អានតួអត្ថបទ
កម្ពុជា

មន្ត្រី​សិទ្ធិមនុស្ស៖ មេ​សហជីព​ទាំង៦កំពុងស្នាក់នៅ​កន្លែង​សុវត្ថិភាព

ក្រោយពី​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​ទៅលើ​បាតុករ និង​ការ​បោសសម្អាត​បាតុករ​រប​ស់​គណបក្ស​សង្គ្រោះ​ជាតិ មេដឹកនាំ​សហជីព​នានា​ដែល​បាន​ចូលរួម​តវ៉ា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ​ដំឡើង​ប្រាក់ខែ​កម្មករ​នោះ បាន​បាត់​ដំណឹង​សូន្យ។ អ្នកសារព័ត៌មាន​មិនអាច​ទាក់ទង​ពួកគេ​បានឡើយ ប៉ុន្តែ​មន្ត្រី​សិទ្ធិមនុស្ស​អះអាងថា ពួកគេ​កំពុង​លាក់ខ្លួន​នៅក្នុង​កន្លែង​សុវត្ថិភាព ខណៈ​សាលាដំបូង​បានចេញ​ដីកា​កោះហៅ​សាកសួរ​លោក​សម រង្ស៊ី លោក​កឹម សុខា និង​លោក​រ៉ុង ឈុន។

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​ដែល​ដឹកនាំ​កម្មករ​ធ្វើ​បាតុកម្ម​កាល​ពី​កន្លង​ទៅ។
លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​ដែល​ដឹកនាំ​កម្មករ​ធ្វើ​បាតុកម្ម​កាល​ពី​កន្លង​ទៅ។ RFI/Pen Bona
ផ្សាយពាណិជ្ជកម្ម

មេ​សហជីព​កម្មករ​មួយចំនួន​ដែល​បាន​ចូលរួម​ធ្វើបាតុកម្ម​ទាមទារ​ប្រាក់​ឈ្នួល​កម្មករ​១៦០​ដុល្លារ កំពុង​លាក់ខ្លួន​នៅ​កន្លែង​សុវត្ថិភាព។ នេះ​បើតាម​ការអះអាង​របស់​លោក អំ សំអាត​ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើបអង្កេត​របស់​អង្គការសិទ្ធិមនុស្ស លីកាដូ។ មន្ត្រី​សិទ្ធិមនុស្ស​រូបនេះ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា លោក​បាន​ទាក់ទង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃអាទិត្យ​ទី៥មករា ជាមួយ​លោក រ៉ុង ឈុន លោក​អាត់ ធន់ លោក​ប៉ាវ ស៊ីណា លោកស្រី​ម៉ម ញឹម លោកស្រី យ៉ាង សុ​ភ័​ណ្ឌ និង​លោក​ជា មុនី។ បើតាម​ការបញ្ជាក់​លោក​អំ សំអាត មេដឹកនាំ​សហជីព​ទាំងនេះ​ត្រូវ​រក​កន្លែង​លាក់ខ្លួន​បណ្តោះអាសន្ន បន្ទាប់ពី​ពួកគេ​បានលឺ​ពាក្យ​ចចាមអារ៉ាម​អំពី​ការ​តាម​ចាប់ខ្លួន​ពួកគេ ពី​សំណាក់​សមត្ថកិច្ច។

 
ពាក្យ​ចចាមអារ៉ាម​នោះ ក៏​ទំនងជា​មិន​ខុស​ឡើយ ពីព្រោះ​នៅពេលនេះ បើតាម​លោក​អំ សំអាត សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញ​ដីកា​កោះហៅ​លោក​រ៉ុង ឈុន​ហើយ ដើម្បីអោយ​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​រូបនេះ ឆ្លើយបំភ្លឺ​ក្នុង​សំណុំរឿង ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ។ យោងតាម​ដីកាកោះ​នោះ លោក​រ៉ុង ឈុន​ត្រូវ​បង្ហាញខ្លួន​នៅ​ម៉ោង៨ព្រឹក ថ្ងៃទី១៤មករា​នៅ​សាលាដំបូង​រាជធានី។

និយាយ​អំពី​ដីកា​តុលាការ​នេះ លោក​នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​​អាដហុក​យល់​ឃើញថា ដីកា​របស់​សាលាដំបូង គ្រាន់តែ​ជា​នីតិវិធី​នៃ​ការសាកសួរ។ តែ​ដីកា​នេះ វា​អាចជា​ផ្នែក​មួយ​ក្នុងន័យ​គំរាមកំហែង​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ និង​ជាការ​រាំងស្ទះ​មិនអោយ​លោក រ៉ុង ឈុន​បាន​ចូលរួម​ជាមួយនឹង​គណ​បក្សប្រឆាំង​ដើម្បី​ដឹកនាំ​ធ្វើ​មហា​បាតុកម្មអហិង្សា​បន្តទៀត។ គួររម្លឹកថា កាលពី​ថ្ងៃទី១មករា លោក​រ៉ុង ឈុន​បាន​អំពាវនាវ​អោយ​មន្ត្រីរាជការ គ្រូបង្រៀន និង​សិស្ស និស្សិត​អោយចូល​រួម​ធ្វើ​មហា​កូដកម្ម​ទូទាំង​ប្រទេសមួយ នៅ​ថ្ងៃទី៦ មករា ខាងមុខ ដើម្បី​ទាមទារ​ដំឡើង​ប្រាក់បៀវត្ស​គោល​មួយ​លាន​រៀល ថ្លៃ​សេវា​សុខភាព និង​ប្រាក់ឧបត្ថម្ភ​សម្រាប់​គ្រូបង្រៀន និង​មន្ត្រីរាជការ។

លោក អំ សំអាត ក៏បាន​ចែករំលែក​ការយល់ឃើញ​របស់លោក​ដែរ។ មន្ត្រី​សិទ្ធិ​មនុ​សុ្ស​លីកាដូ​អត្ថាធិប្បាយ​ថា អ្នកនយោបាយ​កម្ពុជា​តែង​យក​តុលាការ​ធ្វើជា​ឧបករណ៍ ហើយ​តុលាការ​មិនទាន់​អាច​បង្ហាញ​ទំនុក​ចិត្តជា​សាធារណ​នៅឡើយ​ទេ។

ទាក់ទង​នឹង​ការកោះហៅ​លោក​រ៉ុង ឈុន​នេះ គេ​នៅ​មិនទាន់មាន​ព័ត៌មាន​អំពី​បង្ហាញខ្លួន​របស់លោក​នៅ​តុលាការ​តាម​ការកោះហៅ​នោះ ឬ​អត់​យ៉ាងណា​នោះទេ ខណៈដែល​គេ​មិនអាច​ទាក់ទង​ប្រធាន​សមាគម​គ្រូបង្រៀន​រូបនេះ​បាន​នៅឡើយ។ គេ​ក៏​នៅ​រង់​ចាំមើល​ជោគវាសនា​របស់​ប្រធាន​សហជីព​កម្មករ​ទាំង៥រូប​ផ្សេងទៀត​ដែរ ថា​តើ​ពួកគេ​នឹងមាន​ដីកា​ពី តុលាការ​ដូចគ្នា​ដែរ​ឬ​អត់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ