អានតួអត្ថបទ
កម្ពុជា

លោក គួច ម៉េងលី មិន​សុំ​ទោស​តាម​សំណើ​របស់​គណៈ​វិជ្ជាជីវៈ​សុខាភិបាល ចំពោះ​ការ​រិះគន់​ពេទ្យ​ស្រុក​ខ្មែរ

លោក​វេជ្ជបណ្ឌិត គួច ម៉េងលី ដែល​មាន​ងារ​ជា​ឧកញ៉ា និង​ជា​ប្រធាន​ក្រុមហ៊ុន​មួយ​នៅ​ស្រុក​ខ្មែរ បាន​បញ្ជាក់​ថា​ មិនមាន​រឿង​អ្វី​ធ្ងន់​ធ្ងរ ដែល​លោក​គួរ​តែ​សុំទោស​ជា​សាធារណៈ ចំពោះ​ការ​លើក​ឡើង​របស់​លោក​ពី​ទិដ្ឋភាព​អសីលធម៌​របស់​គ្រួពេទ្យ​មួយ​ចំនួន​នោះ​ទេ។ ការ​លើក​ឡើង​របស់​លោក​បែប​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​ មាន​ការ​ស្នើ​សុំ​ឲ្យ​លោក​សុំទោស​ជា​សាធារណៈ និង​កែ​តម្រូវ ពី​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា។

លោក គួច ម៉េងលី
លោក គួច ម៉េងលី ©RFI-សុផល
ផ្សាយពាណិជ្ជកម្ម

លោក គួច ម៉េងលី បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​ទី​១៥ ខែ​មករា នេះ​ថា រឿង​ដែល​លោក​បាន​លើក​ឡើង​ក្នុង​កាសែត​កាល​ពី​ពេល​កន្លង​ទៅ មិន​មែន​ជា​រឿង​ធ្ងន់ធរ ដែល​លោក​គួរ​តែ​សុំទោស​ជា​សាធារណៈ​នោះ​ទេ​ ហើយ​មតិ​យោបល់ ដែល​លោក​បាន​លើក​ឡើង​នោះ គឺ​ជា​មតិ​យោបល់​ផ្ទាល់​ខ្លួន​ដែល​លោក​បាន​ឆ្លង​កាត់​ និង​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បាន​ឆ្លង​កាត់​ដែរ។ លោក ម៉េងលី បាន​បន្ថែម​ថា នៅ​ស្រុក​ខ្មែរ​មិន​មែន​គ្មាន​ពេទ្យ​ល្អ​ទេ មាន​ពេទ្យ​ល្អ​ច្រើន ប៉ុន្តែ​ភាគ​រយ​នោះ​គឺ​មាន​កម្រិត​ទាប​នៅ​ឡើយ ហើយ​បើ​ភាគរយ​ពេទ្យ​ល្អ​ច្រើន​នោះ​ប្រជាពលរដ្ឋ​ខ្មែរ​មិន​វេទនា​នោះ​ទេ។

សូម​បញ្ជាក់​ថា​ប្រធាន​ក្រុមហ៊ុន និង​ជា​ស្ថាបនិក ក្រុម​ហ៊ុន Mengly J. Quach Holding ត្រូវ​បាន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដក​ស្រង់​សម្តី​យក​មក​ចុះ​ផ្សាយ កាល​ពី​ថ្ងៃ​ទី​៨ ខែ​មករា ក្នុង​អត្ថបទ​មួយ​ក្រោម​ចំណង​ជើង​ថា “ពី​ក្មេង​ល្ងង់​ខ្លៅ​ក្រីក្រ​ ដើរ​រើស​ចំណី​តាម​ផ្លូវ​បរិភោគ ​ទៅ​ជា​សេដ្ឋី​ចិត្តធម៌”។ ដោយ​ក្នុង​នោះ​កាសែត​បាន​ដក​ស្រង់​សម្តី​លោក​ម៉េង​លី​ថា «វិស័យ​សុខាភិបាល​យើង​បើ​លោក​ឲ្យ​ពិន្ទុ​ពី ១ ដល់ ១០ លោក​ឲ្យ ២ ពិន្ទុ។

បើ​អ្នក​ក្រ​ទៅ​ពេទ្យ​លោកហ៊ាន​​ធានាថា ​គេ​នឹង​ដេក​នៅ​ចិញ្ចើម​ផ្លូវ​​។ ស្រី្ត​សម្រាល​កូន​ខ្លះ​កូន​អាច​ស្លាប់​ក្នុង​ពោះ​បើ​គ្មាន​លុយ​វះ។ លោក​ម៉េងលី បាន​បញ្ជាក់​តាម​រយៈ​កាសែត​នេះ​ទៀត​ថា ពេទ្យ​គ្មាន​វិជ្ជាជីវៈ ​គ្មាន​ភាព​ទន់ភ្លន់ គ្មាន​មេត្ដាធម៌​នេះ​ លោក​មិនមែន​និយាយ​ទាំងអស់​ទេ​​ពោល​គឺ​បើ​ជួប​១០​មាន​៩​អាក្រក់។

ក្រោយ​ពី​ការ​ចុះ​ផ្សាយ​របស់​កាសែត​នេះ គណៈ​វិជ្ជាជីវៈ​សុខាភិបាល ក៏​បាន​ចេញ​លិខិត​ មួយ​នៅ​ថ្ងៃ​ទី​១៤ មករា ជម្រាប​លោក គួច ម៉េងលី ដោយ​សុំ​ឲ្យ​មាន​ការ​កៃ​តម្រូវ​អត្ថបទ​នោះ។ គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា​ក៏​បាន​ចាត់​ទុក​ការ​លើក​ឡើង​របស់​លោក​ឧកញ៉ា​រូប​នេះ​ថា ជា​ការ​វាយ​តម្លៃ​គ្មាន​មូលដ្ឋាន គ្មាន​វិជ្ជាជីវៈ គ្មាន​ការ​ទទួល​ខុស​ត្រូវ និង​មាន​ចរិត​បំផ្លើស បន្ទោស​បង្អាប់ ដែល​ប៉ះពាល់​ដល់​កិត្តិយស សេចក្តី​ថ្លៃថ្នូរ​របស់​គ្រូពេទ្យ ​ហើយ​សុំ​ឲ្យ​លោក​គួច ម៉េងលី សុំទោស​ជា​សាធារណៈ​ជា​ចាំ​បាច់។

ចំណែក​លោក​ម៉េងលី បាន​ឆ្លើយ​តប​ថា លោក​មិន​មាន​គោលដៅ​វាយ​ប្រហារ​អ្វី​ទេ តែ​មាន​គោលដៅ​ជួយ​រដ្ឋាភិបាល​រក​វិធីសាស្ត្រ​ធ្វើ​ឲ្យ​រឹងមាំ​តាម​វិស័យ​នីមួយៗ​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​សេវា ហើយ​កាត់​បន្ថយ​លំហូរ​ថវិកា​ទៅ​ក្រៅ ដែល​អាច​បាត់បង់​ភាព​ជឿជាក់​លើ​ប្រទេស​ខ្មែរ។ លោក​បន្ថែម​ថា បើ​តាម​វិជ្ជាវៈ​គ្រួពេទ្យ​ លោក​មិន​អាច​ទិទាន​វិជ្ជាជីវៈ​ខ្លួន​ឯង​ទេ តែ​ដោយសារ​ការ​ខ្វះ​អនាម័យ ខ្វះ​ភាព​ទន់ភ្លន់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់​ទំនុក​ចិត្ត ដូច្នេះ​ការ​ទិទាន​ជា​ចំណុច​វិជ្ជមាន​មួយ​ដែល​ឆ្លុះ​បញ្ជាំង និង​ធ្វើ​ឲ្យ​បុគ្គល​មួយ​ចំនួន​កែ​តម្រូវ​ចំណុច​ខ្វះ​ខាត ដោយ​តម្រូវ​តាម​បរិបទ​នៃ​សង្គម​កម្ពុជា​បច្ចុប្បន្ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ