អានតួអត្ថបទ
កម្ពុជា-ថៃ

កម្ពុជា​យល់ព្រម​ទៅ​ប្រជុំ​ជាមួយ​ថៃ​នៅ​ឥណ្ឌូនេស៊ី ថ្ងៃ​២៤​មីនា

រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី​បាន​ស្នើ​រៀបចំ​កិច្ចប្រជុំគណៈកម្មាធិការ​ព្រំដែន​ទូទៅ និង​គណៈកម្មការ​ចម្រុះ​បោះបង្គោល​ព្រំដែន​​កម្ពុជា-ថៃ នៅប្រទេស​ឥណ្ឌូនេស៊ី​ នៅថ្ងៃ​ទី​២៤ និង២៥​មីនា​ខាងមុខ​នេះ។ ប្រមុខ​ការទូត​កម្ពុជា​បាន​ឆ្លើយតប​​ទៅ​សមភាគី​ឥណ្ឌូនេស៊ី​​រួចហើយ​នៅថ្ងៃនេះថា កម្ពុជា​យល់ស្រប​តាមសំណើ​នេះ ហើយ​ថា ​លោក​សង្ឃឹមថា ថ្នាក់ដឹកនាំ​ថៃ​ក៏​នឹង​យល់ស្រប​តាម​សំណើ​នេះដែរ។

កម្ពុជា​៖ រាល់​ការចរចា​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ត្រូវ​តែ​មាន​ភាគី​ទី៣​ចូលរួម
កម្ពុជា​៖ រាល់​ការចរចា​បញ្ហា​ព្រំដែន​ជាមួយ​ថៃ ត្រូវ​តែ​មាន​ភាគី​ទី៣​ចូលរួម ©Reuters/Enny Nuraheni
ផ្សាយពាណិជ្ជកម្ម

02:03

សេចក្តីរាយការណ៍​របស់​លាង ដឺលុច ពី​ភ្នំពេញ

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង ​បាន​ឆ្លើយតប​ភា្លម​ នៅថ្ងៃ​អង្គារ ទី៨​មីនា​នេះ ទៅ​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី​ ដែល​បាន​ស្នើ​អោយ​មាន​កិច្ចប្រជុំ​ចំនួន​ពីរ​រវាង​កម្ពុជា និង​ថៃ​ នៅ​ថ្ងៃទី២៤ និង​២៥​មីនា​ខាងមុខនេះ។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ លោក​កុយ គួង​ បាន​អះអាង​នៅថ្ងៃនេះ​ថា លោក​ឧបនាយករដ្ឋមន្ត្រី​ ហោ ណាំហុង​ បាន​ឆ្លើយតប​ថា កម្ពុជា​យល់ស្រប​ចំពោះ​កាលបរិច្ឆេទ​នៃ​កិច្ចប្រជុំ​ ដែល​ជា​សំណើ​របស់​លោក​ប្រមុខ​ការទូត​ឥណ្ឌូនេស៊ី​នេះ។

យោងតាម​របាយការណ៍​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី ប្រមុខ​ការទូត​ឥណ្ឌូនេស៊ី លោក​ Marty Natalegawa បាន​សម្រេច​ស្នើ​អោយ​មាន​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ និង​គណៈកម្មការ​ចម្រុះ​បោះបង្គោល​ព្រំដែន​កម្ពុជា​-ថៃ ​នៅ​ថ្ងៃទី​២៤ និង​ថ្ងៃ​ទី២៥​មីនា នៅក្នុង​ទីក្រុង ​Bogor ក្បែរ​ទីក្រុង​ហ្សាការតា។

លោក​កុយ គួង​បាន​បន្តថា នៅក្នុង​លិខិត​ឆ្លើយតប​ទៅ​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង ​បាន​ស្នើ​ទៅ​ប្រធាន​អាស៊ាន​ថា ត្រូវមាន​វត្តមាន​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី ឬ​អ្នក​តំណាង យ៉ាងហោចណាស់​នៅពេល​ពិធី​បើក​កិច្ចប្រជុំ នៃ​ជំនួប​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​ ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ការពារជាតិ និង​កិច្ចប្រជុំ​គណៈកម្មការ​​ចម្រុះ​ព្រំដែន​កម្ពុជា-ថៃ។ ក្នុងន័យនេះ បើ​យោង​តាម​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​ ក្រោយ​ពេល​ភាគី​ទាំងពីរ​បាន​បិទ​បញ្ចប់ការ​ពិភាក្សា ភាគី​ចរចា​ទាំងពីរ គឺ​កម្ពុជា​និង​ថៃ ត្រូវ​ចូល​ទៅ​រាយការណ៍​ប្រាប់​ប្រធាន​អាស៊ាន។

កម្ពុជា​បាន​ដើរ​មុន​ថៃ​មួយ​ជំហាន​ទៀត​ហើយ នៅពេល​ដែល​គេ​នៅមិនទាន់​បាន​ដឹងអំពីការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​ថៃ​នៅឡើយ​នោះ។ នៅក្នុង​សំណុំរឿង​វិបត្តិបន្ទាត់​ព្រំដែន និង​​​ការ​ប្រឈម​ផ្នែក​យោធា​នៅ​ព្រំដែន ​ចាប់​ពីពេលនេះ​ទៅ កម្ពុជា​ឈប់​ប្រើប្រាស់​យន្តការទ្វេ​ភាគី ដោយ​គ្មាន​ភាគី​ទី៣​ទៀតហើយ។ ការចរចា ឬការ​ពិភាក្សា​ត្រូវ​ប្រព្រឹត្តទៅ​មួយទល់មួយ​រវាង​កម្ពុជា​និង​ថៃ​មែន ប៉ុន្តែ​ការ​ពិភាក្សា​​ត្រូវ​មាន​ការដឹងឮ​ពី​ភាគី​ទី៣ គឺ​ឥណ្ឌូនេស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ