អានតួអត្ថបទ
កម្ពុជា

ពលករ​ខ្មែរ​១៤​នាក់​ត្រូវ​បាន​ដោះ​លែង ​និង​បាន​មក​ដល់​កម្ពុជា​វិញ​ហើយ​

ទី​បំផុត​​ទៅ ​​ប្រទេស​​ថៃ​​បាន​​យល់​ព្រម​​ដោះ​លែង​​ពលករ​​ខ្មែរ​​ខុស​ច្បាប់​​ចំនួន​១៤​នាក់​​ឲ្យ​មាន​​សេរីភាព​​​​ឡើង​វិញ​​ហើយ​​នៅ​ពេល​នេះ ​និង​​បាន​​បញ្ជូន​​មក​ដល់​​កម្ពុ​​ជា​​វិញ​​តាម​​ច្រក​ព្រំ​ដែន​​អន្តរជាតិ​​ប៉ោយ​ប៉ែត​។ ​នេះ​​បើ​តាម​​ការ​បញ្ជាក់​​ពី​​ក្រសួង​ការ​បរទេស​​កម្ពុជា​​នៅ​​ថ្ងៃ​​សុក្រ​​ទី​៤ ​កក្កដា​​នេះ​។

ពលករ​ចំណាក​ស្រុក​
ពលករ​ចំណាក​ស្រុក​ ©rfi-ម៉េងហូរ
ផ្សាយពាណិជ្ជកម្ម

ពលរដ្ឋ​ខ្មែរ ១៤ នាក់​ដែល​តម្រួត​ថៃ​ចាប់​ដាក់ពន្ធនាគារ បានធ្វើ​ដំណើរ​មកដល់​ទឹកដី​កម្ពុជា​វិញ​ហើយ​​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​បន្ទាប់ពី​ការប្រកាស​ដោះលែង។ ក្នុង​ដំណើរ​វិលត្រឡប់​របស់​ពលករ​ចំណាកស្រុក​ទាំងនេះ អគ្គ​កុងស៊ុល​កម្ពុជា និង​មន្ត្រីខេត្ត​បន្ទាយមានជ័យ គឺជា​អ្នកទទួល​នៅ​ច្រក​ទ្វារ​​អន្តរជាតិ​ព្រំដែន​ប៉ោយ​ប៉ែក​ខាង​ទឹកដី​កម្ពុជា។

លោក​គោស៊ុំ ​សារឿ​ត ​អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា “អាជ្ញាធរ​​ក្រុង​ប៉ោយប៉ែត​បានរៀបចំ​ពិធី​ទទួល​និង​សំណេះសំណាល​នៅ​ច្រកព្រំដែន និង​ផ្តល់​ថវិកា​ម្នាក់១លាន​រៀល​ផងដែរ​ សម្រាប់​​ការ​ធ្វើដំណើរ​ត្រឡប់​ទៅកាន់​គេហដ្ឋាន​ផងដែរ"។

អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា លោក ​កុយ​ គួ​ង​បាន​បញ្ជាក់ថា ដំណឹង​នៃ​ការដោះលែង​នេះ ភាគី​ថៃ​ទើបតែ​បញ្ជាក់​ជា​ផ្លូវ​ការ​មកកាន់​ក្រសួងការបរទេស​កម្ពុ​ជា​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​តែ​ប៉ុណ្ណោះ។ ការរកឃើញ​ថាព​លក​រ​ខ្មែរ​ជា​អ្នករងគ្រោះ​ដោយ​ការបោក​បញ្ឆោត​របស់​មេ​ខ្យល់ និង​សំណើ​ពី​ភាគី​កម្ពុជា​យ៉ាង​ទទូច​ទៅកាន់​រដ្ឋាភិបាល​ថៃ។ នេះ​គឺជា​មូល​ហេតុដែល​តុលាការ​ខេ​ត្រ​ស្រះកែវ​​របស់​ថៃ ដោះលែង​ពលករ​ខ្មែរ​ទាំង១៤នាក់។ នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុ​ជា លោក កុយ គួ​ង​ដដែល។

ពលករ​ខ្មែរ​ទាំង១៤នាក់​នោះ មាន១០នាក់​ជា​ស្ត្រី និង ៤នាក់​ទៀត​ជា​បុរស មកពី​ខេត្តពោធិសាត់ សៀមរាប និង​បាត់ដំបង ដែលមាន​អាយុ​ចាប់ពី១៨ឆ្នាំ​ដល់ ៣២ឆ្នាំ។ សូម​រម្លឹក​ជូន​ថា ពលករ​ទាំង​១៤នាក់​នោះ ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​កាលពី​ពាក់កណ្តាល​ខែមិថុនា​កន្ល​ង​ទៅ ក្រោម​បទល្មើស​ប្រើប្រាស់​ឯកសារ​ការងារ​ក្លែងក្លាយ។

យ៉ាងណាក៏ដោយ ​ការដោះលែង​មេដឹកនាំ​បាតុករ​ថៃ​អាវ​លឿង វីរៈ​ ស៊ុម​ខ្វាម​ឃី​ត ដោយ​ភាគី​កម្ពុជា និង​ការដោះលែង​ពលករ​ខ្មែរ១៤នាក់​ដោយ​ភាគី​ថៃ​ស្របគ្នា​នេះ ត្រូវបាន​គេ​មើលឃើញ​ថា​​ជា​រូបភាព​នៃ​ការដោះដូរ​អ្នកទោស​គ្នា​រវាង​ប្រទេសជិតខាង​ទាំងពីរ។ ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី​​ហ៊ុន សែន ​បាន​ចេញមុខ​ច្រានចោល​ការរិះគន់​ទាំងនេះ។

សូម​រម្លឹក​ជូន​ថា ក្រោយ​ការដោះលែង​មេ​បាតុករ អាវ​លឿង ប្រមុខ​រដ្ឋាភិបាលយោធា​ថៃ លោក ប្រា​យុទ្ធ​ ចាន់​អូ​ចា បាន​ផ្ញើ​លិខិត​មួយច្បាប់​ថ្លែងអំណរគុណ​ចំពោះ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ និង​ព្រះមហាក្សត្រ​ខ្មែរ បើទោះបីជា​ថៃ​បាន​អនុវត្ត​គោលនយោបាយ​បណ្តេញចេញ​ពលករ​ខុសច្បាប់​ខ្មែរ​យ៉ាងគំហុក​ក៏ដោយ។ នេះ​បើតាម​លិខិត​ដែល​ក្រសួងការបរទេស​កម្ពុ​ជា​បញ្ចេញ​នៅ​ថ្ងៃ​សុក្រ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ