អានតួអត្ថបទ
កម្ពជា

លោក ហ៊ុន សែន ចេញ​មុខ​ការ​ពារ​គ្រូពេទ្យ​មាន​វិជ្ជា​ជីវៈ​ហើយ​បាន​រិះ​គន់​គ្រូពេទ្យ​មួយចំនួន​គិត​លុយ​ជា​ធំ

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​២៩​កុម្ភៈ​នេះ​បាន​រិះ​គន់​ជា​លើក​ដំបូង​ទៅលើ​វិជ្ជា​ជីវៈ​គ្រូពេទ្យ​ខ្មែរ។ ក្នុង​នោះ​លោក​នាយក​រដ្ឋ​មន្ត្រី​បាន​និយាយ​ចាក់​ចំ​គ្រូពេទ្យ​មួយចំនួន​ថា គ្មាន​សីល​ធម៌ គិត​តែ​ពី​យក​លុយ​ជា​ធំ ។ ប៉ុន្តែ​គ្រូពេទ្យ​មួយ​ចំនួន​ទៀត​មាន​ការលះ​បង់ មាន​ក្រម​សីល​ធម៌ និង ការ​ទទួល​ខុស​ត្រូវ​គួរ​ឲ្យ​កោត​សសើរ។ ទន្ទឹម​នឹង​នេះប្រមុខ​រដ្ឋា​ភិបាល​​ក៏​បាន​បដិសេព​មិន​ទទួល​យក ចំពោះ​ការ​រិះ​គន់​មក​លើ​គ្រូពេទ្យ​និង​មន្ត្រីសុខាភិបាល​ដែល​ថា ៩៩​ភាគ​រយ​នៃ​ពេទ្យ​ខ្មែរ មាន​តែ​គ្រូពេទ្យ​ម្នាក់​ប៉ុណ្ណោះ​ល្អ។  

លោក ហ៊ុន សែន កំពុងថតរូបជាមួយគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនៅថ្ងៃទី២៩ខែកុម្ភៈឆ្នាំ២០១៦
លោក ហ៊ុន សែន កំពុងថតរូបជាមួយគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនៅថ្ងៃទី២៩ខែកុម្ភៈឆ្នាំ២០១៦ @facebook Samdech Hun Sen, Cambodian Prime Minister
ផ្សាយពាណិជ្ជកម្ម

ខណៈ​ដែល​វិស័យ​សុខាភិ​បាល និង វិជ្ជាជីវៈ​គ្រូពេទ្យ​ខ្មែរ​កំពុង​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ការ​រិះគន់​របស់​មជ្ឈ​ដ្ឋាន​ទូទៅ លោក ហ៊ុន សែន ចេញ​មុខ​ការ​ពារ​គ្រូពេទ្យ​មាន​វិជ្ជាជីវៈ​ហើយបាន​រិះ​គន់​គ្រូ​ពេទ្យ​មួយ​ចំនួ​ន​គិត​លុយ​ជា​ធំ។ លោក​នាយក​រដ្ឋ​មន្ត្រី​មិន​ប្រកែក​ទេ​ហើយបាន​ទទួល​ស្គាល់​ថា​គ្រូពេទ្យ​ខ្មែរ​នៅ​មាន​ចំណុច​ខ្វះ​ខាត​ពិត​ប្រាក​ដមែន។ ប៉ុន្តែ​លោកជំទាស់​ថា គ្រូពេទ្យ​ខ្មែរ​មិន​អាក្រក់​ដល់​ថ្នាក់​៩៩​ភាគ​រយ​ហើយ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ដែលល្អ។ លោក​ហ៊ាន​អះ​អាង​ថា ភាគ​ច្រើន​នៃ​គ្រូពេទ្យ​ខ្មែរ​មាន​សីល​ធម៌។

ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​អគា​រថ្មី នៃ​មន្ទី​រ​ពេទ្យ​បង្អែក ខេត្ត​ព្រះ​សីហនុ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី២៩​កុម្ភៈ លោក ហ៊ុន សែន បាន​បង្ហា​ញ​ពី​លះ​បង់​យ៉ាង​ធំ​ធេង​របស់​គ្រូពេទ្យ។​ហើយ​ការលះ​បង់​នេះ​មាន​តម្លៃ​ស្មើ​គ្នា​ដូច ទាហ៊ាន នគរបាល កង​រាជ​អាវុធ​ហត្ថ ជា​ដើម ដែលគ្មាន​ថ្ងៃ​ឈប់​សម្រាក់​ជួប​ជុំ​ក្រុម​គ្រួសារ​ដូច​ពលរដ្ឋ​ទូទៅ​ចំពោះ​ថ្ងៃ​បុណ្យ​ទាន។

ប្រមុខ​រដ្ឋាភិ​បាល​ក៏​បាន​រិះ​គន់​ចំពោះ​ការ​ជំរុញ​នា​ពេល​កន្លង​មក​ឲ្យ​មាន​ការ​ធ្វើ​បដិវត្ត​គ្រូពេទ្យ ដែល​លោក​ចាត់​ទុក​ថា ជា​ការ​ប្រមាថ​មក​លើ​គ្រូពេទ្យ។ លោក​ក៏​បាន​អំពាវ​នាវ​ឲ្យគ្រូពេទ្យ​ធ្វើ​ការ​អប់រំ​គ្រូពេទ្យ​គ្នា​ឯង​ដើម្បី​ស្តារ​មុខ​មាត់​មន្ទី​ពេទ្យ​កុំ​ឲ្យ​ខូច​កេរ្តិ៍​ឈ្មោះដោយ​សារ​ពេទ្យ​តែ​ពីរ​បី​នាក់។ និង​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ព្យាបា​ល​អ្នក​ជំងឺ។

គួរ​រម្លឹក​ជូន​ថា ប្រតិកម្ម​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​មិន​សំដៅ​ឲ្យ​ចំឈ្មោះ​បុគ្គល​តែ​អាច​គេ​សន្និដ្ឋាន​បាន​ថា​សំដៅ​ទៅ​លើ លោក​វេជ្ជ​បណ្ឌិត គួច ម៉េងលី ដែល​មាន​ងារ​ជា​ឧកញ៉ា និង​ជា​ប្រធាន​ក្រុមហ៊ុន​មួយចំនួន​នៅ​ស្រុក​ខ្មែរ និង លោក កែម ឡី អ្នក​ស្រាវ​ជ្រាវ​បញ្ហា​សង្គម។​

​លោក​ម៉េង​លី​ថា «វិស័យ​សុខាភិបាល​យើង​បើ​លោក​ឲ្យ​ពិន្ទុ​ពី ១ ដល់ ១០ លោក​ឲ្យ ២ ពិន្ទុ»។ក្រោយ​ការ​លើក​ឡើង​នេះ​នាំ​ឲ្យ​មាន​ភាព​ចម្រូង​ចម្រាស​ខ្លាំង​រវាង​លោក​ម៉េង​លីនិង គណៈ​វិជ្ជា​ជីវៈ​សុខា​ភិបាល​ដែល​តម្រូវ​ឲ្យ​មាន​ការ​សុំ​ទោស​ជា​សាធារណៈ។ទន្ទឹមនឹង​ភាព​ចម្រូង​ចម្រាស់​នេះ​លោក កែម ឡី បាន​លើក​ឡើង​ថា​វិស័យ​សុខា​ភិបាល​កម្ពុជាគួរ​តែ​ធ្វើ​បដិវ​ត្ត​គ្រូពេទ្យ។ សូម​បញ្ជាក់​ថា នា​ពេល​បច្ចុប្បន្ន​នេះ​វិស័យ​សុខា​ភិបាល​កម្ពុជា​មាន​គ្រូ​ពេទ្យ​បំរើ​ការ​ងារ​ចំនួ​ន​ពីរ​ម៉ឺន​នាក់៕

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ