អានតួអត្ថបទ
កម្ពជា

គម្រោង​បាតុកម្ម​ប្រឆាំង​បាតុកម្ម​ជំរុញ​ឲ្យ លោក កឹម សុខា ស្នើ​ទៅ លោក ស ខេង ការពារ​សុវត្ថិភាព

គម្រោង​នៃ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​បាតុកម្ម​រវាង​អ្នក​គាំ​ទ្រ​គណ​បក្ស​ប្រជាជន​កម្ពុជា​និងគណ​បក្ស​សង្គ្រោះ​ជាតិ នាំ​ឲ្យ​លោក កឹម សុខា កាល​ពី​ថ្ងៃ​ទី​១២​កុម្ភៈ ដាក់​សំណើ​ទៅ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ ចាត់​វិធាន​ការពារ​សន្តិសុខ​ជូនគណបក្ស​សង្គ្រោះ​ជាតិ​ទាំង​មូល។ ជា​សំណើ​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​អ្នក​គាំទ្រ​គណ​បក្ស​ ប្រជាជន​កម្ពុជា​គំរាម​ធ្វើ​បាតុកម្ម​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចេញ​ពី​ រដ្ឋសភា។

បាតុករកំឡុងពេលបាតុកម្មនៅថ្ងៃទី ១៥សីហា ឆ្នាំ២០១៣
បាតុករកំឡុងពេលបាតុកម្មនៅថ្ងៃទី ១៥សីហា ឆ្នាំ២០១៣ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជម្រាប​ទៅ​លោក​ឧបនាយក រដ្ឋមន្ត្រី ស ខេង តាម​រយៈ​លិខិត​ចុះ​ថ្ងៃ​ទី​១២​កុម្ភៈថា ការ​គំរាម​រៀប​ចំ​ធ្វើ​បាតុ​កម្ម​រួម​និង​ការគំរាម​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ពី​បុគ្គល​មួយ​ចំនួន​ដែល​បាន​ផ្សព្វ​ផ្សាយ​តាម​រយៈបណ្ដាញ​សង្គម Facebook គឺជា​ការ​គំរាម​កំហែង​ដល់​សន្តិ​សុខ សុវត្ថិ​ភាព របស់​ថ្នាក់ដឹកនាំ និង សមាជិក សមាជិកា គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​មូល។

លោក កឹម សុខា ជឿថា ប្រសិន​ពុំ​មាន​ការ​ចាត់​វិធាន​ការ​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​នោះទេ​ថ្នាក់​ដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​អាច​នឹង​ប្រឈម​ចំពោះ​ការ​រំលោភ​បំពាន​ដល់​រាងកាយ​ដោយ​ប្រការ​ណា​មួយ​ជាក់​ជា​មិន​ខាន ប្រសិន​បើ​មាន​បាតុកម្ម​កើត​ឡើង​ពិត​មែន។ ហ៊ាន​ថា​ដូច្នេះ​ដោយ​លោក កឹម សុខា សំអាង​ថា​ កន្លង​មក​ធ្លាប់​មាន​ករណី​រំលោភបំពាន​លើ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​រួច​ហើយ។ លោក កឹម សុខា កាលពី​ថ្ងៃ​ទី​១១​កុម្ភៈ​ក៏​បាន​អះ​អាង​ថា ទោះ​មាន​បាតុកម្ម​ប្រឆាំង​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាងណា​ក៏​ដោយ លោក​នឹង​មិន​ធ្វើ​ដំណើរ​ចេញ​ទៅ​ក្រៅ​ប្រទេស​ទេ។

ឆ្លើយ​តប​សំណើ​នេះ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ លោក ខៀវ សុភ័គ នៅ​មិន​ទាន់ទទួល​បាន​នៅ​ឡើយ​ទេ។ តែ​លោក​បង្ហើប​ថា សំណើ​នេះ​គណបក្ស​សង្គ្រោះ​អាច​នឹងយក​ទៅ​ដាក់​ដោយ​ផ្ទាល់​នៅ​គេហដ្ឋាន​លោក ស ខេង ។ លោក ខៀវ សុភ័គ បដិសេពមិន​ធ្វើ​អធិប្បាយ​បន្ថែម​ដោយ​ចាំ​ការ​ស្រាវ​ជ្រាវ​ជា​មុន​សិន​លើ​សំណើ​នេះ។ 

តាម​គម្រោង​បាតុកម្ម​ប្រឆាំង​បាតុកម្ម​រវាង​អ្នក​គាំទ្រ​គណបក្ស​ទាំង​ពីរ​នឹង​ចាប់​ផ្ដើម​ធ្វើឡើង​នៅ​ពេល​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញ​ទៅ​ដល់​សហរដ្ឋ​អាមេរិក ទីដែល​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន អាមេរិក។ នៅ​ទី​នោះ​ពលរដ្ឋ​ខ្មែរ ដែល​រដ្ឋាភិបាល​ចោទ​ថា គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពី​ក្រោយ​ពួក​គេ​បន្ត​អះ​អាង​ថា នៅ​តែ​រៀប​ចំ​បាតុ​កម្ម​ប្រឆាំង​វត្ត​មាន​លោក ហ៊ុន សែន ។  

ទន្ទឹម​គ្នា​នេះ​អ្នក​គាំទ្រ​លោក ហ៊ុន សែន ក្នុង​ស្រុក​ក៏បន្ត​គំរាម​ធ្វើ​បាតុកម្ម​ប្រឆាំង​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ឈាន​ទៅ​រំលាយ​បក្ស​នេះ​ក្នុង​រដ្ឋ​សភា​ផង​ដែរ។ ប្រឈម​និង​ការចោទ​ប្រកាន់​នេះ​គណបក្ស​សង្គ្រោះ​ជាតិ តែង​តែ​រលាស់​ខ្លួន​ ចេញ​ពី​គម្រោង​ធ្វើ​បាតុ​កម្មដោយ​បាន​បដិសេព​ថា មិន​មែន​បាតុកម្ម​រៀប​ចំ​ឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ។

សូម​បញ្ជាក់​ថា រូបភាព​នៃ​បាតុកម្ម​ប្រឆាំង​បាតុកម្ម​បាន​កើត​ឡើង​ម្ដង​រួច​មក​ហើយ គ្រាដែល លោក ហ៊ុន សែន ចេញ​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​បារាំង ខណៈ​ក្នុង​ស្រុកក៏​កើត​មាន​បាតុកម្ម​ទម្លាក់​លោក កឹម សុខា ចេញ​ពី​តំណែង​អនុ​ប្រធាន​ទី​១​រដ្ឋសភា។ កាល​ណោះ​នាំ​ឲ្យ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​គឺ លោក ញយ ចំរើន និង គង់ សភា រង​ការ​ប្រើ​អំពើ​ហិង្សា​ពី​ក្រុម​បាតុករ​គាំទ្រ​រដ្ឋាភិបាល៕

 
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ