អានតួអត្ថបទ
កម្ពជា

ក្រុម​ស្ត្រី​បង្កើត​កម្មវិធី​លើ​ទូរស័ព្ទ​ដៃ​ទំនើប ដើម្បី​ចូល​រួម​បញ្ឈប់​ហិង្សា​លើ​ស្ត្រី

នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ នេះ ក្រុម​ស្ត្រី​បាន​ដាក់​ផ្សព្វផ្សាយ​ពី​ការ​ប្រើ​ប្រាស់​កម្ម​វិធី​ជួយ​ ស្ត្រី​តាម​រយៈ​ប្រព័ន្ធ​ទូរស័ព្ទ​ដៃទំនើប ដើម្បី​ចូល​រួម​ក្នុង​ការ​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី។ នាយិកា​កម្មវិធី​នៃ​អង្គការ​បន្ទាយ​ស្ត្រី លោក​ស្រី ចាន់ សោភ័ណ្ឌ បាន​បញ្ជាក់​ថា​បច្ចុប្បន្ន​នេះ កម្ពុជា​មាន​ស្ត្រី​ប្រមាណ​ជិត​ពាក់​កណ្តាល​នៃ​ប្រជា​ពលរដ្ឋ​១៤​លាន​នាក់ បាន​ទទួល​រង​គ្រោះ​ដោយ​អំពើ​ហិង្សា​ពី​បុរស ហើយ​ក្នុង​នោះ​មាន​ស្ត្រី​២៤​ភាគ​រយ មិន​ទទួល​បាន​ការ​អប់​រំ ដើម្បី​ពង្រីក​ចំណេះ​ដឹង​របស់​ខ្លួន។

ក្រុម​​ស្ត្រី​​បង្កើត​​កម្មវិធី​​លើ​​ទូរស័ព្ទ​​ដៃ​​ទំនើប​កំពុង​ជួប​ជជែក​គ្នា
ក្រុម​​ស្ត្រី​​បង្កើត​​កម្មវិធី​​លើ​​ទូរស័ព្ទ​​ដៃ​​ទំនើប​កំពុង​ជួប​ជជែក​គ្នា រូបថតដោយៈសឿង ភារៈ
ផ្សាយពាណិជ្ជកម្ម

កម្ម​វិធី​សម្រាប់​ទូរស័ព្ទ​ដៃ​ទំនើប​ចំនួន​ពីរ​ត្រូវ​បាន​ដាក់​ផ្សព្វ​ផ្សាយ​ឲ្យ​ប្រើ​ប្រាស់​នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ នេះ ដោយក្រុម​បណ្តាញ​ពង្រឹង​សិទ្ធិ​អំណាច​ស្ត្រី​វ័យ​ក្មេង​នៅ​កម្ពុជា​ និង​អង្គ​ការ ActionAid សម្រាប់​លុប​បំបាត់​ហិង្សា​លើស្ត្រី។ កម្មវិធី​ទូរស័ព្ទ​ដៃ​ទាំង​នោះ មាន​ដូច​ជា “Safe Agent 008” និង “Krousa Koumrou” ដែល​អ្នក​ប្រើ​ប្រាស់ទូរស័ព្ទ​ដៃ​ទំនើបៗ អាច​ចូល​ទៅ​ទាញ​យក​មក​ប្រើ​ប្រាស់​នៅ​លើ​ទូរស័ព្ទ​ដៃ​បាន លើក​លែង​តែ​ទូរស័ព្ទ iPhone។

លក្ខណៈ​ពិសេស​នៃ​កម្មវិធី​ទាំង​អស់​នោះ មាន​ដូច​ជា ការ​បង្ហាញ​ពី​គំនូរ​ជីវចល​អំពើ​ហិង្សា​ក្នុង​គ្រួសារ សំនួរ​ចម្លើយ បញ្ជី​ទំនាក់​ទំនង​ទៅ​កាន់​ស្ថាប័ន ដែល​ធ្វើ​ការ​ទាក់​ទង​នឹង​ស្រ្តី ការ​ផ្ញើ​សារ​ដោយ​ភ្ជាប់​ជា​មួយ​ទី​តាំង​អ្នកប្រើ​ប្រាស់ មាន​សម្លេង​ស៊ីរ៉ែន​សម្រាប់​ស្វែង​រក​ជំនួយ​នៅ​ទី​សាធារណៈ។ បន្ថែម​ពី​នេះ​កម្មវិធី​ទាំង​នោះ នឹងអាច​ជួយ​ផ្លាស់​ប្តូរ ព្រម​ទាំង​អាច​ជា​ឧបករណ៍​អប់​រំ ដើម្បី​បង្កើន​ចំណេះ​ដឹង​ក្នុង​ការ​បញ្ឈប់​អំពើ​ហិង្សា​ក្នុងគ្រួសារ​ផង​ដែរ។

លោកស្រី ចាន់ សោភ័ណ្ឌ នាយិកា​កម្មវិធី​នៃ​អង្គការ​បន្ទាយ​ស្ត្រី បាន​បញ្ជាក់​ថា​ការ​បង្កើត​កម្មវិធី​សម្រាប់ទូរស័ព្ទ​ដៃ​នេះ​ឡើង គឺ​ដោយ​សារ​តែ​បច្ចុប្បន្ន​នេះ​មាន​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​ទំនើប​ច្រើន ដូច​ជា​នៅ​ទី​ក្រុង និង​ទី​ប្រជុំ​ជន​ក្នុង​ខេត្ត​ទាំង​អស់​របស់​ប្រទេស​កម្ពុជា ហើយ​កម្មករ​រោងចក្រ​កាត់ដេរ​ភាគ​ច្រើន​ក៏​មាន​ប្រើ​ប្រាស់ទូរស័ព្ទ​ដៃ​ទំនើប​ទាំង​អស់​នោះ​ដែរ។
ក្រៅ​ពី​ប្រើ​ប្រាស់​កម្មវិធី​ទូរស័ព្ទ​ដៃ ដើម្បី​ចូល​រួម​លុប​បំបាត់​ហិង្សា​លើ​ស្ត្រី ក៏​មាន​ដែរ​ការ​រៀប​ចំ​កម្មវិធី​មួយ​ចំនួន​ទៀត ដូច​ជា​កម្មវិធី​មួយ​រយ​កោដិ​សម្លេង​លើក​ឡើង​ពី​ការ​បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ។

លោក​ស្រី​បាន​បន្ត​ទៀត​ថា បច្ចុប្បន្ន​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា ការ​ប្រើ​អំពើ​ហិង្សា​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ផ្លូវចិត្ត​ស្ត្រី គឺ​មាន​ច្រើន បើ​ប្រៀប​ធៀប​នឹង​រូបភាព​ហិង្សា​ដទៃ​ទៀត ប៉ុន្តែ​ប្រជាពល​រដ្ឋ​ខ្មែរ​មិន​បាន​រាប់​ទង្វើ​នេះ​ថាជា​ហិង្សា​ទេ។ បើ​តាម​លោក​ស្រី​ហិង្សា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​មាន​ដូច​ជា​ការ​ជេរ​ប្រមាថ​ជា​ដើម។

សម្រាប់​រដ្ឋាភិបាល​កម្ពុជា​វិញ កន្លង​មក​ក៏​មាន​ការ​បង្កើត​ច្បាប់​ស្តី​ពី​ការ​ទប់​ស្កាត់​អំពើ​ហិង្សា ក្នុង​គ្រួសារ ដែលច្បាប់​នេះ​ត្រូវ​បាន​រដ្ឋសភា​កម្ពុជា​អនុម័ត​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០០៥ ហើយ​ក៏​មាន​ផែន​ការ​ជាតិ​ដើម្បីការពារ​ស្ត្រី​ពី​អំពើ​ហិង្សា ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨ ដែល​បាន​អនុម័ត​កាល​ពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៤ កន្លងទៅ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ