អានតួអត្ថបទ
កម្ពុជា

សិក្ខា​សាលា​ថ្នាក់​ខេត្ត​ស្ដី​ពី​សេវា​សាធារណៈ បើក​ធ្វើ​ពេញ​មួយ​ថ្ងៃ នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ

ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត តំណាង​មន្ទីរ ការិយាល័យ​ជំនាញ អាជ្ញាធរ​មូលដ្ឋាន សមាគម​ក្រុមប្រឹក្សាឃុំ-សង្កាត់-ខេត្ត តំណាង​អង្គការ​សង្គម​ស៊ីវិល​និង​សហគមន៍ នៅក្នុង​ខេត្តបន្ទាយ​មានជ័យ សរុប​ប្រមាណ១០០នាក់ ជួប​ជុំ​គ្នា នៅ​ថ្ងៃ​ចន្ទ​នេះ ​ក្នុង​សិក្ខាសាលា​ថ្នាក់​ខេត្ត​មួយ ស្ដី​ពី «សិទ្ធិ​ទទួល​បាន​ព័ត៌មាន និង​កាតព្វកិច្ច​រដ្ឋាភិបាល ក្នុង​ការ​បើក​ចំហ​ព័ត៌មាន អំពី​តម្លៃ​សេវា​សាធារណៈ​របស់​ក្រសួង និង​​មន្ទីរ​នានា។ អ្នក​ចូល​រួម​ទាំង​អស់ នឹង​ពិភាក្សាគ្នា​អំពី​យុទ្ធសាស្ត្រ ដើម្បី​ពង្រឹង​នូវ​ការផ្សព្វផ្សាយ និង​បើកចំហ​ព័ត៌មាន​ស្ដីពី​​សេវាសាធារណៈ ដែលជា​តម្រូវ​ការចាំបាច់ របស់​ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋ និងអាជ្ញាកំពុងពិភាក្សាគ្នាអំពីសេវាសារធាណៈ នៅក្នុងសាលាឃុំ
ប្រជាពលរដ្ឋ និងអាជ្ញាកំពុងពិភាក្សាគ្នាអំពីសេវាសារធាណៈ នៅក្នុងសាលាឃុំ © ណាវិន​-RFI
ផ្សាយពាណិជ្ជកម្ម

វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ និង​អង្គការ​ក្រុម​ទ្រទ្រង់​ភូមិ រៀប​ចំ​សិក្ខាសាលា​ថ្នាក់​ខេត្ត ស្ដីពី «សិទ្ធិ​ទទួលបាន​ព័ត៌មាន និង​កាតព្វកិច្ច​រដ្ឋាភិបាល ក្នុងការ​បើកចំហ​ព័ត៌មាន អំពី​តម្លៃ​សេវាសាធារណៈ របស់​ក្រសួង​និង​មន្ទីរ​នានា» នៅ​ថ្ងៃទី២៤​កុម្ភៈ​នេះ នៅ​ខេត្តបន្ទាយ​មានជ័យ។ ជា​សិក្ខាសាលា ដែលមាន​គោលបំណង​ជំរុញ​ឲ្យ​អាជ្ញាធរខេត្ត និង​មន្ទីរជំនាញ ប្រកាស​ផ្សព្វផ្សាយ​ដល់​សាធារណជន អំពី​តម្លៃ​សេវាសាធារណៈ។

នាយក​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោល​នយោបាយ លោក​ណែប ស៊ីនថៃ ឲ្យ​ដឹង​ថា ការ​បើក​ចំហ​ប្រកាស​អន្ដរក្រសួង​របស់​ក្រសួង​មហាផ្ទៃ ស្ដី​ពី​ការ​ផ្ដល់​សេវា​រដ្ឋបាល​នៅ​រដ្ឋបាល​ថ្នាក់​ក្រោមជាតិ គឺ​ជា​ជំហាន​វិជ្ជមាន។ ប៉ុន្តែ ទន្ទឹម​គ្នា​នេះ បញ្ហា​ក៏​នៅ​តែ​មាន។ បើ​តាម​លោក​ណែប ស៊ីនថៃ ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​ទី​ដាច់​ស្រយាល មិន​បាន​ទទួល​ព័ត៌មាន​អំពី​ការ​ផ្ដល់​សេវា​សាធារណៈ​ឡើយ។ នេះ​ជា​អ្វី ដែល​អាជ្ញាធរ ត្រូវ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត។

នាយក​វិទ្យាស្ថាន​ដដែល បន្ថែម​ថា ព័ត៌មាន​ស្ដីពីការ​ផ្ដល់​​សេវាសាធារណៈ គឺជា​តម្រូវការ​ដ៏​ចាំបាច់​បំផុត​របស់​ប្រជាពលរដ្ឋ​ទូទៅ ហើយ​អភិបាលកិច្ច​ល្អ​របស់​ស្ថាប័ន​សាធារណៈ នឹង​មិនអាច​កើតមាន​ពិតប្រាកដ​បានទេ ប្រសិនបើ​គ្មាន​ការបិទ​ផ្សាយ និង​ការបើកចំហ​ព័ត៌មាន​ដ៏​ទូលំទូលាយ​នោះ។

នៅក្នុង​សិក្ខាសាលា​ថ្នាក់​ខេត្ត​រយៈពេល​មួយថ្ងៃ​នេះ ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត តំណាង​មន្ទីរ ការិយាល័យ​ជំនាញ អាជ្ញាធរ​មូលដ្ឋាន សមាគម​ក្រុមប្រឹក្សាឃុំ-សង្កាត់-ខេត្ត តំណាង​អង្គការ​សង្គម​ស៊ីវិល​និង​សហគមន៍ នៅក្នុង​ខេត្តបន្ទាយ​មាន​ជ័យ សរុប​ប្រមាណ១០០នាក់ នឹង​ពិភាក្សាគ្នា​អំពី​យុទ្ធសាស្ត្រ ដើម្បី​ពង្រឹង​នូវ​ការផ្សព្វផ្សាយ និង​បើកចំហ​ព័ត៌មាន​ស្ដីពី​តម្លៃ​សេវាសាធារណៈ ដែលជា​តម្រូវ​ការចាំបាច់ របស់​ប្រជាពលរដ្ឋ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ