អានតួអត្ថបទ
កម្ពជា

លោក ហ៊ុន សែន និង លោក ង្វ្រៀន តាន់​យ៉ុង អញ្ជើញ​សម្ពោធ​បង្គោល​ព្រំដែន​ពីរ​កន្លែង​ក្នុង​ថ្ងៃ​តែ​មួយ

លោក​​នាយក​​រដ្ឋ​មន្ត្រី ហ៊ុន សែន និង លោក ង្វ្រៀន តាន់យ៉ុង នាយក​​រដ្ឋ​មន្រ្តី​​វៀត​ណាម​នៅ​ព្រឹក​ថ្ងៃ​សៅ​រ៍​ទី​២៦​ធ្នូ​នេះ​បាន​​ធ្វើ​​ជា​​អធិបតីភាព​​រួម​គ្នា​សម្ពោធ​​បង្គោល​​ព្រំដែន​អន្តរជាតិ​ច្រក​អូយ៉ាដាវ​លេខ​៣០​ខេត្ត​រតនគិរី​ទល់​​នឹង​​ច្រក​​ព្រំដែន​​អន្តរ​ជាតិ ច្រក​ឡេ​ថាញ់​ស្រុក​ដុង​កឺ​ខេត្ត​យ៉ាឡាយ​របស់វៀតណាម ។ ចេញ​ពី​ខេត្ត​រតនគិរី​លោក​​នាយក​​រដ្ឋមន្រ្តី​​ទាំង​ពីរ​បន្ត​​ដំណើរ​មក​សម្ពោធ​បង្គោល​​ព្រំដែន​លេខ ២៧៥ នៅ​​ច្រក​​ភ្នំ​ដិន ខេត្តតា​កែវ​បន្ត​ទៀត។ 

បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម នៅតែ​ជា​សមរភូមិ​ក្តៅគគុក​រវាង​រដ្ឋាភិបាល​ និង​បក្ស​ប្រឆាំង
បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម នៅតែ​ជា​សមរភូមិ​ក្តៅគគុក​រវាង​រដ្ឋាភិបាល​ និង​បក្ស​ប្រឆាំង ©វណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

ទន្ទឹម​នេះ​ភាគី​ទាំង​ពីរ​ក៏​បាន​ដាក់​សម្ពោធ​កំណាត់​ផ្លូវ​ជាតិ​ប្រវែង​៤៥០​គីឡូ​ម៉ែត្រ​នៅ​ព្រំដែន​អន្តរជាតិ​អូយ៉ាវ​ដាវ។ ថ្លែង​ពី​ខេត្ត​រតនគិរី លោក ហ៊ុន សែន ថា ការ​បោះ​ព្រំដែន​រវាង​កម្ពុជា​នឹង​វៀតណាម​សម្រេច​បាន​លទ្ធ​ផល​ល្អ​ជា​បន្ត​បន្ទាប់។ ហើយ​តាម​រយៈ​លទ្ធផល​នេះ​វា​គឺ​ជា​និមិត្ត​រូប​នៃកិច្ច​សហ​ប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ។ លទ្ធ​ផល​នៃ​ការ​បោះ​បង្គោល​ព្រំដែន​ល្អ​នេះ​ បើតាម លោក ហ៊ុន សែន ដោយ​សារ​ការ​ជួយ​របស់​រដ្ឋាភិបាល​វៀតណាម។

យ៉ាង​ណា​ក៏​ដោយ លោក ហ៊ុន សែន បន្តថា ការ​បោះ​បង្គោល​ព្រំដែន​គោក រវាង កម្ពុជា-វៀតណាម​នៅ​សល់​តែ​ប្រមាណ​ជាង​១៦​ភាគ​រយ​ទៀត​ប៉ុណ្ណោះ។ លោកបន្ថែមថា បន្ទាប់​ពី​ដំណើរការ​បោះ​បង្គោល​ព្រំដែន​គោក​ត្រូវ​បញ្ចប់​ភាគី​ទាំង​ពីរ​នឹង​បន្ត​ការងារ​ឈាន​ទៅ​កំណត់​ព្រំដែន​សមុទ្រ​មួយ​ដ៏​ពេញ​លេញ​ដោយ​គ្មាន​វិវាទ។ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​កាត់​ខ្សែ​បូរ​រួម​គ្នា​បន្ត​ទៀត​ជា​មួយ លោក ង្វ្រៀន តាន់យ៉ុង នាយករដ្ឋ​មន្រ្តី​វៀត​ណាម នៅ​បង្គោល​ព្រំដែនលេខ ២៧៥  នៅ​ច្រក​ភ្នំដិន ខេត្តា​កែវ នៅ​សៀល​ថ្ងៃ​ទី​២៦​ធ្នូ​នេះ។

បន្ថែមពីលើនេះ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន  បាន​ធ្វើ​ការ​អំពាវ​នាវ​ដល់​កម្លាំង​ប្រដាប់​អាវុធ​ប្រចាំ​ការ​នៅ​ព្រំដែន​ឲ្យ​ចូល​រួម​ការពារ​និង​ជួយ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការងារ​កំណត់​ខ្សែ​បន្ទាត់​និង​បោះបង្គោល​ព្រំដែន ។ លោក​នាយក​រដ្ឋមន្រ្តី​ក៏ បាន​អំពាវ​នាវ​ទៅ​អាជ្ញាធរ​និង​ប្រជាពល​រដ្ឋ​ខ្មែរ​សហការ​រួម​គ្នា​ថែ​រក្សា​បង្គោល​ព្រំដែន​ឲ្យ​បាន​ឋិតថេរ​គង់វង្ស ដើម្បី​កែ​ប្រែ​តំបន់​ព្រំដែន​ទៅ​ជា​តំបន់​សន្តិភាព មិត្តភាព  កិច្ច​សហ​ប្រតិបត្តិ​ការ និង ការ​អភិវឌ្ឍន៍​ជានិរន្ត។

សូម​បញ្ជាក់​ថា បញ្ហា​ព្រំដែន​គឺ​ជា​ប្រធាន​របស់​បក្ស​ប្រឆាំង​តែង​តែ​ធ្វើ​ការ​រិះ​គន់​មក​លើ​រដ្ឋាភិបាល។ លោកស្រី កុយ ពិសី អនុ​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​កិច្ចការ​ព្រំដែន​ថា នេះ​ជា​លើក​ទី៣ហើយ​នៃ ការ​បោះ​បង្គោល​ព្រំដែន​អន្តរជាតិ ច្រកអូយ៉ាដាវ លេខ៣០ ខេត្តរតនគិរី បន្ទាប់​ពី​កម្ពុជា បាន​បោះ​បង្គោល​ព្រំដែន​លើក​ទី១ នៅ​បង្គោល​លេខ​១៧១​នៅ​បាវិត ខេត្ត​ស្វាយ​រៀង និងលើក​ទី២ នៅ​ខេត្ត​កំពត បង្គោល​លេខ​៣១៤ ៕​​

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ