អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

មន្ត្រី​គយ​ចាប់​សាច់​ខូច​គុណភាព​ជាង​១​តោន ខណៈ​ការ​កុម៉្មង់​ទិញ​ម៉ាស៊ីន​ត្រួត​ពិនិត្យគុណភាព​សាច់​មិន​ទាន់​មក​ដល់

កាល​ពី​ថ្ងៃ​ទី​៩​មីនា មន្ត្រី​កាំកុង​ត្រូល​សហការ​ជាមួយ​មន្ត្រី​គយ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ចាប់​សាច់​មាន់​និង​ប្រហិត​ខូច​គុណភាព​ជាង​១​តោន​នាំ​ចូល​ពី​ថៃ។ សម្មភាពដែល​ឈ្មួញ​នាំ​ចូល​សាច់​ខូច​គុណភាព​មក​កម្ពុជា ធ្វើ​ឡើង​តាមរយៈ​ការ​បង្កប់​ក្នុង​រទេះដោយ​ដាក់​ទំនិញ​ពី​លើ​ដើម្បី​បំភ័ន្ត​ភ្នែក​សមត្ថកិច្ច។ ពាក់ព័ន្ធ​បញ្ហា​នេះ​កន្លង​មក​រដ្ឋ​មន្ត្រីក្រសួង​កសិកម្ម​អះអាង​ថា បាន​កុម្ម៉ង់​ទិញ​ម៉ាស៊ីន​ត្រួត​ពិនិត្យ​គុណភាព​សាច់​សត្វ​មក​ដែរ​។ ប៉ុន្តែ​គិត​មក​ដល់​ពេល​នេះ មន្ត្រី​​ជំនាញ​អះអាង​ថា ម៉ាស៊ីន​នោះ​មិន​ទាន់​មក​ដល់​នៅឡើយ​ទេ។

រូបថតៈសមត្ថកិច្ចចាប់សាច់ខូចគុណភាពជាង១តោន
រូបថតៈសមត្ថកិច្ចចាប់សាច់ខូចគុណភាពជាង១តោន @អគ្គស្នងការនគរបាលជាតិ
ផ្សាយពាណិជ្ជកម្ម

ដ្បិត​តែ​ម៉ាស៊ីន​ត្រួត​ពិនិត្យ​គុណភាព​សាច់​សត្វ​ដ៏​ទំនើប ដែល​កុម្ម៉ង់​ទិញ​កាល​ពី​ពាក់​ឆ្នាំ២០១៦​មិន​ទាន់​មក​ដល់​ក៏​ពិត​មែន តែ​មន្រ្តី​ជំនាញ​មាន​របៀប​ធ្វើ​ការ​របស់​ខ្លួន​ផ្សេង​ទៀតសម្រាប់​ត្រួត​ពិនិត្យ​សាច់​សត្វ​ខូច​គុណភាព។ ម៉ាស៊ីន​ទំនើប​នោះ​មាន​តួនាទី​វិភាគ​ទន្និន័យ​លម្អិត​ចំពោះ​កម្រិត​សាច់​ដែល​ត្រូវ​នាំ​ចូល​និង​ហាម​ឃាត់។ បើ​តាម​លោក សេង សុវណ្ណ ប្រតិភូ​រាជរដ្ឋា​ភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ ក្រសួង​កសិកម្ម​គឺ ម៉ាស៊ីន​ត្រួត​ពិនិត្យ​គុណ​ភាព​សត្វ​ដ៏ទំនើ​ប​នេះ​នឹង​មក​ដល់​នា​ពេល​ឆាប់ៗ។

លោក សេង សុវណ្ណ បាន​គូស​បញ្ជាក់​ថា សាច់​សត្វ​ដែល​ចាត់​ទុក​ថា ខូច​គុណ​ភាព​មានពីរ​ប្រភេទៈទី១ សាច់​មាន​គុណ​ភាព​តែ​ដឹក​ជញ្ជូន​មិន​បាន​ត្រឹម​ត្រូវ។ ទី២ សាច់​ដែល​មិនបាន​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​អនាម័យ​ឲ្យ​ត្រឹម​ត្រូវ។ លោក​បន្ថែម​ថា ភាគ​ច្រើន​សាច់​ខូចគុណ​ភាព ដែល​នាំ​ចូល​ពី​ថៃ​ជា​ប្រភេទ​សាច់​ខូច​គុណភាព​រួច​ទៅ​ហើយ។ ម្យ៉ាង​ទៀតសាច់​ទាំង​នោះ​គេ​អាច​ទិញ​មក​ប្រើប្រាស់​ដែរ​សម្រាប់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ប៉ុណ្ណោះ។

សូមបញ្ជាក់ថា នៅ​ក្នុង​ឆ្នាំ​២០១៦​កន្លង​ទៅ​កម្ពុជា​បាន​ចំណាយ​ប្រាក់​១​លាន​ដុល្លារសម្រាប់​នាំ​ចូល​សាច់​សត្វ​ពី​ក្រៅ​ប្រទេស​ដូចជា អូស្រ្តាលី អាមេរិក និង អឺរ៉ុប​ជាដើម។ហើយ​ចំពោះ​សាច់​ខូច​គុណភាព​ដែល​នាំ​ចូល​ពី​ថៃ​និង​វៀតណាម​វិញ​ក៏​មាន​ចំនួន​ច្រើនដែរ​ក្នុង​ឆ្នាំ​២០១៦​កន្លង​ទៅ។ នេះ​ជា​ការ​បន្ថែម​របស់​លោក សេង សុវណ្ណ ។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ធ្លាប់​លើក​ឡើង​ថា ដើម្បី​ពង្រឹង​លើ​ការ​ត្រួតពិនិត្យ​គុណភាព​សាច់​សត្វ​នាំ​ចូល​ពី​បរទេស រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួង​កសិកម្ម បាន​កុម៉្មង់​ទិញ​ម៉ាស៊ីន​ត្រួត​ពិនិត្យ​មើល​គុណភាព​សាច់​សត្វ ដែលពិ​និត្យ​ទៅ​លើ​សាច់​ត្រី ត្រីងៀត ប្រហុក ផ្អក ដែល​កំពុង​តែ​ដាក់​លក់​នៅ​ទីផ្សារ​កម្ពុជា​លាយ​ឡំ​ជាមួយ​សារ​ជាតិគីមី។

និយាយ​ដោយឡែក ទាក់​ទង​ការ​គ្រប់​គ្រង​សុវត្ថិភាព​ចំណី​អាហារ​នេះ​ដែរ កន្លង​មកក្រសួង​ពាណិជ្ជ​កម្ម​បាន​ដាក់​ឲ្យ​ដំណើរ​ការ ឡាន​​​ពិសោធន៍​​​ចល័ត​​​​​​ដំបូង​គេ​ ដើម្បីពិនិត្យ​​​​​រក​គីមី​​ក្នុង​ចំណី​អាហារ​​ជូន​ប្រជាពលរដ្ឋ​​ឥត​គិត​​ថ្លៃ។ តួនាទីរបស់ឡានពិសោធនេះ វិភាគ​​រក​ សំណល់​ថ្នាំ​ពុល​កសិកម្ម​ នៅ​ក្នុង​បន្លែ​ និង​ផ្លែ​ឈើ​ -សំណល់​​ថ្នាំ​បសុពេទ្យ​ នៅ​ក្នុង​សាច់​ និង​ផលិតផល​ផ្សំ​ពី​សាច់​ ជាដើម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ