អានតួអត្ថបទ
កម្ពុជា

កម្ពុជា​សាទរ​ថ្ងៃ​ចុះ​បញ្ជី​ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក

ថ្ងៃ​៧​កក្កដា ឆ្នាំ​២០១១​នេះ ជា​ខួប​គម្រប់ ៣​ឆ្នាំ ថ្ងៃ​ចុះបញ្ជី​ប្រាសាទ​ព្រះវិហារ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។ ពិធី​សាទរ​ទ្រង់ទ្រាយ​ធំ​ត្រូវបាន​ធ្វើឡើង​នៅ​ប្រាសាទ​ព្រះវិហារ​។ តាម​វត្ត​អារាម និង​សាលារៀន​ នៅ​ទូទាំង​ប្រទេស បាន​ទូងស្គរ និង​វាយ​ជួង ដើម្បី​ជា​សញ្ញា​ឧទ្ទិស​ដល់​ថ្ងៃ​ជា​ប្រវត្តិសាស្ត្រ​នេះ។

ប្រាសាទព្រះវិហារ សម្បត្តិបេតិកភណ្ឌពិភពលោក
ប្រាសាទព្រះវិហារ សម្បត្តិបេតិកភណ្ឌពិភពលោក Reuters
ផ្សាយពាណិជ្ជកម្ម

​ប្រាសាទ​ព្រះវិហារ​ត្រូវបាន​ដាក់​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក កាលពី​ថ្ងៃ​ទី​៧ កក្កដា ឆ្នាំ​២០០៨​។ នៅ​ថ្ងៃ​៧​កក្កដា ២០១១​នេះ ជាថៃ​ខួប ៣ឆ្នាំ​។ មន្ត្រី​រដ្ឋាភិបាល កងទ័ព​នៅ​សមរភូមិមុខ និង​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស បាន​ប្រារព្ធ​​ពិធី​ជួបជុំ​យ៉ាង​អធិកអធម ដើម្បី​សាទរ​ថ្ងៃ​ដ៏​វិសេសវិសាល ជា​ប្រវត្តិសាស្ត្រ​នេះ។​

​ពិធី​ជួបជុំ​ទ្រង់ទ្រាយ​ធំ​ត្រូវបាន​ធ្វើឡើង​នៅ​ភូមិ​ធម្មជាតិ​សម្តេច​តេជោ ជិត​ប្រាសាទ​ព្រះវិហារ ដោយ​មាន​ការចូលរួម​ពី​លោក ជុច ភឿន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​ជា​ប្រធាន​អាជ្ញាធរជាតិ​ព្រះវិហារ លោកនាយ​ឧត្តមសេនីយ៍ ជា តារា មេទ័ព​ប្រចាំ​សមរភូមិ​មុខ ព្រម​ទាំង​កងទ័ព​ឈរជើង​នៅ​សមរភូមិ​ជាច្រើនរូប​ទៀត​។​

​ដើម្បី​សាទរ​ថ្ងៃ​ចុះបញ្ជី​ប្រាសាទ​ព្រះវិហារ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក កាលពី​ម៉ោង ៧ ព្រឹក​ថ្ងៃ​ទី​៧​កក្កដា​នេះ តាម​វត្ត​អារាម​នានា ក៏​បាន​ទូងស្គរ​ព្រមៗ​គ្នា​។ ​ដោយឡែក​ នៅ​ភ្នំពេញ ពិធី​សាទរ​ត្រូវបាន​អាជ្ញាធរ​ក្រុង​រៀបចំ​ធ្វើ​នៅ​ម៉ោង ១០​ព្រឹក។ នៅ​តាម​វត្តអារាម ​គ្រឹះស្ថាន​រដ្ឋ និង​​​សាលារៀន មាន​ពិធី​ជួបជុំ​ព្រះសង្ឃ មន្ត្រីរាជការ និង​សិស្សសាលា ដើម្បី​ទូងស្គរ និង​វាយ​ជួង​ នៅ​ម៉ោង ១០ ព្រឹក​។​ ​មន្ត្រីរាជការ និង​សិស្សសាលា ក៏​បាន​ប្រមូលផ្តុំ​តាម​ស្ថាប័ន​នីមួយៗ ដោយ​មាន​កាន់​ទង់ជាតិ និង​ទង់​អង្គការ​យូណេស្កូ​លើក​គ្រវី ព្រមទាំង​ច្រៀង​បទ​ពង្សាវតារ​ខ្មែរ​។​

​ជា​ការកត់សម្គាល់ ក្នុង​ពិធី​សាទរ​ថ្ងៃ​ដាក់​ប្រាសាទ​ព្រះវិហារ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នៅ​ប្រាសាទ​ព្រះវិហារ ចាប់តាំងពី​ថ្ងៃ​ម្សិលមិញ មកដល់​ថ្ងៃ​៧​កក្កដា​នេះ មន្ត្រីជាន់ខ្ពស់​កម្ពុជា​បាន​លើក​បង្ហាញ​ដល់​អ្នកកាសែត ពី​ការ​វាយប្រហារ​របស់​ថៃ មកលើ​កម្ពុជា​ជា​បន្តបន្ទាប់ ចាប់តាំងពី​ថ្ងៃ​១៥​កក្កដា ឆ្នាំ​២០០៨​។ គ្រាប់កាំភ្លើង​របស់​ទាហាន​ថៃ ចំនួន ៤១៤​គ្រាប់ រួម​ទាំង​គ្រាប់បែក​ចង្កោម​រាប់រយ​គ្រាប់ ដែល​បាន​បំផ្លាញ​ប្រាសាទព្រះវិហារ ក៏​ត្រូវ​បាន​លើកឡើង ក្នុង​ពិធី​ជួបជុំ​ផងដែរ​។​

​​លោក ផៃ ស៊ីផា​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​អះអាងថា ​ព្រឹត្តិការណ៍​សាទរ​របស់​កម្ពុជា​នៅថ្ងៃនេះ ​មិនមែន​ជា​ការ​បង្ក​ជម្លោះ ឬ​​ការ​​​លាប​ពណ៌ ​វាយប្រហារ ប្រឆាំង​ប្រទេស​ណា​ទេ​។ កម្ពុជា​គ្រាន់តែ​បង្ហាញ​ការពិត​នូវ​អ្វី​ដែល​បាន​កើតឡើង​លើ​ប្រាសាទ​ព្រះវិហារ ដែល​ជា​សម្បត្តិ​របស់​ម​នុស្ស​ជាតិ​តែ​ប៉ុណ្ណោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ