អានតួអត្ថបទ
កម្ពុជា

ការ​ហែ​​ក្បួន​​ទៅ​តុលាការ​កំពូល​របស់​អ្នក​ភូមិ​បឹងកក់​ត្រូវ​បាន​រារាំង

ក្រុម​សហគមន៍​ដែល​មាន​ទំនាស់​ដី​ធ្លី គឺ​អ្នក​ភូមិ​បឹងកក់ បុរីកីឡា និង​ថ្មគោល​បាន​នាំ​គ្នា​ដើរ​ហែ​ក្បួន​ទៅ​កាន់​តុលាការ​កំពូល​​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង​សកម្មជន​​២១​នាក់​ដែល​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​តាំង​ពី​ដើម​ខែ​មករា​មក។ ប៉ុន្តែ ការ​​ដង្ហែ​​ក្បួន​របស់​​ពួក​​គេ​​ត្រូវ​​បាន​​រារាំង​​ដោយ​​កម្លាំង​សមត្ថកិច្ចនៅត្រឹម​មុខវាលព្រះមេរុ។ ទី​បំផុត​ក្រុម​អ្នក​ភូមិ​​ក៏​​បាន​​បង្វែរ​​​ទៅ​​ជួប​​ជុំ​​គ្នា​​ នៅ​​មុខ​​វត្ត​​ឧណ្ណា​លោម​​​វិញ។

ការ​តវ៉ា​របស់​អ្នក​ភូមិ​បឹង​កក់​នៅ​មុខ​វត្ត​ឧណ្ណាលោម ព្រឹក​ថ្ងៃ​ទី​៣​មីនា ឆ្នាំ​២០១៤
ការ​តវ៉ា​របស់​អ្នក​ភូមិ​បឹង​កក់​នៅ​មុខ​វត្ត​ឧណ្ណាលោម ព្រឹក​ថ្ងៃ​ទី​៣​មីនា ឆ្នាំ​២០១៤ RFI
ផ្សាយពាណិជ្ជកម្ម

​ក្រុមអ្នកភូមិក្នុងសហគមន៍ដែលមានទំនាស់ដីធ្លីមកពីបឹងកក់ បុរីកីឡា សហគមន៍ថ្មគោល ព្រមទាំងសកម្មជនសិទ្ធិមនុស្ស​ជា​ច្រើន​ទៀត​ដែល​មាន​បំណង​ហែ​ក្បួន​ឆ្ពោះ​ទៅ​កាន់​តុលាការ​កំពូល​ដែល​មានទីតាំង​នៅរដ្ឋសភាចាស់​នោះមិនអាចសម្រេចបំណងបានទេ។ កម្លាំង​សមត្ថកិច្ច​​រាប់​រយ​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​និង​បាន​រារាំង​ការ​ហែ​ក្បួន​របស់​អ្នក​ភូមិ​ទាំង​នោះ​នៅ​មុខ​វាល​ព្រះមេរុក្បែរព្រះបរមរាជវាំង។

ការប៉ះទង្គិចគ្នាបានកើតឡើងនៅពេលដែលសមត្ថកិច្ចបានដកហូតឧបករណ៍បំពងសំឡេង និង​សម្ភារៈ​មួយ​ចំនួន​ទៀត​របស់​ក្រុម​សកម្មជន​ដូច​ជា​ស្គរ​ដែល​ពួក​គេ​ប្រើ​សម្រាប់​ទូង​ជា​សំឡេង​ក្នុង​ពេល​ដង្ហែ​ក្បួន​នោះ​ជាដើម​។ ប៉ុន្តែ ការបះទង្គិចនេះមិនបណ្តាល​ឲ្យមានបញ្ហា​ធ្ងន់​ធ្ងរ​ទេ។ ទីបំផុតទៅ ក្រុមសកម្មជន​ក៏​បាន​បង្វែ​មក​ប្រារព្ធ​ពិធី​ជួបជុំ​នៅ​លើ​ទី​លាន​មុខ​វត្ត​ឧណ្ណាលោម​វិញ​។ នៅទីនោះ ក្រុមអ្នកភូមិដែលស្លៀកសម្លៀកបំពាក់ពណ៌ស​បាន​នាំ​គ្នា​បួង​សួង​សុំ​យុត្តិធម៌​និងក៏បានដាក់បណ្តាសារមន្ត្រីដែល​ប្រព្រឹត្តិអាក្រក់ផងដែរ។

សូមបញ្ជាក់ថា ក្រុមអ្នកភូមិមកពីសហគមន៍ដែលមានទំនាស់ដីធ្លី​ប្រហែល ១០០ នាក់ បាន​នាំ​គ្នា​ដង្ហែ​ក្បួន​ចេញ​ពី​បឹងកក់ឆ្ពោះទៅតុលាការកំពូល។ គោល​បំណង​របស់​ពួកគេ​គឺ​ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង​អ្នក​ជាប់​ចោទ​២១​នាក់​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​​ដើម​ខែ​មករា ហើយ​ដែលបច្ចុប្បន្នកំពុងត្រូវបានឃុំខ្លួននៅឯពន្ធនាគារត្រពាំងផ្លុងក្នុង​ខេត្តកំពង់ចាម។

សកម្មជន​ទាំង​នោះ​ដែល​មាន​ទាំង​លោក វន់ ពៅ សកម្មជន​ការពារ​សិទ្ធិ​កម្មករ​ដ៏​សកម្ម​ម្នាក់​ផង​​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុងព្រឹត្តិការណ៍បង្ក្រាបបាតុកម្មទាមទារប្រាក់ខែ ១៦០ ដុល្លា​របស់​កម្មករ​កាល​ពី​ថ្ងៃ​ទី​២​និង​ទី​៣​មករា នៅ​ឯ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ក្រុងភ្នំពេញ និង​នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​តាម​បណ្តោយ​ផ្លូវ​វ៉េងស្រេង។

ការ​​តវ៉ា​​ឲ្យ​តុលាការ​ដោះ​លែង​អ្នកជាប់ចោទទាំងបោះបានធ្វើឡើងជាបន្តបន្ទាប់ពីសំណាក់​សកម្មជន​សង្គម​ស៊ីវិល និង​សកម្មជន​ដី​ធ្លី​​ចេញ​ពី​សហគមន៍​បឹង​កក់ បូរីកីឡា និងថ្មគោល ក៏ដូចជាសកម្មជនសហជីពផងដែរ។ ប៉ុន្ត រាល់​ការ​តវ៉ា​ដែល​មាន​ពិធី​ជួបជុំ​និង​ហែ​ក្បួន​ត្រូវ​បាន​រារាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ