អានតួអត្ថបទ
កម្ពុជា

ពលករ​ខ្មែរ​ខុស​ច្បាប់​នៅ​ថៃ​អាច​ធ្វើ​បែប​បទ​ធ្វើការ​ស្រប​ច្បាប់​នៅ​ទីនោះ​តែ​ម្តង​

ស្ថាន​​ឯក​អគ្គ​រាជ​ទូត​​កម្ពុជា​​ប្រចាំ​​នៅ​ក្នុង​​ប្រទេស​​ថៃ​​កាល​ពី​​ថ្ងៃ​​ព្រហស្បតិ៍​ ​បាន​ចេញ​​សេចក្តី​ជូន​ដំណឹង​​មួយ​​ដល់​​ពលករ​​ខ្មែរ​​ខុស​ច្បាប់​​នៅ​​ថៃ​ ថា​ពួកគេ​​​អាច​​ធ្វើ​​​បែប​​បទ​​​ធ្វើ​ការ​និង​ស្នាក់​នៅ ​​​ទីនោះ​​​​ ​ស្រប​​ច្បាប់​​​បាន​​តែ​​​ម្តង​​ ដោយ​​​មិន​​ចាំ​​បាច់​​​ម​ក​​​​កម្ពុជា​​​វិញ​​​នោះ​​ទេ​​។​ ​ពលករ​​​ត្រូវ​​​ទៅ​​​ចុះ​​បញ្ជី​​​នៅ​​ “​ មជ្ឈ​មណ្ឌល​​​ច្រក​​ចេញ​​ចូល​​​​តែ​​មួយ​​” ​​នៅ​​តាម​​​បណ្តា​​​ខេត្ត​​​របស់​​​ថៃ​ ​ដែល​​​ខ្លួន​​​កំពុង​​ស្នាក់​​នៅ​​ និង​ ធ្វើការ​។ ​​នេះ​ ​ជា​​​ជំហាន​​​ថ្មី​​​មួយ​​ទៀត​​​របស់​​​ក្រសួង​​ការ​​បរទេស​​​កម្ពុ​ជា​​​ក្នុង​​​ការ​​ជួយ​​​សម្រួល​​​ដល់​​​ពលករ​​​ខ្មែ​រ​​​ដែល​​​កំពុង​​​ស្នាក់​​នៅ ​​និង​ ​ធ្វើ​​ការ​​​ខុស​​ច្បាប់​​​លើ​​ទឹក​​​ដី​​​ថៃ​​។​

ពលករខ្មែរខុសច្បាប់ ​ពេល​ថៃបញ្ជួនមកដល់ច្រកប៉ោយប៉ែត​
ពលករខ្មែរខុសច្បាប់ ​ពេល​ថៃបញ្ជួនមកដល់ច្រកប៉ោយប៉ែត​ RFI
ផ្សាយពាណិជ្ជកម្ម

ចាប់ពីពេលនេះ​តទៅ ពលករ​ខ្មែរ​ដែល​កំពុង​ស្នាក់នៅ និង ធ្វើការ​ខុសច្បាប់​នៅក្នុង​ប្រទេស​ថៃ អាចធ្វើ​បែបបទ​ស្នាក់នៅ និង ធ្វើការ​ស្របច្បាប់​នៅ​ទីនោះ​បានតែ​ម្តង ដោយ​មិនចាំបាច់​ធ្វើដំណើរ​មក​ប្រទេស​កម្ពុជា​នោះទេ។

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​នៅក្នុង​ប្រទេស​ថៃ កាលពី​ថ្ងៃ​ព្រហស្បតិ៍ បានចេញ​សេចក្តី​ជូនដំណឹង​​ដ៏​រីករាយ​មួយ ដល់​ពលករ​ខ្មែរ ក្នុងការ​បំពេញ​ភាពស្របច្បាប់​នៅក្នុង​ប្រទេស​ថៃ។ ដើម្បី​វិ​វត្ត​ខ្លួន​ពី​ពលករ​ខុសច្បាប់ ទៅ​ស្របច្បាប់​នោះ ពលករ​ទាំងអស់ ត្រូវ​ទៅ​ចុះបញ្ជី​នៅ មជ្ឈមណ្ឌល​ច្រកចេញចូល​តែមួយ នៅតាម​បណ្តា​ខេត្ត​របស់​ថៃ ដែល​ខ្លួន​កំពុង​ស្នាក់នៅ​ និង​ធ្វើការ។​

ចំពោះ​ពលករ​ដែលមាន​លិខិតឆ្លងដែន​រួចហើយ បន្ទាប់ពី​ចុះបញ្ជី ត្រូវ​បន្ត​ដាក់​ពាក្យសុំ​ទិដ្ឋាការ​ស្នាក់នៅ និង បណ្ណ​ការងារ​អចិន្ត្រៃយ៍​នៅ​ថៃ។ ដោយឡែក ចំពោះ​ពលករ​ពុំទាន់​មាន​លិខិតឆ្លងដែន ក្រោយពី​ចុះបញ្ជី​រួច ត្រូវសុំ​លិខិតឆ្លងដែន​ពី​អាជ្ញាធរ​កម្ពុជា។ បន្ទាប់ពី​ទទួលបាន​លិខិតឆ្លងដែន​ហើយ ត្រូវ​បន្ត​ដាក់​ពាក្យសុំ​ទិដ្ឋាការ​ស្នាក់នៅ និង បណ្ណ​ការងារ​អចិន្ត្រៃយ៍​នៅ​ថៃ​ថែមទៀត ។

លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃទី ១១ កក្កដា ឆ្នាំ ២០១៤ ថា ការណែនាំ​នេះ គឺ ដើម្បី​ឲ្យ​ពលករ​ខ្មែរ​ដែល​កំពុងស្នាក់នៅ និង ធ្វើ​ការមិន​ស្របច្បាប់​នៅក្នុង​ប្រទេស​ថៃ អាចបំពេញ​បែបបទ​តាម​ការណែនាំ ដើម្បី​ឈានទៅរកការស្នាក់នៅ និង ធ្វើការ​ស្របច្បាប់​នៅក្នុង​ប្រទេស​ថៃ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បាន​គូសបញ្ជាក់​បន្ថែមថា ចំពោះ​ពលករ​ខុសច្បាប់​ដែល​មិនទាន់មាន​លិខិតឆ្លងដែន​នោះ អាច​មកសុំ​ធ្វើលិខិត​ឆ្លងដែន​នៅ​ទីតាំង​ចំនួន​បួន​ដែល​ក្រសួងមហាផ្ទៃ​បានរៀបចំ​រួចជាស្រេច នោះ គឺ នៅ ប៉ោយប៉ែត ប៉ៃលិន ចាំ​យាម និង អូរ​ស្មាច់។ លោក កុយ គួ​ង សង្កត់ធ្ងន់ ថា ពលករ​អាចមក​ធ្វើលិខិត​ឆ្លងដែន​នៅទីនេះ ហើយ​ត្រឡប់​ទៅធ្វើ​ការ​នៅ​ថៃ​វិញ ដោយ​មិនចាំបាច់​មកកាន់​រាជធានី​ភ្នំពេញ​នោះឡើយ។ បន្ទាប់ពី​ធ្វើ​រួច មន្ត្រី​ក្រសួងមហាផ្ទៃ នឹង​បញ្ជូន​លិខិតឆ្លងដែន​ទាំងនោះ ទៅកាន់​ពលករ​វិញ តាមរយៈ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ។

សូមបញ្ជាក់ថា នេះ គឺ ជា​ជំហាន​ថ្មី​មួយទៀត​របស់​ក្រសួងការបរទេស​កម្ពុ​ជា ក្នុង​ការជួយ​សម្រួល ដល់​ពលករ​ខ្មែរ​ដែល​កំពុង​ស្នាក់នៅ និង ធ្វើការ​ខុសច្បាប់​នៅលើ​ទឹកដី​ថៃ ដែល​មិន​ត្រូវបាន​អាជ្ញាធរ​បញ្ជូនមក​កម្ពុ​ជា​វិញ។ យ៉ាង​ណា​ក៏​ដោយ​​ កន្លង​មក​អាជ្ញាធរ​ថៃ​​ បាន​ចាប់​បញ្ជូន​​ពលក​រ​ខ្មែរ​ខុស​ច្បាប់​មក​កាន់​កម្ពុជា​វិញ ​ជាង​ ២៥​ ម៉ឺន ​នាក់ ​ហើយ​គេ​មិន​បាន​ដឹង​ច្បាស់​ទេ​ថា នៅ​មាន​ពលករ​ខ្មែរ​ប៉ុន្មាន​នាក់​ទៀត​នោះ​ទេ​ ដែល​កំពុង​ស្នាក់​នៅ​ និង​ ធ្វើ​ការ​ខុស​ច្បាប់​នៅ​​ក្នុង​ប្រទេស​ថៃ​នោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ