អានតួអត្ថបទ
កម្ពុជា

កិច្ច​ចរចា​​រវាង​​បក្ស​​ទាំង​ពីរ​​នៅ​​ទ្រឹង​​​បន្ទាប់​ពី​​តុលាការ​​​ឃុំ​ខ្លួន​​សកម្មជន​​បក្ស​ប្រឆាំង​​

គិត​​មក​ដល់​​ថ្ងៃ​អាទិត្យ ​ទី ​០៣ ​សីហា​​នេះ ​ដំណើរ​​ការ​ចរចា​​ដើម្បី​​បញ្ចប់​​វិបត្តិ​​នយោ​បាយ​​ទាំង​ស្រុង​ រវាង​​គណបក្ស​​ទាំង​ពីរ​​នៅ​​មិន​ទាន់​មាន​​ភាព​ជឿន​លឿន​​ទៅ​មុខ​​ទេ​។ ​ហើយ​​កាល​ពី​​ថ្ងៃ​​សៅរ៍​ ម្សិល​មិញ ​តុលាការ​​បាន​សម្រេច​​ឃុំ​ខ្លួន​​សកម្មជន​​គណបក្ស​​សង្គ្រោះ​ជាតិ​​ចំនួន ​៣ ​នាក់​​នៅ​​ពន្ធ​នាគារ​​ព្រៃ​​ស​ បន្ទាប់​ពី​​ចេញ​​ដីកា​​កោះ​ហៅ​​បេក្ខជន​​តំណាង​រាស្ត្រ ​និង ​សកម្មជន​​ម្នាក់​​ជា​​លើក​​ទី​​ពីរ​​នោះ ​។ ​មន្ត្រី​ជាន់​ខ្ពស់​​គណបក្ស​​ប្រជា​ជន​កម្ពុជា ​អះ​អាង​ថា ​ការ​ចាប់​ខ្លួន​​នេះ ​ជា​​រឿង​​តុលាការ​ មិន​​ប៉ះ​ពាល់​​ដល់​​ការ​ចរចា​​បញ្ចប់​​បញ្ហា​រ​វាង​​គណបក្ស​​ទាំង​ពីរ​​នោះ​ឡើយ​។​

គណបក្ស​ទាំង​ពីរ​ចរចា​បញ្ចប់​វិបត្តិ​នយោបាយ​។
គណបក្ស​ទាំង​ពីរ​ចរចា​បញ្ចប់​វិបត្តិ​នយោបាយ​។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃអាទិត្យ​នេះ មិនទាន់​បានសម្រេច​ឯកភាពគ្នា​លើ​ចំណុច​ស្វ័យភាព​ក្នុងការ​រៀបចំ និង​ចាត់ចែង​ការងារ​របស់​គណៈ​កម្មាធិកា​រ​​ជាតិ​រៀបចំ​ការបោះឆ្នោត និង ពាក្យពេចន៍​មួយចំនួនទៀត ដែល​ត្រូវ​ចែង​ក្នុង​ជំពូក​ថ្មី​នៅឡើយ​នោះទេ។

លោក ជាម យៀប មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា បានបញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​​ នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ ថា ក្រុមការងារ​បាន​ផ្ញើ​កំណត់ហេតុ​ស្តីពី​ចំណុច​មិនទាន់​ឯកភាពគ្នា​​នេះ ទៅ​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​រួចហើយ ប៉ុន្តែ​មិនទាន់មាន​ការសម្រេច​បែប​ណា​នៅឡើយ​ទេ។

ដោយឡែក មន្ត្រីជាន់ខ្ពស់​ព្រមទាំង​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​ជុំវិញ​រឿងនេះ បាន​នៅឡើយ​ទេ នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ។ ក៏ប៉ុន្តែ លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​សង្គ្រោះ​ជាតិ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ កាល​ថ្ងៃ​សៅរ ថា បញ្ហា​នេះ មិនទាន់​មាន​អ្វី​ថ្មី​នៅឡើយ​ទេ។

សូមបញ្ជាក់ថា កាលពី​ថ្ងៃ សុក្រ  ក្រុមការងារ​វិសោធន​កម្ម​រដ្ឋធម្មនុញ្ញ​រប​ស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​ពិភាក្សាគ្នា​ ហើយក្រុមការងារ​នៃ​គណបក្ស​ទាំង​ពីរបាន​ឯកភាពគ្នា​រៀបចំ​វិសោធនកម្ម មាត្រា ៧៦ និង ការបង្កើត​ជំពូក​ថ្មី​ទាក់ទង​នឹង​អង្គការ រៀបចំ​​ការបោះឆ្នោត នៅក្នុង​រដ្ឋធម្មនុញ្ញ។ ប៉ុន្តែ​ក្រុមការងារ​បាន​ខ្វែងគំនិត​គ្នា​លើ​ការ ផ្តល់​ស្វ័យភាព​​ការងារ​ដល់​សមាជិក​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ ការបោះឆ្នោត និង ពាក្យពេជន៍​មួយចំនួនទៀត​នៅក្នុង​ជំពូក​ថ្មី​នេះ ដោយ​រង់ចាំ​ថ្នាក់​ដឹក​នាំ​ធ្វើ​ការ​សម្រេច​។​

ស្របពេល​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ទាំងពីរ​មិនទាន់​ឯកភាពគ្នា​លើ​បញ្ហា​ដែលសេសសល់​នោះ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​សៅរ ទី ០២ សីហា បាន ចាប់ខ្លួន​សកម្ម​ជនគ​ណ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន ៣ នាក់ និង​បាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស។ ហើយ​កាលពី​ថ្ងៃទី ៣១ កក្កដា តុលាការ​ក៏បាន​ចេញ​ដីកា​ជា​លើក​ទី ២ កោះហៅ​បេក្ខជន​តំណាងរាស្ត្រ ៨ រូប និង សកម្មជន​មួយរូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​បំភ្លឺ​ជា​បន្ត​បន្ទាប់ពី​ថ្ងៃទី ០៨ ដល់​ថ្ងៃ ១៣ សីហាខាង​មុខ​ផង​ដែរ​។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្កោលទោស ហើយ​ហៅ​ការចាប់ខ្លួន និង ដីការ​តុលាការ​ថា ជា​រូបភាព​គំរាមកំហែង​ថ្មី​មួយទៀត​មក​របស់​គណ​បក្ស​ប្រជា​ជប​កម្ពុជា មកលើ​គណបក្ស​សង្គ្រោះ​ជាតិ។ គណបក្ស​សង្គ្រោះ​ជាតិ​បាន​អំពាវនាវ​ឲ្យ​ដោះលែង​សកម្មជន​របស់ខ្លួន​ជាបន្ទាន់ និង គ្មាន​លក្ខខណ្ឌ។ ចំណែក​ អង្គភាព​ព័ត៌មាន និង ប្រតិកម្ម​រហ័ស នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​បានចេញ​សេចក្តីថ្លែងការណ៍​ដោយ ទាត់​ចោលការ​ថ្កោលទោស​នេះ។ ក្នុង​សេចក្តីថ្លែងការណ៍​នោះ អង្គភាព​ព័ត៌មាន និង ប្រតិកម្ម​រហ័ស បាន​អំពាវនាវ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​លាប​ពណ៌​មកលើ​រដ្ឋាភិបាល និង គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ប្រែក្លាយ​បទល្មើស​ព្រហ្មទណ្ឌ មកជា​រឿង​នយោបាយ​ដែល​នាំ​ប៉ះពាល់​ដល់​ឯករាជ្យភាព​របស់​តុលាការ។

ទោះបីជា​បែបនេះ​ក្តី លោក ជាម យៀប បាន​គូសបញ្ជាក់ថា ការចាប់ខ្លួន​នេះ​មិន​ប៉ះពាល់​ដល់​ការចរចា​រវាង​គណបក្ស​ទាំងពីរ​ឡើយ។ មិន​ប៉ះពាល់ ព្រោះថា វា​ជា​រឿង​ដាច់ដោយឡែក​ពីគ្នា ហើយ​ការចាប់ខ្លួន​នោះ​ជា​រឿង​របស់​តុលាការ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​មិនជា​ប់​ពាក់ព័ន្ធ​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ