អានតួអត្ថបទ
កម្ពុជា

ក្រុម​ការងារ​កម្ពុជា-វៀតណាម ឯកភាព​មិន​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​នៅ​ព្រំ​ដែន​ទៀត​

បន្ទាប់​ពីបាន​ចុះ​ទៅពិនិត្យ​បង្គោល​ព្រំដែនកម្ពុជា-វៀតណាម​ ដែល​ធ្លាប់មានការ​ប៉ះទង្គិចគ្នា ​រវាងពលរដ្ឋខ្មែរ និង​ពលរដ្ឋវៀតណាម កាលពីថ្ងៃព្រហស្បតិ៍​ម្សិលមិញ​រួចមក ក្រុម​ការងារពិសេសកម្ពុជា វៀតណាម បានឯកភាពគ្នាថា ​មិន​ត្រូវ​ឲ្យ​ឧបទ្ទវហេតុ​ដូចកាលពីថ្ងៃ ២៨មិថុនា កើតឡើងជាថ្មីទៀតទេ។ លើសពីនេះ ក៏មាន​ការ​ឯកភាពគ្នា​គោរពរាល់សន្ធិសញ្ញា និង​កិច្ច​ព្រម​ព្រៀង​នានា ដែល​បាន​ចុះជាមួយគ្នា​រួចហើយ។

ទាហាន​វៀតណាម​ឈរ​ការពារ​ពេល​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​មើល​ព្រំដែន​ នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។
ទាហាន​វៀតណាម​ឈរ​ការពារ​ពេល​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​មើល​ព្រំដែន​ នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។ Facebook
ផ្សាយពាណិជ្ជកម្ម

ក្រោយ​កិច្ច​ប្រជុំ ពេញ​មួយ​រសៀល​ ឈាន​ដល់យប់ថ្ងៃព្រហស្បតិ៍ម្សិលមិញរួចមក ក្រុម​ការងារពិសេសកម្ពុជា​-​វៀតណាម បាន​ឯកភាពគ្នា​លើបញ្ហា​ចំនួន​ ២ធំៗ ដែល​រួម​មាន ការ​ប្តេជ្ញាមិន​ឲ្យ​មានការ​ប៉ះទង្គិចគ្នា ដូចកាលពីថ្ងៃទី ២៨មិថុនា ឆ្នាំ ២០១៥ សារជាថ្មី។ ​និង​ឯកភាព​គោរពរួមគ្នា នូវ​រាល់សន្ធិសញ្ញា កិច្ច​ព្រម​ព្រៀង ដែល​បាន​ចុះ​ហត្ថលេខាហើយ និង​សេចក្តីប្រកាសព័ត៌មាន​រួមកម្ពុជា-វៀតណាម ថ្ងៃទី ១៧មករា ឆ្នាំ ១៩៩៥។ នេះបើតាម​ការ​ឲ្យ​ដឹងពីលោក​ស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ដែល​បាន​ប្រាប់វិទ្យុបារាំងអន្តរជាតិ នៅព្រឹក​ថ្ងៃសុក្រនេះ។

សូម​បញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍ទី ១៦កក្កដា ក្រុមការងារ​ពិសេស​កម្ពុជា-វៀតណាម ​ បាន​ចុះ​ទៅពិនិត្យ​ទីតាំងដែល​មានការ​ប៉ះទង្គិចគ្នា​រវាង​ពលរដ្ឋខ្មែរ និងវៀតណាម នៅចន្លោះបង្គោល​ព្រំដែន កម្ពុជា-វៀតណាម​លេខ ២០២-២០៣ ​ក្នុង ភូមិ​គោកធ្លក ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង។ ការ​ចុះ​ទៅពិនិត្យ​នោះ គឺ​ដើម្បី​សិក្សា​ស្រាវជ្រាវ​លម្អិត​ ជុំវិញ​ការ​ប៉ះ​ទ​ង្គិះ​គ្នា ​រវាង​ពលរដ្ឋនៅព្រំដែន​នៃប្រទេសទាំងពីរ កាលពីពេលកន្លងទៅ។ ក្នុងការ​ចុះទៅនឹងនោះ ក្រុមការងារ​ពិសេស​​ខាង​កម្ពុជា គឺ​​ដឹកនាំ​ ដោយ​លោក​ឡុង វិ​សា​លោ រដ្ឋលេខាធិការ​ក្រសួងការបរទេស​កម្ពុ​ជា និង​ខាង​វៀតណាម ដឹកនាំ​ដោយ លោក ង្វៀន អា​ញ់​យុ​ង អនុប្រធាន​គណៈកម្មកា​រ​ព្រំដែន​រដ្ឋ នៃក្រសួងការបរទេស​​វៀតណាម។

យ៉ាងណាក៏ដោយ ទាំងលោក​ឡុង វិសាលោ និង​លោក​ជៀង អំ អភិបាលខេត្ត​ស្វាយ​រៀង ដែល​បាន​ចុះ​ទៅពិនិត្យ​នោះ សុទ្ធ​តែព្រងើយ​កន្តើយ​ ​មិន​ផ្តល់​ការ​អត្ថាធិប្បាយលម្អិតជាមួយ​វិទ្យុបារាំងអន្តរជាតិនោះទេ។

គួរ​រម្លឹក​ជូនផងដែរ​ថា កាលពីថ្ងៃទី ២៨មិថុនា ឆ្នាំ ២០១៥កន្លងទៅ មាន​មនុស្សជិត ២០នាក់ ដែល​មាន​ទាំងខ្មែរ និង​វៀតណាម បាន​រងរបួស ក្រោយពី​​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ រួមទាំង​ប្រជាពលរដ្ឋ​ ដែលមាន​ទាំង​ព្រះសង្ឃផង​ បាន​ប៉ះ​​ទង្គិច ​ជាមួយ​ប្រជាពលរដ្ឋ​វៀតណាម ​នៅតាម​ព្រំដែន​ក្នុង​​ខេត្តស្វាយរៀង ខណៈដែល​ពួកគេ​ចង់​ពិនិត្យ​មើលព្រំដែន​កម្ពុជា-វៀតណាម​។​ ហើយតំណាងរាស្ត្របក្ស​សង្គ្រោះជាតិ លោក​រៀល ខេមរិន្ទ្រ បាន​រងការ​វាយដំ និង​របួស​ធ្ងន់ជាងគេ។

កាលណោះ អាជ្ញាធរ ខេត្តស្វាយរៀង បាន​ញ្ជា​ក់ថា ខ្លួន​មិន​ទទួលខុសត្រូវ​ចំពោះ​ករណី​អំពើហិង្សា​​​នោះទេ​​ ព្រោះថា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មិនបាន​ជូនដំណឹង​ ​ដល់​អាជ្ញាធរ​វៀតណាម ​ដើម្បីឱ្យ​អាជ្ញាធរ ផ្តល់ដំណឹង​ដល់​ភាគី​វៀតណាម​នោះដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ