អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក កឹម សុខា និងលោក ស ខេង លែង​ក្លាយ​ជា​ដៃ​គូរ​សន្ទនា​នៅ​ក្នុង​រដ្ឋសភា​ជា​ផ្លូវ​ការ

គ្មាន​ទៀត​ឡើយ​តំណែង​ថ្នាក់​ដឹក​នាំ​តំណាង​រាស្ត្រ​និង​តំណែង​ប្រធាន​ក្រុម​មតិ​ភាគ​តិចនៅ​រដ្ឋ​សភា។ នេះ​មាន​ន័យ​ថា តំណែង​ជា​ដៃ​គូរ​សន្ទនា​នៅ​ក្នុង​រដ្ឋសភា​រវាង​លោក កឹម សុខា និង លោក ស ខេង ត្រូវ​បាន​រំលាយ​ទាំង​ស្រុង​ហើយ បន្ទាប់​ពី​រដ្ឋ​សភា​កាល​ពី​ថ្ងៃទី៣១​មករា បាន​អនុម័ត​លើ​សំណើ​សុំ​ធ្វើ​វិសោធនកម្ម​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា​លើ​ប្រការ៤៨​ថ្មី(៣) ស្ដី​ពី​ការ​លុប​ចោល​តំណែង​ប្រធាន​ក្រុម​មតិ​ភាគ​តិច​នៃ​រដ្ឋសភា​របស់​លោក កឹម សុខា ដែល​មាន​ឋានៈ​ស្មើ​នាយករដ្ឋមន្រ្តី។ នេះ​បើ​ផ្អែក​តាម​សេចក្ដី​សម្រេច​របស់​រដ្ឋសភាចុះ​ថ្ងៃ​ទី​១០​កុម្ភៈ។

លោក​ស ខេង និងលោកកឹម សុខា ដែលបានជួបគ្នានៅរដ្ឋសភាកាលពីថ្ងៃទី១០ ធ្នូ ២០១៥។
លោក​ស ខេង និងលោកកឹម សុខា ដែលបានជួបគ្នានៅរដ្ឋសភាកាលពីថ្ងៃទី១០ ធ្នូ ២០១៥។ © siv channa
ផ្សាយពាណិជ្ជកម្ម

ទោះ​ជា​តំណែង​ប្រធាន​ក្រុម​មតិ​ភាគ​តិច​នៃ​រដ្ឋ​សភា​របស់​លោក កឹម សុខា ដែល​មាន​ឋានៈ​ស្មើ​នាយករដ្ឋមន្រ្តី​ត្រូវ​បាន​លុប​ចោល​ទាំង​ស្រុង​ហើយ​ក៏​ដោយ​តែ​លោក កឹម សុខា នៅ​តែ​ជា​សមាជិក​រដ្ឋសភា​ធម្មតា​ដោយ​តំណែង​នេះ​មិន​បាន​បាត់​បង់​ទៅ​ជាមួយ​នោះទេ។ លោក ស ខេង ក៏​ដូច​គ្នា​អញ្ចឹង​ដែរ។

បន្ថែម​ពី​លើ​ការ​លុប​ចោល​តំណែង​ថ្នាក់​ដឹក​នាំ​តំណាង​រាស្ត្រ​និង​តំណែង​ប្រធាន​ក្រុម​មតិភាគ​តិច​នៅ​រដ្ឋសភា​ហើយ​នោះ រដ្ឋសភា​ក៏​បាន​ដក​ហូត​មធ្យោបាយ​នានា​ពី​ថ្នាក់​ដឹក​នាំគណបក្ស​ទាំង​ពីរ​ដែរ​ដោយ​រួម​មានៈ ការិយាល័យ​ធ្វើ​ការ​ដែល​ស្ថិត​នៅ​ក្នុង​រដ្ឋសភា​និងរថយន្ត ប្រាក់​បៀវត្ស​ជាដើម។ ហើយ​ជំនួយ​ការ​មក​ពី​គណបក្ស​រៀងៗ​ខ្លួន​ក៏​ត្រូវ​បានលុប​ចោល​ក្នុង​ពេល​តែ​មួយ​នេះ​ដែរ។ ​នេះ​បើ​តាម​ការ​អះអាង​របស់ លោក ឡេង ប៉េងឡុង អគ្គលេខា​ធិការ​រដ្ឋសភា​និង​ជា​អ្នក​នាំ​ពាក្យ។   

សូមបញ្ជាក់ថា លោក កឹម សុខា បាន​ស្ថិត​នៅ​ក្នុង​តំណែង​ជា​ប្រធាន​ក្រុម​មតិ​ភាគ​តិចជំនួស​លោក សម រង្ស៊ី ត្រឹម​រយៈ​ពេល​មួយ​ដ៏​ខ្លី​បំផុត។ ដែល​តំណែង​នេះ​លោក កឹម សុខា ទទួល​បាន​កាល​ពី​ថ្ងៃ​ទី​៦​ខែ​ធ្នូ​ឆ្នាំ​២០១៦ បន្ទាប់​ពី​លោក​ទទួល​បាន​ការ​លើក​លែងទោស​ពី​ព្រះមហាក្សត្រ។

ដើម​ហេតុ​ដែល​នាំ​ឲ្យ​ឈាន​ដល់​ការ​រំលាយ​តំណែង​ថ្នាក់​ដឹក​នាំ​តំណាង​រាស្ត្រនិ​ងតំណែង​ប្រធាន​​ក្រុម​មតិ​ភាគ​តិច​នៅ​រដ្ឋសភា គឺ​បណ្ដាល​មក​ពី​ការ​ចរចា​ទាម​ទារ​ឲ្យដាក់​របៀប​វារៈ​ស្ដី​ពី​ការ​ដោះ​លែង​អ្នក​ទោស​ដែល​ធ្វើឲ្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនសប្បាយចិត្តក៏​ស្នើ​ឲ្យ​មាន​ការធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា​នេះ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា ការលុបចោល​តំណែង​ប្រធាន​ក្រុម​មតិ​ភាគតិច​នៃ​រដ្ឋ​សភា​​រប​ស់លោក កឹម សុខា នេះ គឺ​ដើម្បី​កុំ​ឲ្យ​ភាគី​គណបក្សប្រឆាំង​ប្រើប្រាស់​យន្តការ​នេះ ជា​ច្រក​មួយ ដើម្បី​ចរចា​ឲ្យ​មានការ​ដោះ​លែង​​អ្នកទោស។ ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាត់ទុកថា គឺជា​ការបំពាន​ដល់​​អំណាច​តុលាការ​នៅក្នុង​ប្រទេ​ស​​កម្ពុជា។

តែសម្រាប់គណបក្សសង្គ្រោះជាតិ ការ​ធ្វើ​វិសោធនកម្ម​បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា​ ប្រការ ៤៨​ថ្មី​បី ដែល​មាន​៦៧​សំឡេង​គាំ​ទ្រ ធ្វើ​ឡើង​ដោយ​អ្នក​តំណាង​រាស្ត្ររបស់​បក្ស​កាន់អំណាច​តែ​ឯក​ឯង​ គឺបក្ស​ប្រឆាំង​ទទួល​យក​មិន​បាន​ទេ​ ព្រោះ​វា​គ្មាន​សម​ហេតុ​សមផល​ ហើយ​វា​ធ្វើ​ឡើង​ដោយ​គ្មាន​មូល​ដ្ឋាន​ច្បាប់​ ខុស​នីតិវិធី​ច្បាប់​ និង​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ នៅ​ស្រុក​ខ្មែរ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ