អានតួអត្ថបទ
កម្ពុជា

លោក​​កឹម សុខា ​អំពាវនាវ​​ជាថ្មី​​កុំ​​ឲ្យ​​សមាជិក​​ភ្ញាក់ផ្អើល​​នឹង​​រឿងរ៉ាវ​​ដែល​​កើត​ឡើង​លើ​​បក្ស​ប្រឆាំង​

ចំពោះមុខ​រឿងរ៉ាវ​ដែល​បានកើត​ឡើងលើ​គណបក្ស​សង្គ្រោះ​ជាតិ​នាពេល​ចុង​ក្រោយនេះ បង្ខំ​ឲ្យ​លោក​កឹម សុខា ប្រធានស្តីទី​គណបក្សប្រឆាំង​ចេញមុខ​អំពាវនាវ​ម្តង​ជា​ពីរដង​ទៅដល់​សមាជិក និង​សកម្មជន​របស់ខ្លួន​កុំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល។ តាម​លោក​កឹម សុខា រឿង​ដែល​សំខាន់​សម្រាប់​គណបក្ស​ស​ង្គ្រោះ​ជាតិ គឺ​ដំណើរ​ឆ្ពោះទៅរក​ការបោះឆ្នោត​នាពេលខាងមុខ​ឯណោះ​ទេ។

លោក​​កឹម សុខា ​អំពាវនាវ​​ជាថ្មី​​កុំ​​ឲ្យ​​សមាជិក​​ភ្ញាក់ផ្អើល​​នឹង​​រឿងរ៉ាវ​​ដែល​​កើត​ឡើង​លើ​​បក្ស​ប្រឆាំង​
លោក​​កឹម សុខា ​អំពាវនាវ​​ជាថ្មី​​កុំ​​ឲ្យ​​សមាជិក​​ភ្ញាក់ផ្អើល​​នឹង​​រឿងរ៉ាវ​​ដែល​​កើត​ឡើង​លើ​​បក្ស​ប្រឆាំង​ @kem sokha
ផ្សាយពាណិជ្ជកម្ម

 

តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ លោក​កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​បាន​ប្រាប់​ថ្នាក់ដឹកនាំ​មូលដ្ឋាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្តកណ្ដាល​ថា លោក​ដឹង​ពី​ការឈឺចាប់​របស់​ពួកគេ​ចំពោះ​ភាពអយុត្តិធម៌​ដែល​កើតមាន​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​ការឈឺចាប់​មិនអាច​បញ្ចប់​បានឡើយ​បើ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​បន្ត​ការខិតខំ​តស៊ូ អត់ធ្មត់​ដោយ​រួបរួមគ្នា​ឲ្យ​កាន់តែ​រឹងមាំ​ឡើង​ទេនោះ។ លោក​កឹម សុខា បាន​សូម​ឲ្យ​សមាជិក​របស់ខ្លួន​ប្រែក្លាយ​ការឈឺចាប់ ដើម្បី​ជោគជ័យ​វិញ ហើយ​លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ​មាន​កិច្ចការ​ច្រើនណាស់​ដែល​ត្រូវធ្វើ​ចំពោះមុខ​នេះ។ ដូច្នេះ​លោក​អំពាវនាវ​ឲ្យ​ពួកគេ​ផ្ដោតលើ​កិច្ចការ​របស់​គណបក្ស​ជាជាង​ការភ្ញាក់ផ្អើល​នូវ​អ្វីដែល​លោក​កឹម សុខា សង្កត់ធ្ងន់ថា “គេ​បង្ក បង្កើត​ដើម្បី​រំខាន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ។

នេះ មិនមែនជា​លើកទីមួយ​នោះទេ​ដែល​លោក​កឹម សុខា​បានលើកឡើង​ដូច្នេះ។ កាលពី​ថ្ងៃទី៣១ មករា​កន្លងទៅ គឺ​នៅពេល​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​មូលដ្ឋាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្តកំពង់ចាម លោក​ប្រធានស្តីទី​គណបក្សប្រឆាំង ក៏បាន​អំពាវនាវ​កុំ​ឲ្យ​សមាជិក​របស់ខ្លួន​ភ្ញាក់ផ្អើល​នឹង​រឿងរ៉ាវ​ដែល​កើតឡើង​មកលើ​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ គឺ​ផ្តោត​សំខាន់​តែ​លើ​ការបោះឆ្នោត​បាន​ហើយ។
ការអំពាវនាវ​ម្តង​ជា​ពីរដង​របស់លោក​កឹម សុខា បានកើត​ឡើង បន្ទាប់ពី​រូបលោក​ផ្ទាល់​ត្រូវ​ខ្ទាត​ចេញពី​តំណែង​ជា​ប្រធាន​ក្រុម​មតិ​ភាគតិច​នៅក្នុង​រដ្ឋសភា​តាមរយៈ​ការធ្វើ​វិសោធនកម្ម​ប្រការ៤៨ថ្មី(បី)នៃ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​របស់​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា។

លើសពីនេះទៅទៀត លោក​សម រង្ស៊ី ប្រមុខ​គណបក្សប្រឆាំង​ដែល​ស្ថិត​ក្រៅប្រទេស​នោះ ក៏ត្រូវ​បាន​លោក​ហ៊ុន សែន​លើកឡើង​ពី​លទ្ធភាព​នៃ​ការលក់​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​យកលុយ​សង​សំណង​ជំងឺ​ចិត្ត​ក្នុង​សំណុំ​បរិហារ​កេ​រ្ត៍​លើ​រូបលោក​ទៀតផង។ អ្វីដែល​ធ្ងន់ធ្ងរ​ជាង​នេះ គឺ​លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជា​ឲ្យ​ក្រុមការងារ​របស់លោក​ព្រាង​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដើម្បី​រឹតបន្តឹង​ដល់​គណបក្ស​ទាំងអស់ ដែល​នេះ គឺអាច​នឹង​ជះឥទ្ធិពល​មិនល្អ​ទាល់តែសោះ​ដល់​គណបក្សប្រឆាំង។ ម្យ៉ាងវិញទៀត លោក​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក៏បាន​ប្រកាស​បិទផ្លូវ​ក្នុងការ​លើកលែងទោស​ដ​ល់​លោក​ហុង សុខ​ហួរ និង​លោក​អ៊ុំ សំអាន​ថែមទៀត។ ស្របពេល​គ្នា​នេះដែរ តំណាងរាស្ត្រ​បក្សប្រឆាំង​ខ្លះ ក៏​ស្រាប់​មានការ​បែកធ្លាយ​រឿងអាស្រូវ​ផ្លូវភេទ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក។

សម្រាប់​លោក​កឹម សុខា លោក​យល់ថា គណបក្ស​សង្គ្រោះ​ជាតិ​ស្ទើ​តែ​មិនចាំបាច់​និយាយ​ច្រើន​ទេ ព្រោះ​សាធារណៈមតិ ទាំង​ជាតិ និង​អន្ដរជាតិ ជាពិសេស​ប្រជាពលរដ្ឋ​ខ្មែរ បានឃើញ បានឮ និង​បាន​យល់​អស់ហើយ​ថា​តើ​អ្នកណា​បានធ្វើ​នូវ​អ្វីដែល​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ ឬ ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ