អានតួអត្ថបទ
កម្ពុជា-ថៃ

ប្រមុខ​យោធា​ថៃ​យល់ព្រម​ឲ្យ​បញ្ជូន​អ្នកវាយតម្លៃ​សភាពការណ៍​មក​ព្រំដែន

នៅ​ក្នុង​ជំនួប​ពិភាក្សា​គ្នា​រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​និង​ថៃ​នៅ​ទីក្រុង​ហ្សាការតា​ប្រទេស​ឥណ្ឌូនេស៊ី ​លោក​ ប្រាវីដ​ វង្សស៊ូវណ្ណ ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ​បាន​យល់​ព្រម​ឲ្យ​ឥណ្ឌូនេស៊ី​កំណត់​ពេល​វេលា​ជាក់លាក់​ដើម្បី​បញ្ជូន​អ្នក​វាយតម្លៃ​សភាពការណ៍​មកកាន់​ព្រំដែន​ជម្លោះ​ដែល​ជា​ការ​បើក​ផ្លូវ​ឲ្យ​ក្រុម​អ្នក​សង្កេតការណ៍​ឥណ្ឌូនេស៊ី​បាន​មក​ពិនិត្យ​មើល​បទ​ឈប់​បាញ់​គ្នា​ជា​អចិន្ត្រៃយ៍​រវាង​កងទ័ព​កម្ពុជា​និង​ថៃ។ ​នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន ​និង​អាស៊ាន​បូក​ចិន​នៅ​ហ្សាការតា​នេះ​ដែរ​ ប្រធានា​ធិបតី​ឥណ្ឌូនេស៊ី ​និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​ក៏បាន​អំពាវនាវ​ជាថ្មី​ទៀត​ឲ្យ​កម្ពុជា​និង​ថៃ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី ​និង​ឲ្យ​បាន​ឆាប់។

លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​កម្ពុជា
លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​កម្ពុជា បូណា
ផ្សាយពាណិជ្ជកម្ម

នៅ​ពេល​ត្រឡប់​ពី​ប្រទេស​ឥណ្ឌូនេស៊ី​វិញ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ​លោក​ ទៀ បាញ់ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ថា ​រដ្ឋមន្ត្រី​ការពារជាតិ​ថៃ​​លោក ​ប្រាវីដ វង្ស​ស៊ូវណ្ណ ​បាន​យល់​ព្រម​ដោយ​ផ្ទាល់​មាត់​ថា​ឲ្យ​ប្រទេស​ឥណ្ឌូនេស៊ី​កំណត់​ពេល​វេលា​ឲ្យ​បាន​ជាក់លាក់​ក្នុង​ការ​បញ្ជូន​ក្រុម​អ្នក​វាយតម្លៃ​សភាពការណ៍​មក​កាន់​តំបន់​ព្រំដែន​កម្ពុជា​ថៃ​។

ការ​ព្រមព្រៀង​បែប​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ដោយ​ឡែក​រវាង​រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា​ថៃ​នៅ​ក្រៅ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​ដែល​បាន​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​១៨​ដល់​ថ្ងៃទី​២០​ឧសភា​នៅ​ទីក្រុង​ហ្សាការតា​ប្រទេស​ឥណ្ឌូនេស៊ី។ ​លោក​ទៀ បាញ់ ​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា​ សមភាគី​ថៃ​បាន​ស្នើ​ឲ្យ​អ្នកវាយតម្លៃ​សភាពការណ៍​ទាំង​នោះ​ស្លៀកពាក់​ជា​ជន​ស៊ីវិល។ ​ការ​មក​ដល់​របស់​អ្នក​វាយតម្លៃ​សភាពការណ៍​គឺ​ជា​ការ​បើក​ផ្លូវ​ឲ្យ​ក្រុម​អ្នកសង្កេតការណ៍​ឥណ្ឌូនេស៊ី​មក​ពិនិត្យ​មើល​ការ​ឈប់​បាញ់​គ្នា​ជា​អចិន្ត្រៃយ៍​រវាង​កងទ័ព​កម្ពុជា​និង​ថៃ។

បន្ទាប់​មក​នឹង​មាន​កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​ទូទៅ​កម្ពុជា​ថៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ បើ​យោង​តាម​លោក ​ទៀ បាញ់ ​នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​នៅ​ហ្សាការតា ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ក៏​បាន​អំពាវនាវ​ជាថ្មី​ទៀត​ឲ្យ​កម្ពុជា​និង​ថៃ​ដោះស្រាយ​បញ្ហា​ជាមួយ​គ្នា​ដោយ​សន្តិវិធី​។ ​នៅ​ក្នុង​ជំនួប​ដោយ​ឡែក​រវាង​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន ​និង​ចិន​ នៅ​ហ្សា​ការតា​ដែរ ​ចិន​ក៏​បាន​អំពាវនាវ​ឲ្យកម្ពុជា​និង​ថៃ​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិវិធី ​និង​ឲ្យ​បាន​ឆាប់​ផង​ដែរ​។

ប៉ុន្តែ ​គេ​គួរ​កត់សម្គាល់​ថា ​នេះ​មិន​មែន​ជា​លើក​ទី១​ទេ​ដែល​ថៃ​បាន​យល់ព្រម​ទទួល​យក​អ្នក​សង្កេតការណ៍​អាស៊ាន​ឲ្យ​មក​ពិនិត្យ​មើល​ការ​ឈប់​បាញ់​នៅ​តាម​ជាយដែន ​ប៉ុន្តែ ​ការ​យល់​ព្រម​របស់​ថៃ​ច្រើន​តែ​ត្រូវ​បាន​បំភ្លេច​ទៅ​វិញ​ក្រោយ​ពី​ចេញ​ពី​កិច្ចប្រជុំ។ ​ការ​ប្រែ​ក្រឡាស់​របស់​ថៃ​នេះ​ហើយ​ដែល​បាន​ធ្វើឲ្យ​នីតិវិធី​បញ្ជូន​អ្នកសង្កេតការណ៍​ឥណ្ឌូនេស៊ី​មក​កាន់​តំបន់​ជាយដែន​ជាប់គាំង​តាំង​ពី​ថ្ងៃ​ទី២២​កុម្ភៈ​រហូត​មក​ទល់​សព្វថ្ងៃ។

ជាក់ស្តែង ​គណៈរដ្ឋមន្ត្រី​ថៃ​នៅ​មិន​ទាន់​បាន​អនុម័ត​កិច្ចព្រមព្រៀង​វិធានការ​ជា​កញ្ចប់​ដែល​សម្រេច​បាន​នៅ​ក្នុង​អំឡុង​ពេល​ជំនួប​កំពូល​អាស៊ាន​កាលពី​ថ្ងៃ​ទី​១៩​ឧសភា​នោះ​នៅ​ឡើយ​ទេ។ ​យ៉ាងណា​ក៏ដោយ​ ដំណោះស្រាយ​វិធានការ​បន្ទាន់​ក្នុង​ជម្លោះ​នៅ​ព្រះវិហារ​នឹង​ត្រូវ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ​លើក​មក​ដោះស្រាយ​នៅ​ចុង​ខែ​ឧសភា​នេះ​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ