អានតួអត្ថបទ
កម្ពជា

លោក ឡុង ឌីម៉ង៖សាលា​ក្រុង​អនុញ្ញាត​ឲ្យ​មាន​ការ​ដង្ហែ​ក្បួន​មាឃ​បូជា​តែ​សម្ដេច​ព្រះសង្ឃ​រាជ​លុប​ចោល​ការ​ហែ​ក្បួន

លោក ឡុង ឌីម៉ង អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា សាលា​ក្រុង​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ដង្ហែ​ក្បួន​មាឃ​បូជា ទៅ​តាម​ការ​ស្នើ​សុំ​របស់​សម្ដេចព្រះ​សង្ឃ​រាជ មិន​មែន​មិន​អនុញ្ញាត ដូច​ការ​ចោទ​ប្រកាន់​ពី​បណ្ដាញ​សង្គម​ឬ​ការ​ចុះ​ផ្សាយរបស់​បណ្ដាញ​សារ​ព័ត៌​ មាន​នោះ​ទេ។ ប៉ុន្តែ​សាលា​ក្រុង​បាន​ស្នើ​សុំ​ត្រឡប់​ទៅ​វិញ​កាត់បន្ថ​យ​សម្ងាយ​ផ្លូវ​ ដើម្បី​កុំ​ឲ្យ​ក្បួន​ដង្ហែ​ប៉ះ​គ្នា ជា​មួយ​ក្បួន គណៈ​ប្រតិភូ​ថៃ ដែល​កំពុង​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា។ ប៉ុន្តែ​យ៉ាង​ក៏​ដោយ​ការ​ហែ​ក្បួន​នេះ​ត្រូវ​បាន​លុប​ចោល​ទាំង​ស្រុងពី​ សំណាក់​សម្ដេច​ព្រះសង្ឃ​រាជ នន្ទ ង៉ែត ដោយ​ព្រះអង្គ​យល់​ថា កុំ​ឲ្យ​មាន​ការ​ប៉ះពាល់ដល់​ការ​ធ្វើ​ចរាចរណ៍​សាធារណៈ។

ផ្សាយពាណិជ្ជកម្ម

ទោះ​ជា​មិន​មាន​ការ​ហែ​ក្បួន​ក៏​ពិត​មែន​ប៉ុន្តែ​ការ​ប្រារព្ធ​ពិធី​មាឃ​បូជា​នៅ​តែ​បន្ត​ធ្វើ​ដដែលនៅ​វត្ត​បទុម​វត្តី។ លោក ឡុង ឌីម៉ង ពន្យល់ថា តាម​គម្រោង​ក្បួន​មាឃ​បូជា​ហែ​ចេញ​ពីវត្ត​បទុម​វត្តី​ឡើង​មក​ផ្លូវ​២៤០ កាត់​តាម​ផ្លូវ​ព្រះស៊ី​សុ​វត្ថិ បត់​មក​ត្បូង ហែ​ជុំវិញ​រូបសំណា​ក់​សម្ដេច ជួន ណាត រួច​ហែ​បន្ត​កាត់​ផ្លូវ​សុរាម្រិត​និង​មុខ​ផ្ទះ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បន្ត​ចូល​ផ្លូវ​នរោត្តម។ ប៉ុន្តែ​ផ្លូវ​នរោត្តម​ត្រូវ​បាន​សាលា​ក្រុង​ស្នើ​សុំ​មិន​ឲ្យ​មាន​ការហែ​ក្បួន​ឆ្លង​កាត់​ព្រោះ​គណៈ​ប្រតិភូ​ថៃ​ធ្វើ​ដំណើ​ស្រប​ពេល​ជា​មួយ​គ្នា។

តាម​រយៈ​ការ​ស្នើ​សុំ​របស់​សាលា​ក្រុង​នេះ​សម្ដេច​ព្រះសង្ឃ​រាជ នន្ទ ង៉ែត សម្រេច​មិនដង្ហែ​ក្បួន​ដើម្បី​កុំ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ធ្វើ​ចរាចរណ៍​សាធារណៈ​និង​លើក​ម្មវិធី​នេះ​ទៅ​ធ្វើនៅ​ឆ្នាំ​ក្រោយ។ លោក ឡុង ឌីម៉ង បញ្ជក់ថា សាលា​ក្រុង​គ្មាន​សិទ្ធិ​ហាម​ឃាត់​ចំពោះគម្រោង​នៃ​ការ​ហែ​ក្បួន​មាឃបូជា​នោះ​ទេ ព្រោះ​នេះ​ជា​សំណើ​របស់​សម្ដេច​ព្រះ​សង្ឃរាជ។ ខណៈ​មាន​ការ​ប្រៀប​ធៀប​រវាង​គម្រោង​នៃ​ការ​ហែ​ក្បួន​មាឃបូជា​និង​ពិធី​ហែ​អ្នកតារបស់​ចិន​សាលា​ក្រុង​ក៏​បាន​កំណត់​ផ្លូវ​សម្រាប់​ក្រុម​អ្នក​តា​ធ្វើ​ការ​ហែ​ក្បួន​ដែរ​ពោល​គឺ​មិនមែន​ផ្ដល់​សិទ្ធិ​ឲ្យ​ធ្វើ​ការ​ហែ​ក្បួន​ដោយ​សេរី​នោះ​ទេ។

សូម​បញ្ជាក់​ថា ដូច​រៀងរា​ល់​ឆ្នាំ​ដែរ ពុទ្ធបរិស័ទ​ អ្នក​កាន់​ព្រះពុទ្ធ​សាសនា​បាន ប្រារព្ធពិធី​បុណ្យ​មាឃ​បូជា​ នៅ​ទី​តាំង​រៀងៗ​ខ្លួន។ ពិធី​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​រៀប​ចំ​ជា​ផ្លូវ​ការនៅ​បរិវេណ​ព្រះមហា សក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ ខេត្តកណ្ដាល ​ដោយ​មាន​ការចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​ពី​ព្រះសង្ឃ យាយជី តាជី និង ពលរដ្ឋទូទៅ ។ពិធី​នេះ​ប្រារព្ធឡើង​រយៈ​ពេល​ពីរ​ថ្ងៃ  ចាប់​ពី​ថ្ងៃ​ចន្ទ ទី២២ ដល់​ថ្ងៃ​អង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

មាឃបូជាជា​បុណ្យ​មួយ​សម្រាប់​ពុទ្ធ​សាសនា ធ្វើ​ក្នុង​ថ្ងៃ​ពេញ​បូណ៌មី​ខែ​មាឃ រំឮក​ដល់ សាវក​សន្និបាត “ការ​ប្រជុំ​សាវ័ក” នៃ​ព្រះ​សម្ពុទ្ធ​ដែល​ហៅ​ថា ចាតុរង្គ​សន្និបាត “ការ​ប្រជុំ​មាន​អង្គ​បួន”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ