អានតួអត្ថបទ
កម្ពុជា

ថៃ​មិនទាន់​ឆ្លើយតប​សេចក្តី​ព្រាង​អនុវត្ត​សាលក្រម​ឡាអេ​របស់​កម្ពុជា

រហូត​ដល់​ពេល​នេះ រដ្ឋាភិបាល​ក្រុង​បាងកក​នៅតែ​មិនទាន់​​ផ្តល់​ចម្លើយ​លើ​សេចក្តីព្រាង​ការ​អនុវត្ត​សាលក្រម​ទីក្រុង​ឡាអេ​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​តាក់តែង​ឡើង​នោះ​ឡើយ។ ក្នុង​ករណី​ដែល​ថៃ​មិន​ឆ្លើយតប​ឬ​ពន្យារ​ពេល​នៃ​ការ​ឆ្លើយតប​យូរ​ពេក​នោះ កម្ពុជា​នឹង​អាច​រាយការណ៍​បញ្ហា​នេះ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ។

លោក ហោ ណំាហុង ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា​ថ្លែង​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ
លោក ហោ ណំាហុង ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា​ថ្លែង​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ ©CIJ
ផ្សាយពាណិជ្ជកម្ម

គ្មាន​ចម្លើយ​ផ្លូវការ​អ្វី​សោះ​ពី​រដ្ឋាភិបាល​ក្រុងបាងកក​មក​រដ្ឋាភិបាល​កម្ពុជា​លើ​សេចក្តីព្រាង​កិច្ច​ព្រមព្រៀង​ស្តីពី​ការ​អនុវត្ត​សាលក្រម​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ។ តាំងពី​ការ​បង្ហាញ​សេចក្តីព្រាង​នៃ​ការ​អនុវត្ត​សាលក្រម​ដោយ​លោក​នាយករដ្ឋមន្ត្រី​កម្ពុជា​ហ៊ុន សែន កាល​ពី​ថ្ងៃទី​២២​កក្កដា​សប្តាហ៍​មុន រហូត​ដល់​ពេលនេះ​កម្ពុជា​បាន​ត្រឹមតែ​លឺ​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​ក្រុង​បាងកក​សព្វថ្ងៃ​និយាយ​ប្រាប់​សារព័ត៌មាន​ថា ពួកគេ​កំពុង​ពិចារណា​លើ​សេចក្តីព្រាង​របស់​កម្ពុជានេះ។

អ្នក​នាំពាក្យ​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី លោកទិត សុធា​បាន​ថ្លែង​ប្រាប់វិទ្យុ​បារាំង​អន្តរជាតិ​នៅថ្ងៃនេះ​ថា កម្ពុជា​បាន​បង្ហាញ​ឆន្ទៈ​របស់​ខ្លួន​គ្រប់​ដំណាក់កាល​នៃ​បញ្ហា ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ។ ចំពោះ​រដ្ឋាភិបាល​ថៃ​វិញ រឿង​គឺ​នៅ​ដដែល​ទេ​ថា តើ​ថៃ​មាន​សុឆន្ទៈ​ចង់​ដោះស្រាយ​បញ្ហា​ឬ​យ៉ាងណា? នៅពេល​នេះ កម្ពុជា​នៅរង់ចាំ​ការ​​ឆ្លើយតប​ផ្លូវការពី​រដ្ឋាភិបាល​ថៃ។

បើទោះជា​សាលក្រម​របស់​តុលាការ​ឡាអេ​មិនបាន​កំណត់​ពេលវេលា​សម្រាប់​ភាគី​ទាំងពីរ​អោយ​ដោះស្រាយ​វិបត្តិ​ហើយ​កម្ពុជា​ទៀតសោត​ក៏​មិន​បាន​កំណត់​អោយ​ភាគី​ជម្លោះ​ម្ខាងទៀត គឺ​រដ្ឋាភិបាល​ថៃ ​ត្រូវ​ឆ្លើយតប​លើ​សេចក្តីព្រាង​ស្តី​ពី​ការ​អនុវត្ត​សាលក្រម​តុលាការ​នៅពេលណា​ក៏​ដោយ ប៉ុន្តែ​បើ​តាម​ការ​ពន្យល់​របស់​លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន​នៅក្នុង​សន្និសីទ​កាសែត​សប្តាហ៍​មុន​នោះ ក្នុង​ករណី​ដែល​ភាគី​ថៃ​នៅមិន​ព្រម​ផ្តល់​ចម្លើយ​ចំពោះ​សេចក្តីព្រាង​របស់កម្ពុជា កម្ពុជា​នឹង​ធ្វើ​របាយការណ៍​​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ អំពី​ការ​រាំងស្ទះ​នៃ​ដំណើរការ​ដោះស្រាយ​បញ្ហា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ