អានតួអត្ថបទ
កម្ពុជា

សាលាក្តីខ្មែរក្រហម៖​ អៀង សារី​ ត្រូវនាំ​មកកាត់ទោស​ក្នុងសំណុំរឿង​០០២​

អង្គ​បុរេ​ជំនុំជម្រះ​របស់​សាលាក្តី​មេ​ខ្មែរក្រហម​ បាន​បញ្ជាក់​ថា បើទោះបី​ជាអៀង សារី​ អតីត​រដ្ឋមន្ត្រី​ការ​បរទេស​ខ្មែរ​ក្រហម​ ត្រូវបាន​តុលាការ​បដិវត្តន៍​​ប្រជាជន​កម្ពុជាកាត់ទោស​កំបាំងមុខ​ កាលពី​ឆ្នាំ​១៩៧៩ ​និង​ត្រូវ​ព្រះមហាក្សត្រ​ព្រះរាជទាន​លើកលែង​ទោស​កាលពី​ឆ្នាំ​១៩៩៦ ក៏ប៉ុន្តែ​អតីត​ប្រមុខ​ការទូត​ខ្មែរក្រហម ​អាយុ ៨៦ ឆ្នាំ ​លោក អៀង សារី នៅ​តែ​ត្រូវ​នាំ​មក​កាត់ទោស​នៅ​តុលាការ​ចម្រុះ ​ដែល​បង្កើតឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា​និង​អង្គការ​សហប្រជាជាតិ​នាពេលនេះ​។​ សាលាក្តី​ខ្មែរក្រហម ​ក៏បាន​សម្រេច​ផងដែរ​ ដើម្បី​​ជ្រើសរើស ​អតីត​មេ​គុក​ទួលស្លែង ​កាំង ហ្កេ​ក​អ៊ា​វ ហៅ ឌុច ធ្វើ​ជា​សាក្សី ​ក្នុង​សំណុំរឿង​ ០០២ ។

លោក អៀង សារី អតីតរដ្ឋមន្ត្រីការបរទេសខ្មែរក្រហម
លោក អៀង សារី អតីតរដ្ឋមន្ត្រីការបរទេសខ្មែរក្រហម © លី​ ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

02:20

សេចក្តីរាយការណ៍របស់​លី ម៉េងហួរ

លី ម៉េងហួរ

មាន​អាយុ ៨៦ ឆ្នាំ ​លោក អៀង សារី អតីត​រដ្ឋមន្ត្រី​ការបរទេស​ខ្មែរក្រហម ​សព្វថ្ងៃ​ជាប់​ឃុំឃាំង នៅ​តុលាការ​ខ្មែរក្រហម​។​លោក អៀង សារី ជាប់ចោទ​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ និង​បទ​ប្រល័យ​ពូជសាសន៍​ នៅ​ក្នុង​សំណុំរឿង​០០២ ជាមួយ​អតីត​មេ​ខ្មែរក្រហម​វ័យ​ជរា ​៣ រូប​ទៀត គឺ នួន ជា ​ខៀវ​សំផន ​និង​លោកស្រី អៀង​ធីរិទ្ធ​។

 
កាលពី​ខែ​មករា​ សហ​មេធាវី​ការពារ​លោក អៀង សារី​ បាន​ប្តឹង​ឧទ្ធរណ៍​ចំពោះ​ការបន្ត​ឃុំខ្លួន លោក អៀង សារី ចាប់តាំងពី​ឆ្នាំ​២០០៧ ដើម្បី​រង់ចាំ​កាត់ទោស​ក្នុង​សំណុំរឿង​០០២​។​ សហមេធាវី​បាន​លើក​ឡើង​ថា​ លោក អៀង​សារី ត្រូវ​បាន​កាត់ទោស​ម្តង​ហើយ ​កាលពី​ឆ្នាំ​១៩៧៩​។​ អតីត​រដ្ឋមន្ត្រី​ការបរទេស​ខ្មែរក្រហម​រូប​នេះ ក៏​ត្រូវបាន​ព្រះមហាក្សត្រ ​ព្រះរាជទាន​លើក​លែង​ទោស កាលពី​ឆ្នាំ​១៩៩៦​។​ ដូច្នេះ​តាម​ច្បាប់​កម្ពុជា ​គេ​មិន​អាច​យក​លោក អៀង សារី​ ទៅ​កាត់ទោស ​នៅ​សាលាក្តី​ខ្មែរ​ក្រហម​ដែល​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា ​និង​អង្គការ​សហប្រជាជាតិ​បានឡើយ​។

ក៏​ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​១១​មេសា ​ឆ្នាំ​២០១១​ អង្គ​បុរេ​ជំនុំ​ជម្រះ ​របស់​សាលាក្តី​ចម្រុះ​ខ្មែរក្រហម ​បាន​ចេញ​ដីកា​បដិសេធ ​ដោយ​លើកឡើង​ថា​ តុលាការ​បដិវត្តន៍​​ប្រជាជន​កម្ពុជា​ ដែល​បាន​កាត់​ទោស​​មេដឹកនាំ​ខ្មែរក្រហម​ កាលពី​ឆ្នាំ​១៩៧៩​ ក្រោយ​បែក​សម័យ​ប៉ុលពត​ ធ្វើ​ឡើង​មិន​ស្រប​តាម​ស្តង់ដារ​ និង​មិន​អាច​ទទួល​យកបាន​។ ​មួយវិញទៀត ការលើកលែង​ទោស លោក អៀង សារី ​កាលពី​ឆ្នាំ​១៩៩៦ ​ក៏​មិន​អាច​រារាំង​សាលាក្តី​ចម្រុះ មិន​ឲ្យ​ជំនុំជម្រះ​លោក​អៀង​សារី​ឡើយ ដោយសារ​តែ​ខ្មែរក្រហម​ កាលណោះ មិន​គោរព​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១ ឡើយ​។

សំណុំរឿង​០០២ ត្រូវ​សាលាក្តី​ខ្មែរក្រហម បាន​បើក​កិច្ចប្រជុំ​រៀបចំ​សវនាការ​ កាលពី​សប្តាហ៍​មុន​។ ​កិច្ចប្រជុំ​នោះ​ បាន​សម្រេច ជ្រើសរើស​ លោក កាំ​ង​ហ្កេ​ក​អ៊ា​វ ហៅ ឌុច​ អតីត​ប្រធាន​គុក​ទួលស្លែង ធ្វើ​ជា​សាក្សី ក្នុង​សំណុំរឿង​០០២​។
សំណុំរឿង​០០២ ​ដែល​មាន​ជនជាប់​ចោទ​ ៤ រូប​ គឺ នួន​ជា​, ខៀវ​សំផន​, អៀង​សារី និង​លោក​ស្រី ​អៀង​ ធីរិទ្ធ នឹង​ត្រូវ​បើក​សវនាការ​កាត់ទោស​រួមគ្នា នា​ពាក់កណ្តាល​ឆ្នាំនេះ ​និង​ប្រើ​ពេល​វែង​ជាង​សវនាការ​លើ​សំណុំរឿង​០០១​។​ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក ឌឹម សុ​វណ្ណា​រុំ​ អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ