អានតួអត្ថបទ
កម្ពុជា

សង្គម​​​ស៊ីវិល​​ និង​​គណបក្ស​ប្រឆាំង​ ​មិន​​អើពើ​​នឹង​​បម្រាម​​របស់​​ក្រសួង​មហាផ្ទៃ​​ទេ​

ការ​ហែ​ក្បួន​តាម​ដង​វិថី​នានា​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​អបអរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី៦៥នៅ​ឆ្នាំ២០១៣នេះ​ត្រូវបាន​ហាមឃាត់ ដោយ​ក្រសួងមហាផ្ទៃ។ ប៉ុន្តែ​សម្ព័ន្ធ​អង្គការ​ សង្គម​ស៊ីវិល​និង​គណបក្សប្រឆាំង​មិន​អើពើ​នឹង​បម្រាម​របស់​ក្រសួងមហាផ្ទៃ​ទេ ដោយ​អះអាងថា ការ​រិត​ត្បិត​ណាមួយ​ក្នុងឱកាស​នេះ បង្ហាញ​អំពី​ការគោរព​សិទ្ធិមនុស្ស​មិនបាន​ពេញលេញ​នៅ​កម្ពុជា និង​ថា រដ្ឋាភិបាល​ខ្លាច​ប្រជាជន។

ការហែក្បួន ដើម្បីគាំទ្រសិទ្ធមនុស្សនៅក្នុងទីក្រុងភ្នំពេញ កាលពីពេលកន្លង។
ការហែក្បួន ដើម្បីគាំទ្រសិទ្ធមនុស្សនៅក្នុងទីក្រុងភ្នំពេញ កាលពីពេលកន្លង។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ការ​ហែ​ក្បួន​តាម​ដង​វិថី​នានា​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​អបអរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី៦៥នៅ​ឆ្នាំ២០១៣នេះ​ត្រូវបាន​ហាមឃាត់។ ក្នុង​លិខិត​ផ្ញើ​ទៅ​សាលា​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានកំណត់​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ជួបជុំគ្នា​តែ​នៅលើ​ទីលាន​ប្រជាធិបតេយ្យ ពី​ម៉ោង៧ ដល់​ម៉ោង១២ ដោយ​មិនឱ្យ​លើសពី១ម៉ឺន​នាក់​ឡើយ។

ក្នុង​លិខិត​មួយ​ផ្សេងទៀត លោក ស ខេង អនុញ្ញាតឱ្យ​សមាជិក​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​ជា៥ពាន់​នាក់​ជួបជុំគ្នា​តែ​នៅ​រមណីយដ្ឋាន​វត្តភ្នំ ចាប់ពី​ម៉ោង៨ដល់​ម៉ោង១។ លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ហាម​អ្នកចូលរួម​ជាមួយ​គណ​បក្សប្រឆាំង មិនឱ្យ​ហែ​ក្បួន​តាម​ដងផ្លូវ​ឡើយ តែ​អាច​ចាត់​តំណាង​របស់ខ្លួន១០នាក់​យក​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋសភា។

តប​ទៅនឹង​បម្រាម​នេះ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ បាន​បញ្ចេញ​ប្រតិកម្ម​ថា «គណបក្ស​សង្គ្រោះ​ជាតិ​មិនត្រូវ​ការយក​ញត្តិ​ទៅ​ប្រគល់ឱ្យ​រដ្ឋាភិបាល​ឬ​រដ្ឋសភា​មិន​ស្របច្បាប់​នោះទេ។ ប៉ុន្តែ​យើង​នឹង​ដើរ​ដើម្បី​បង្ហាញ​ឱ្យ​គណបក្ស​ប្រជាជន​ឃើញ​កម្លាំង​ប្រជាជន ដែល​ចង់បាន​ការគោរព​សិទ្ធិមនុស្ស​ពេញលេញ លិ​ទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ និង​ការគោរពឆន្ទៈ​របស់​ម្ចាស់ឆ្នោត»។

 
តំណាងរាស្ត្រ​គណបក្សប្រឆាំង​រូបនេះ​បញ្ជាក់ថា «បើ​គណបក្ស​ប្រជាជន​មិនបាន​ធ្វើ​អ្វី​ក្បត់​ឆន្ទៈ​រាស្ត្រ​ទេ នោះ​គ្មានអ្វី​គួរឱ្យខ្លាច​ឡើយ»។ លោក យឹម សុវណ្ណ​បាន​បន្តថា បើ​គណបក្ស​ប្រជាជន​មិន​អើពើ​នឹង​ការទាមទារ​របស់​ប្រជាជន​នៅ​ថ្ងៃ១០ធ្នូ​នោះទេ គណបក្ស​សង្គ្រោះ​​ជាតិ ​នឹង​បន្តធ្វើ​បាតុកម្ម​នៅ​ថ្ងៃទី១៥ ទី២២ ទី២៩ និង​ជា​បន្តទៅ​រៀងរាល់ថ្ងៃ​អាទិត្យ។

ដោយឡែក លោក អំ សំអាត ប្រធាន​ផ្នែក​បច្ចេកទេស​របស់​អង្គការ​លីកាដូ ដែល​សម្រប​សម្រួលការ​ហែ​ក្បួន​របស់​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល បានចេញ​ប្រតិកម្ម​ថា ការ​រិត​ត្បិត​ណាមួយ នៅក្នុងឱកាស​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ១០ធ្នូ គឺ​បង្ហាញ​អំពី​ការគោរព​សិទ្ធិមនុស្ស​មិនបាន​ពេញលេញ​នៅ​កម្ពុជា។

លោក សំអាត ថ្លែងថា៖ «អ្នកចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​នឹង​ដើរ​ជា​ក្បួន​តាម​ដង​វិថី បើទោះជា​មានការ​រារាំង​ក៏ដោយ»។ មន្ត្រី​សិទ្ធិមនុស្ស​រូបនេះ​ស្នើឱ្យ​រដ្ឋាភិបាល​បើក​ចិត្ត​ឱ្យ​ទូលាយ ហើយ​កុំ​ភ្ជាប់​ការអបអរ​ទិវា​សិទ្ធិមនុស្ស​ទៅនឹង​រឿង​នយោបាយ ព្រោះ​សិទ្ធិមនុស្ស​គឺ​សម្រាប់​ទាំងអស់គ្នា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ