាហ៍ម្តងៗ មកជា​បាតុកម្ម​​ជា​រៀងរាល់ថ្ងៃ​វិញ បន្ទាប់ពី​មាន​កិច្ចប្រជុំ​គណៈ​អចិ​ន្ត្រៃ​គណបក្ស​កាលពី​ថ្ងៃ​សុក្រ ១៣ធ្នូ​នេះ។ គណបក្ស​សង្គ្រោះ​ជាតិ​អះអាងថា ការធ្វើ​បាតុកម្ម​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ទាមទារ​ឱ្យ​បក្ស​កាន់អំណាច​យល់ព្រម​បោះឆ្នោតជាតិ​សារ​ឡើងវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ