អានតួអត្ថបទ
កម្ពុជា

គណបក្ស​សង្គ្រោះ​ជាតិ​ប្តូរ​មក​ធ្វើបាតុកម្ម​ជា​រៀងរាល់ថ្ងៃ​វិញ​ចាប់ពី​ថ្ងៃអាទិត្យ​តទៅ

គណបក្ស​សង្គ្រោះ​ជាតិ​បានសម្រេច​ផ្លាស់ប្តូរ​ពី​ការធ្វើ​បាតុកម្ម​រៀងរាល់​ថ្ងៃអាទិត្យ​មក​ធ្វើ​បាតុកម្ម​​រៀងរាល់ថ្ងៃ​វិញ​ចាប់ពី​ថ្ងៃអាទិត្យ​ទី១៥ធ្នូ​នេះ​តទៅ។ ការផ្លាស់ប្តូរ​ផែនការ​បាតុកម្ម​នេះ​ត្រូវបាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សម្រេច​ក្នុង​កិច្ចប្រជុំ​កាលពី​ល្ងាច​ថ្ងៃ​សុក្រ ហើយ​ត្រូវបាន​លោក​សម រង្ស៊ី​ប្រកាស​ឲ្យ​ដឹង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ។ សាលា​រាជធានី​ភ្នំពេញ​អំពាវនាវ​ឲ្យ​បក្សប្រឆាំង​គោរព​នីតិវិធី​នៃ​ការធ្វើ​បាតុកម្ម។

លោក សម រង្ស៊ី កំពុងថ្លែង​ទៅកាន់ប្រជាពលរដ្ឋ​នៅ​ទីលានប្រជាធិបតេយ្យ ក្នុងថ្ងៃទិវាសិទ្ធមនុស្សអន្តរជាតិ១០ធ្នូ។
លោក សម រង្ស៊ី កំពុងថ្លែង​ទៅកាន់ប្រជាពលរដ្ឋ​នៅ​ទីលានប្រជាធិបតេយ្យ ក្នុងថ្ងៃទិវាសិទ្ធមនុស្សអន្តរជាតិ១០ធ្នូ។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ចាប់ផ្តើម​ពីថ្ងៃ​អាទិត្យ​ទី១៥ធ្នូ​ចុង​សប្តាហ៍​នេះ​ទៅ គណបក្ស​សង្គ្រោះ​ជាតិ​នឹងធ្វើ​បាតុកម្ម​ជា​រៀងរាល់ថ្ងៃ ​ជាប់​រហូត​ដោយ​ឥតឈប់ឈរ ​ដើម្បី​ទាមទារ​ឲ្យ​មានការ​រៀបចំ​បោះឆ្នោត​ឡើង​វិញ។ នេះ​បើ​យោងតាម​ការប្រកាស​ឲ្យ​ដឹង​របស់លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ល្ងាច​ថ្ងៃ​សុក្រ។

ការសម្រេច​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បើក​កិច្ចប្រជុំ​មួយ​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ទី១៣ធ្នូ។ នៅក្នុង​វីដេអូ​ខ្លី​មួយ​ដែល​លោក​សម រង្ស៊ី បាន​បង្ហោះ​នៅក្នុង​គេហទំព័រ Facebook ក្រោយពី​កិច្ចប្រជុំ​នោះ មេដឹកនាំ​បក្សប្រឆាំង​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​មក​ចូលរួម​ធ្វើបាតុកម្ម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ​ដើម្បី​សម្រេចការ​ទាមទារ​របស់​​ខ្លួន។

កាលពី​មុននេះ គណបក្ស​សង្គ្រោះ​ជាតិ​បានប្រកាសថា​នឹងធ្វើ​បាតុកម្ម​ជា​រៀងរាល់​ថ្ងៃអាទិត្យ​តែប៉ុណ្ណោះ​ចាប់ពី​ថ្ងៃអាទិត្យ​ទី ១៥ធ្នូ​នេះ​តទៅ។ ប៉ុន្តែ ឥឡូវនេះ គណបក្សប្រឆាំង​បាន​ផ្លាស់ប្តូរ​ផែនការ​របស់ខ្លួន​មក​ធ្វើបាតុកម្ម​ជា​រៀងរាល់ថ្ងៃ​វិញ។ លោក សម រង្ស៊ី​អះអាងថា នឹង​ទាមទារ​ឲ្យ​​ទាល់តែ​បានជា​ដាច់ខាត​នូវ​ការបោះឆ្នោត​ឡើងវិញ​ក្នុងពេលឆាប់ៗខាងមុខនេះ។ គោលដៅ​នេះ​ត្រូវបាន​មេដឹកនាំ​បក្សប្រឆាំង​សង្ឃឹមថា​អាច​សម្រេចបាន​ជោគជ័យ​តាមរយៈ​ការប្តេជ្ញាចិត្ត​របស់​អ្នកចូលរួម​បាតុកម្មម្នាក់។

ប៉ុន្តែ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បានបញ្ជាក់​ប្រាប់​ក្រុម​អ្នកកាសែត​កាលពី​ពុធ​ថា ការបោះឆ្នោត​ឡើងវិញ​មិនអាច​ប្រព្រឹត្តទៅ​បានឡើយ ​ពីព្រោះ​ការ​ទាម​ទារ​នេះ​គ្មាន​មូលដ្ឋាន​គ្រប់គ្រាន់។ ក្រសួងមហាផ្ទៃ​បានអនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើបាតុកម្ម​នៅ​ថ្ងៃអាទិត្យ​នៅលើ​ទីលាន​ប្រជាធិបតេយ្យ ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​ដើរ​ហែ​ក្បួន​តាម​ដងផ្លូវ​ទេ។ យ៉ាងណាក៏ដោយ គណបក្សប្រឆាំង​ទំនងជា​មិន​គោរព​តាម​ការណែនាំ​នេះ​ឡើយ។

លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​អះអាង​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា​នៅ​មិនទាន់​បានទទួល​សេចក្តីជូនដំណឹង​ណាមួយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​នៅឡើយ​ទេ។ លោក​បាន​អំពាវនាវ​ឲ្យ​បក្សប្រឆាំង​គោរព​តាម​បែបបទ​នីតិវិធី​ក្នុងការ​ធ្វើបាតុកម្ម ហើយ​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ក្នុង​រាជធានី​ប្រុងប្រយ័ត្ន​ចំពោះ​សវ​ត្ថិ​ភាព​ក្នុងករណី​ដែលមាន​បាតុកម្ម​ខុសច្បាប់​កើតឡើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ