អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ទំនាក់​ទំនង​ប៉ាគីស្ថាន​និង​ឥណ្ឌា​ឡើង​កំដៅ​ក្រោយ​ការ​ស្លាប់​បិនឡាដិន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រតិបត្តិការ​​សម្លាប់​​បិនឡាដិន​​នៅ​​ក្នុង​​ទឹកដី​​ប្រទេស​​ប៉ាគីស្ថាន​​ កាលពី​​ថ្ងៃ​ទី​​១​​ឧសភា​​ដោយ​កម្លាំង​​ពិសេស​​អាមេរិក​​ មិន​ត្រឹមតែ​​ធ្វើ​​ឲ្យ​ទីក្រុង​​អ៊ីស្លាម៉ាបាត​ ​បាក់​មុខ​ប៉ុណ្ណោះទេ​ នៅ​ចំពោះ​មុខ​​ពិភពលោក​ តែ​គឺជា​ការ​បើក​ឱកាស​ឱ្យ​ប្រទេស​ឥណ្ឌា​​ដែល​ជា​សត្រូវ​ជិតខាង ​មាន​ភស្តុតាង​ថ្មី​ដាក់​​បន្ទុក​ទៅ​លើ​ប៉ាគីស្ថាន​ផង​ដែរ។ សម្រាប់​រដ្ឋាភិបាល​ទីក្រុង​ញូវដេលី​ អ្វីៗ​ហាក់​បាន​បង្ហាញ​ច្បាស់​ហើយ​នៅ​ពេល​នេះ​គឺ​ប៉ាគីស្ថាន​បាន​ផ្តល់​ ជម្រក​ដល់​ពួក​ភេរវជន​ បើ​ទោះបី​ជា​រដ្ឋាភិបាល​​អ៊ីស្លាម៉ាបាត​​​បដិសេធ​ថា​មិន​បាន​ដឹង​ពី ​វត្តមាន​របស់​​បិនឡាដិន​នៅ​លើ​ទឹកដី​របស់​ខ្លួន​​ក៏ដោយ។ ​ស្ថានការណ៍​នេះ​ បាន​និង​កំពុង​ដុត​កំដៅ​​ទំនាក់ទំនង​រវាង​ប្រទេស​ដែល​មាន​ អាវុធ​​នុយក្លេអ៊ែរ​​ទាំងពីរ​​នៅ​អាស៊ី​ខាងត្បូង​​ឱ្យ​ឡើង​កំដៅ​សា​ជាថ្មី។

រូបផែនទីពិភពលោក
រូបផែនទីពិភពលោក RFI/Khmer
ផ្សាយពាណិជ្ជកម្ម

ប្រទេស​ប៉ាគីស្ថាន​ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​​ការទូត​​ដ៏​រអៀស​ខ្លួន​​បំផុត​នៅ​ចំពោះ​មុខ​​ក្រសែ​ភ្នែក​របស់​ពិភពលោក។ ​រអៀស ​ដោយ​ហេតុ​ថា​ទីក្រុង​អ៊ីស្លាម៉ាបាត ​ត្រូវ​គេ​សង្ស័យ​ថា​បាន​លាក់​បំពួន​មេ​ភេរវជន​​ដ៏​ធំ​ ដែល​ពិភពលោក​ស្វែងរក​បំផុត​ក្នុង​​រយៈពេល​១០​ឆ្នាំ​ចុងក្រោយ​នេះ។ ​ទីបំផុត​ទៅ ទីជម្រក​របស់​អ៊ូសាម៉ា ​បិនឡាដិន​ស្ថិត​នៅ​ជិត​បង្កើយ​នឹង​បេះដូង​របស់​ប៉ាគីស្ថាន​គឺ​ប្រមាណ​តែ​ជាង​៥០​គម​ប៉ុណ្ណោះ​ពី​ទីក្រុង​អ៊ីស្លាម៉ាបាត។

ក្នុង​ប្រតិបត្តិការ​កំចាត់​បិនឡាដិន​កាល​ពី​ថ្ងៃ​ទី​១​ឧសភា​ អាមេរិក​មិន​បាន​ជូន​ដំណឹង​ដល់​រដ្ឋាភិបាល​ប៉ាគីស្ថាន​ឡើយ ​ក៏​ព្រោះតែ​រដ្ឋាភិបាល​លោក​អូបាម៉ា​លែង​ទុកចិត្ត​ទៀត​ហើយ​ទៅ​លើ​ប៉ាគីស្ថាន​ចំពោះ​ការប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម។ ​ការ​នេះ​មិន​ខុស​ពី​ការ​ទះ​កំផ្លៀង​ការទូត​មួយ​ដៃ​យ៉ាង​ធ្ងន់​របស់​ទីក្រុង​វ៉ាស៊ីនតោន​ទៅ​លើ​រដ្ឋាភិបាល​ក្រុង​អ៊ីស្លាម៉ាបាត។

មិនតែ​ប៉ុណ្ណោះ ​ការវែកមុខ​ អ៊ូសាម៉ា បិនឡាដិន​ នៅ​លើ​ទឹកដី​ប៉ាគីស្ថាន​ ប្រៀប​បាន​នឹង​ការ​ហុច​ដងដាវ​ទៅ​ឱ្យ​ឥណ្ឌា​ ដែល​បាន​សង្ស័យ​ទៅ​លើ​ប៉ាគីស្ថាន​ជាយូរ​ណាស់​មក​ហើយ។ ជាក់ស្តែង​នៅក្នុង​ពេល​ដែល​ពិភពលោក​អបអរ​សាទរ​ចំពោះ​ការស្លាប់​របស់​បិនឡាដិន​ ទីក្រុង​ញូវដេលី​បែរ​​ជា​សម្តែង​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ទៅ​វិញ។ ​ក្តី​បារម្ភ​របស់​ឥណ្ឌា​មិនមែន​មាន​ន័យ​ត្រឹមតែ​ជា​ការ​ភ័យ​​ខ្លាច​ពីព្រោះ​តែ​មេភេរវជន​​ដ៏​ធំ ​បាន​មក​សម្ងំ​លាក់​ខ្លួន​យ៉ាង​សុខសាន្ត​ក្នុង​ប្រទេស​ក្បែរ​ខាង​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ​ការសម្តែង​ក្តី​បារម្ភ​របស់​ឥណ្ឌា​ ក៏​ជា​ការ​ទះ​កំផ្លៀង​ការទូត​​មួយ​ដៃ​ទៀត​​ដល់​ប៉ាគីស្ថាន​ផង​ដែរ។

រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌា​ លោក​ S.M. Krishna ​បាន​ថ្លែង​ថា​ ការស្លាប់​របស់​បិនឡាដិន​គឺ​ជា​ព្រឹត្តិការណ៍​​ដែល​បញ្ជាក់​ពី​ការវិវឌ្ឍន៍​​ជា​ប្រវត្តិសាស្ត្រ ​និង​ជា​ជំហាន​ដ៏​ជោគជ័យ​មួយ​សម្រាប់​ពិភពលោក​ក្នុង​ការ​ធ្វើ​សង្គ្រាម​ប្រឆាំង​ភេរវកម្ម។ ​ប៉ុន្តែ ​ជាមួយគ្នា​នេះ ​ពិភពលោក​មិន​ត្រូវ​បន្ទូរ​បន្ថយ​​ការ​ប្រយុទ្ធ​រួមគ្នា​ប្រឆាំង​ពួក​ភេរវនិយម​ទេ ​ពោលគឺ​ត្រូវ​កំទេច​​ឱ្យ​អស់​នូវ​ទីជម្រក​របស់​ពួកនេះ​នៅ​ជុំវិញ​ខ្លួន​យើង។ ​នេះ​គឺ​ជា​ការ​សំដៅ​យ៉ាង​ជាក់ច្បាស់​ទៅ​លើ​ប៉ាគីស្ថាន។ ត្រង់​ចំណុច​​នេះ ​គេ​គួរ​រំលឹក​ថា​ ឥណ្ឌា ​និង​ប៉ាគីស្ថាន​មាន​ប្រវត្តិ​ជូរចត់​ជាមួយ​គ្នា​តាំងពី​យូរ​លង់​ណាស់​មក​ហើយ។ ​ប៉ាគីស្ថាន​ធ្លាប់​មាន​ទំនាក់ទំនង​គួរ​ឱ្យ​សង្ស័យ​ជាមួយ​សកម្មជន​អ៊ីស្លាម​ដែល​ប្រទេស​នេះ​បាន​ផ្តល់​ទីជម្រក​ដោយសារ​មូលហេតុ​ជាយុទ្ធសាស្រ្ត​នៅ​ក្នុង​ទំនាស់​រ៉ាំរ៉ៃ​ជាមួយ​ឥណ្ឌា​ជុំវិញ​ដែនដី​កាស្មៀ។

បន្ថែម​ពី​លើនេះ ​អំពើ​ភេរវកម្ម​កាលពី​ចុង​ខែ​វិច្ឆិកា​ឆ្នាំ២០០៨​ ទៅ​លើ​សណ្ឋាគារ​ប្រណីត​ ភោជនីយដ្ឋាន​ក្នុង​តំបន់​ទេសចរណ៍ ​ស្ថានីយ៍​រថភ្លើង​ដ៏​សំខាន់​មួយ​ និង​មជ្ឈមណ្ឌល​ជនជាតិ​ជ្វីវ​មួយ​នៅ​ក្នុង​ទីក្រុង​ប៊ុមបេ​ដែល​បាន​ធ្វើ​ឱ្យ​មនុស្ស​១៦៦​នាក់​ស្លាប់ ​និង​ជាង​៣០០​នាក់​ផ្សេង​ទៀត​រង​របួស​ គឺជា​អធិករណ៍​ថ្មី​រវាង​ឥណ្ឌា​និង​ប៉ាគីស្ថាន​នៅ​ក្នុង​បរិបទ​នៃ​អំពើ​ភេរវកម្ម។ ឥណ្ឌា​បាន​ដាក់​​ការសង្ស័យ​ទៅលើ​ក្រុម​ជ្រុល​និយម​ដែល​រស់​នៅ​លើ​ទឹកដី​ប៉ាគីស្ថាន។

គឺ​ចាប់តាំង​ពី​ពេល​នោះ​ហើយ​ដែល​ទំនាក់ទំនង​ឥណ្ឌា​និង​ប៉ាគីស្ថាន​ដែល​ជា​ប្រទេស​ជិតខាង​និង​​ជា​ប្រទេស​គូប្រជែង​ដ៏​ខ្លាំងក្លា​ខាង​អាវុធ​នុយក្លេអ៊ែរ​នៅ​អាស៊ី​ខាងត្បូង​ កាន់តែ​ធ្លាក់​ចុះ​ដុន​ដាប​យ៉ាង​ខ្លាំង​ម្តង​ទៀត​បន្ទាប់​ពី​ធ្លាប់​បាន​ធ្វើ​សង្គ្រាម​ជាមួយ​គ្នា​៣​ដង​ចាប់​តាំងពី​ឆ្នាំ​១៩៤៧​​
មក។ ​ដំណើរការ​ស្វែងរក​សន្តិភាព​ដែល​ផ្តួច​ផ្តើម​ឡើង​កាលពី​ឆ្នាំ​២០០៤​ត្រូវ​បាន​អាក់​ខាន​ទៅ​វិញ។ ប៉ុន្តែ ​ក្រោម​សម្ពាធ​ពី​អន្តរជាតិ​ជាពិសេស​ពី​សហរដ្ឋ​អាមេរិក​ ប្រទេស​ទាំង​ពីរ​បាន​យល់​ព្រម​​ចូល​តុចរចា​ឡើង​វិញ​កាលពី​ពេល​ថ្មីៗ​នេះ។ ​កាលពី​ខែ​មីនា​កន្លង​ទៅ ​ឥណ្ឌា​និង​ប៉ាគីស្ថាន​ថែម​​ទាំង​បាន​បង្កើត​ទូរស័ព្ទ​ក្រហម​មួយ​សម្រាប់​ទាក់ទង​គ្នា​បន្ទាន់​ស្តីពី​ព័ត៌មាន​ភេរវកម្ម​ទៀត​ផង។

ប៉ុន្តែ ​ឥឡូវ​នេះ​ដំបៅ​ចាស់​ហាក់​បាន​រើ​ឡើង​វិញ។ ​សម្រាប់​ទីក្រុង​ញូវដេលី ​ហាក់​គ្មាន​អ្វី​គួរ​ឱ្យ​សង្ស័យ​ទៀត​ឡើយ​ថា​ប្រទេស​ប៉ាគីស្ថាន​គឺជា​ជម្រក​ដ៏​ពិសិដ្ឋ​របស់​មេ​ភេរវជន។ ​ការចោទ​ប្រកាន់​​នេះ​ច្បាស់​ណាស់​ថា​កំពុង​ដុត​កំដៅ​​ទំនាក់ទំនង​ប្រទេស​អាស៊ី​ខាងត្បូង​ទាំងពីរ​ឱ្យ​ឡើង​កំដៅ​ដែល​អាច​នឹង​ជះឥទ្ធិពល​មិន​ល្អ​ដល់​តំបន់​អាស៊ី​និង​ពិភពលោក​ទាំងមូល​ពីព្រោះ​ចូរ​កុំភ្លេច​ថា ​ឥណ្ឌា​និង​ប៉ាគីស្ថាន​ជា​ប្រទេស​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ