អានតួអត្ថបទ
កម្ពុជា-ថៃ

កម្ពុជា​និង​ថៃឯកភាព​អនុវត្ត​និង​​បន្ត​រក្សា​ភាព​ស្ងប់​ស្ងៀម​​ទោះ​ជា​សាលក្រម​តុលាការឡាអេ​បែប​ណា​ក៏​ដោយ​

ក្នុង​ពេល​វិល​ត្រឡប់​មក​ពី​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅ​ទីក្រុង​ឡាអេ នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ប្រមុខ​​​ការ​ទូត​កម្ពុជា លោក ហោ ណាំហុង បាន​បញ្ជាក់​ទៅ​កាន់​ក្រុម​អ្នក​កាសែត​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​និង​រូប​លោក បាន​ជួប​រួច​ហើយ​ជា​មួយ​នឹង​នាយក​រដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រី​ការបរទេស​ថៃ ដោយ​បាន​ឯកភាព​គ្នា​ថា ទោះ​ជា​ការ​សម្រេច​របស់​តុលាការ​ទីក្រុង​ឡាអេ យ៉ាង​ណាក្តី យើង​ត្រូវ​រក្សា​ភាព​ស្ងប់​ស្ងៀម អនុវត្ត​ដោយ​ស្ងាត់​ស្ងៀម ដោយ​ស្រុះស្រួល​គ្នា តាម​ការ​សម្រេច​របស់​តុលាការ​នេះ។

ប្រាសាទ​ព្រះវិហារ
ប្រាសាទ​ព្រះវិហារ ©បូណា
ផ្សាយពាណិជ្ជកម្ម

  ក្នុង​ដំណើរ​វិល​ត្រឡប់​មក​ពី​តតាំង​ក្តី​នៅ​ទីក្រុង​ឡាអេ ជាមួយ​ភាគី​ថៃ ជុំវិញ​សំណុំរឿង​ប្រាសាទ​ព្រះវិហារ នាព្រឹក​ថ្ងៃ​ចន្ទ​នេះ លោក ហោ ណាំហុង រដ្ឋមន្ត្រី​ការ​បរទេស​​កម្ពុជា បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ថា ប្រមុខ​ដឹកនាំ​កម្ពុជា និង​ថៃ បាន​ឯកភាព​គ្នា​រួច​ហើយ​ថា រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​នឹង​អនុវត្ត រក្សា​ភាព​ស្ងប់ស្ងៀម​និង​ស្រុះស្រួល​គ្នា តាម​ការ​សម្រេច​របស់​តុលាការ​ឡាអេ។

លោក​ប្រមុខ​ការទូត​កម្ពុជា ក៏​បាន​រម្លឹក​ពី​សវនាការ​នៅ​តុលាការ​ឡាអេ​ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៩​មេសា​ដែល​លោក រួម​ទាំង​មេធាវី​បរទេស​របស់​កម្ពុជា​បាន​ពន្យល់​ពី​ផ្លូវ​ច្បាប់​លើក​ឡើង​ទាំង​អង្គហេតុ និង​ទាំង​អង្គ​ច្បាប់ ដើម្បី​ស្នើ​សុំ​ឲ្យ​តុលាការ បក​ស្រាយ​សាល​ក្រម​ឆ្នាំ១៩៦២។ ពោល​គឺ​បកស្រាយ​នូវ​អត្ថន័យ​និង​វិសាលភាព​នៃ​សាលក្រម ដែល​កម្ពុជា ឈ្នះ​ក្តី​លើ​​ភាគី​ថៃ ក្នុង​សំណុំរឿង​ប្រាសាទ​ព្រះវិហារ។
លោក ហោ ណាំហុង ក៏​បាន​លើក​ឡើង​ថា ទំនាស់​នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ ចាប់​ផ្តើម​តាំង​​ពី​ឆ្នាំ​១៩៦២ ក្រោយពី​តុលាការ​សម្រេច​ក្តី គឺ​ភាគី​ថៃ បាន​ធ្វើ​របង​លួស​បន្លា នៅ​មុខ​ប្រាសាទ​​ព្រះវិហារ។ កាលណោះ​កម្ពុជា ក៏​បាន​តវ៉ា ហើយ​ទំនាស់​បាន​អូស​បន្លាយ រហូត​ដល់​ឆ្នាំ​២០០៨ ថៃ​បាន​ចេញ​ឯកសារ ទាមទារ​ដី​ទំហំ ៤,៦ គីឡូ​ម៉ែត្រ​ក្រឡា ហើយ​នៅ​ឆ្នាំ​២០០៨ ថៃ​បាន​ទាម ទារ​ ដី​នោះ តាម​រយៈ​យោធា​ទ្រង់ទ្រាយ​ធំ។ នៅ​ឆ្នាំ​២០០៩​និង​ឆ្នាំ​២០១១ ថៃ​បាន​ដាក់​ទ័ព​នៅ​តំបន់​ភ្នំ​ទ្រព្យ។

សាលក្រម​ឆ្នាំ​១៩៦២ តុលាការ​ឡាអេ បាន​តម្រូវ​ឲ្យ​ថៃ​ដក​កងទ័ព​ចេញ​ពី​ប្រាសាទ​ព្រះវិហារ​និង​តំបន់​ជុំវិញ​ប្រាសាទ យោង​តាម​ផែនទី​ឧបសម្ព័ន្ធ១។ ផែនទី ដែល​បាន​កំណត់​ព្រំដែន​ប្រទេស​កម្ពុជា​និង​ថៃ ហើយ​តុលាការ​បាន​បញ្ជាក់​ច្បាស់​ថា ភាគី​ថៃ បាន​ទទួល​ស្គាល់​ផែនទី​ឧបសម្ព័ន្ធ​១ ដែល​ផលិត​ដោយ​គណៈកម្មការ​ព្រំដែន​ចម្រុះ​បារាំង​សៀម​នៅ​ឆ្នាំ​១៩០៦​និង​ឆ្នាំ​១៩០៧។

ជាមួយ​នឹង​ការ​លើក​ឡើង​ដូច្នេះ លោក​ប្រមុខ​ការទូត​កម្ពុជា បាន​គូស​បញ្ជាក់​ថា ក្នុង​សវនាការ ភាគី​ថៃ នៅ​តែ​ក្រឡិច​ក្រឡុច ដែល​ជា​ធាតុ​ពិត​របស់​ថៃ។ ថៃ បាន​លើក​យក​ផែន​ទី​ដដែលៗ គឺ​ផែនទី​កំណត់​ដែន​ទឹក មក​និយាយ ហើយ​ផែនទី​នោះ ត្រូវ​តុលាការ​ឡាអេ ទាត់​ចោល តាំង​ពី​ឆ្នាំ​១៩៦២។ ថៃ​ក៏​បាន​មួល​បង្កាច់​កម្ពុជា ដោយ​ថា ក្នុង​ទស្សវត្សរ៍​ឆ្នាំ​១៩៦០ កម្ពុជា​មិន​បាន​តវ៉ា​អ្វី​ទេ នៅ​ពេល​ថៃ​ធ្វើ​របង​លួស​បន្លា នៅ​មុខ​ប្រាសាទ​ព្រះវិហារ។ ប៉ុន្តែ​តាម​ពិត រដ្ឋាភិបាល​កម្ពុជា​​កាល​ណោះ ក៏​បាន​តវ៉ា ហើយ​ទំនាស់​បាន​បន្ត​រហូត​ដល់​សព្វ​ថ្ងៃ។

ជុំវិញ​ការ​តតាំង​ក្តី​លើ​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ នៅ​តុលាការ​ឡាអេ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ប្រជាជន​កម្ពុជា ​ជឿ​ជាក់​មក​លើ​រដ្ឋាភិបាល​កម្ពុជា។ រដ្ឋាភិបាល ដែល​បាន​ប្រកាន់​ជំហរ នៅ​តែ​ជា​មិត្ត​នឹង​ប្រទេស​ថៃ ទោះ​ជា​សាលក្រម​របស់​តុលាការ​​​ឡាអេ បកស្រាយ​យ៉ាងណា​ក៏​ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ