អានតួអត្ថបទ
កម្ពុជា-ថៃ

ដីកា​តុលាការ​ក្រុង​ឡាអេ​លើ​សំណុំរឿង​ព្រះវិហារ​៖ អ្នកណា​ឈ្នះ អ្នកណា​ចាញ់?

តុលាការ​យុត្តិធម៌​អន្តរជាតិ ក្រុងឡាអេ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​កម្ពុជា និង​ថៃ ដកកងទ័ព​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ និង​​តម្រូវ​ឲ្យ​ប្រទេស​ទាំងពីរ​ទទួល​យក​អ្នក​សង្កេតការណ៍​អាស៊ាន ចូល​មក​ត្រួតពិនិត្យ​ក្នុង​តំបន់​គ្មាន​កងទ័ព។ រវាង​កម្ពុជា និង​ថៃ តើ​អ្នកណា​ជា​ចាញ់ ហើយ​អ្នកណា​ជា​អ្នក​ឈ្នះ ក្នុង​ដីកា​បង្គាប់​នេះ?

ផែនទី​ភ្ជាប់​ជាមួយ​ដីកា​តុលាការ​អន្តរជាតិ បង្ហាញ​អំពី​តំបន់​គ្មាន​កងទ័ព នៅ​តំបន់​ព្រះវិហារ
ផែនទី​ភ្ជាប់​ជាមួយ​ដីកា​តុលាការ​អន្តរជាតិ បង្ហាញ​អំពី​តំបន់​គ្មាន​កងទ័ព នៅ​តំបន់​ព្រះវិហារ
ផ្សាយពាណិជ្ជកម្ម

ដីកា​បង្គាប់ កាលពីថ្ងៃ​ចន្ទ ១៨ កក្កដា ២០១១ ត្រូវបាន​ធ្វើ​ឡើង ដើម្បី​ចាត់វិធានការ​បន្ទាន់ ទៅតាម​សំណើ​របស់​កម្ពុជា នៅ​ក្នុង​បណ្តឹង​សុំ​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២។

ជាដំបូង ចៅក្រម​តុលាការ​ក្រុងឡាអេ​បាន​សម្រេច​ជា​ឯកច្ឆន្ទ ច្រានចោល​ការទាមទារ​របស់​ថៃ ដែល​ឲ្យ​តុលាការ​ដក​បណ្តឹង​កម្ពុជា​​ចេញ​ពី​បញ្ជី​សំណុំរឿង​របស់​តុលាការ។

បន្ទាប់មក តុលាការ​​បាន​ដាក់ចេញ​នូវ​វិធានការ​បណ្តោះអាសន្ន​មួយ​ចំនួន ដើម្បី​បញ្ចៀស​ការ​ប៉ះទង្គិច​ដោយ​ប្រដាប់អាវុធ​រវាង​កម្ពុជា និង​ថៃ នៅ​ក្នុង​ពេល​រង់ចាំ​តុលាការ​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២។ នៅ​ក្នុង​ដីកា​បង្គាប់ ចៅក្រម​បាន​ដាក់​តំបន់​ប្រាសាទ​ព្រះវិហារ​ជា​តំបន់​គ្មាន​កងទ័ព​ជា​បណ្តោះអាសន្ន ហើយ​បាន​តម្រូវ​ឲ្យ​ភាគី​ទាំងពីរ គឺ​កម្ពុជា និង​ថៃ ដក​កងទ័ព​ទាំងអស់​ចេញ​ពី​តំបន់​នេះ។ រាល់​សកម្មភាព​យោធា សំដៅ​លើ​តំបន់​គ្មាន​កងទ័ពនេះ ក៏​ត្រូវ​បាន​ហាមឃាត់​ដែរ។

នៅក្នុង​ដីកា​បង្គាប់​នេះ តុលាការ​ក៏បាន​តម្រូវ​ផងដែរ​ឲ្យ​កម្ពុជា និង​ថៃ អនុញ្ញាត​ឲ្យ​អ្នក​សង្កេតការណ៍​អាស៊ាន​​​ចូល​មក​ក្នុង​តំបន់​គ្មាន​កងទ័ព និង​មិនត្រូវ​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​ជម្លោះ​ព្រំដែន​កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ​ឡើង​ថែមទៀត។ កម្ពុជា​ត្រូវ​មាន​សិទ្ធិពេញលេញ​ក្នុងការ​ចេញចូល​ប្រាសាទ​ព្រះវិហារ ដោយ​គ្មាន​ការរារាំង​ពី​សំណាក់​ថៃ។

ដីកាបង្គាប់​ឲ្យ​ដកទ័ព​អាច​ជា​​ចំណុច​អវិជ្ជមាន​មួយ សម្រាប់​កម្ពុជា។ កងទ័ពកម្ពុជា​ ដែល​កំពុង​ឈរជើង​នៅ​តាម​​ទីតាំង​សំខាន់ៗ​មួយចំនួន ដូចជា ភ្នំទ្រព្យ វាលឥន្រ្តីយ៍ សម្បុកឃ្មុំ និង​វត្ត​កែវសិក្ខាគិរីស្វារៈ ជាដើម នឹង​ត្រូវ​ដកចេញ។ ឯថៃវិញ ​ទំនង​ជា​ពេញចិត្ត​នឹង​ការ​បង្គាប់​ឲ្យ​ដកទ័ព ពីព្រោះ​ថា ថៃ​ធ្លាប់​បានទាមទារ​​ជាច្រើន​លើក​ច្រើនសា​មកហើយ​ឲ្យ​ភាគី​ទាំងពីរ​ដក​កងទ័ព​ចេញ​ពីតំបន់ ៤.៦។

ផ្ទុយទៅវិញ ថៃ​ប្រាកដ​ជា​មិនសប្បាយចិត្ត​ចំពោះ​ការ​បង្គាប់​ឲ្យ​ទទួល​យក​​អ្នក​សង្កេតការណ៍​​អាស៊ាន​ឲ្យ​ចូល​មក​ក្នុង​តំបន់​ជម្លោះ។ កម្ពុជា​តែងតែ​បាន​ទាមទារ​ជាយូរមកហើយ ឲ្យ​ថៃ​ទទួល​យក​អ្នកសង្កេតការណ៍​​អាស៊ាន​​មក​ព្រំដែន ប៉ុន្តែ ថៃ​តែងតែ​យក​លេស​ពន្យារពេល​ម្តង​ជាពីរដង។

ម្យ៉ាងវិញ​ទៀត ថៃ​បាន​ទទួល​បរាជ័យ​ក្នុង​ការ​បញ្ចុះបញ្ចូល​តុលាការ​ឲ្យ​​បដិសេធ​បណ្តឹង​សុំ​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២។ នៅ​ក្នុង​សវនាការ​សាធារណៈ កាលពីថ្ងៃ​ទី៣០ និង​៣១ ឧសភា ២០១១​កន្លងទៅនេះ ភាគី​ថៃ​បាន​ព្យាយាម​លើក​ទឡ្ហីករណ៍​ជាច្រើន​ ដើម្បី​បង្ហាញ​ថា តុលាការ​អន្តរជាតិ​មិនមាន​សមត្ថកិច្ច​ជំនុំជម្រះ​បណ្តឹង​របស់​កម្ពុជា​។

ទីបំផុត​ចៅក្រម​បាន​សម្រេច​ជា​ឯកច្ឆន្ទ​ ដោយ​ធ្វើ​សេចក្តី​សន្និដ្ឋាន​បឋម​ថា កម្ពុជា និង​ថៃ មាន​យោបល់​ខ្វែងគ្នា​ទៅលើ​អត្ថន័យ និង​វិសាលភាព​នៃ​សាលក្រម​ឆ្នាំ​១៩៦២ ជាពិសេស ទៅលើ​ពាក្យ “​តំបន់ជុំវិញ​ប្រាសាទ​ព្រះវិហារ” និង​ទៅលើ​​កាតព្វកិច្ច​របស់​ថៃ ដែល​សាលក្រម​តម្រូវ​ឲ្យ​ដក​កងកម្លាំង​ប្រដាប់​អាវុធ​ចេញពី​តំបន់​នេះ។ នេះ​មានន័យថា ក្រោយ​ពី​ចេញ​វិធានការ​បណ្តោះអាសន្ន​រួចហើយ តុលាការ​អន្តរជាតិ​នឹង​​លើក​យក​បណ្តឹង​សុំ​បកស្រាយ​សាលក្រម​មក​ពិចារណា។

ដូច្នេះ បើសិន​ជា​មើលទៅលើ​វិធានការ​នីមួយៗ​ ទាំង​កម្ពុជា និង​ថៃ សុទ្ធតែ​​អាច​មាន​​​ខាត​ខ្លះ និង​ចំណេញ​ខ្លះ។ ក៏ប៉ុន្តែ បើ​សិន​ជា​យើង​មើល​ជារួម​ទៅលើ​សេចក្តី​សម្រេច​ កម្ពុជា​គួរ​តែ​មាន​ការ​ស្កប់ចិត្ត​ច្រើន​ជាង​​នឹង​ដីកា​បង្គាប់ កាល​ពី​ថ្ងៃ​ចន្ទ​នេះ។ ដីកា​បង្គាប់នេះ ប្រសិន​បើ​​គ្រប់​ភាគី​​អនុវត្ត​តាម​ដោយ​ខ្ជាប់ខ្ជួន អាច​នឹង​​ធានា​បាន​នូវ​បទឈប់បាញ់​អចិន្រ្តៃយ៍​មួយ ដោយ​មាន​ការ​ចូលរួម​ត្រួតពិនិត្យ​ពី​អ្នក​សង្កេតការណ៍​អាស៊ាន ដែល​កម្ពុជា​​ទាមទារ​ចង់​បាន​ជាយូរមកហើយ។

ការណ៍​​ដែល​តុលាការ​តម្រូវ​ឲ្យ​ភាគី​ទាំងសងខាង​ដកកងទ័ព​គ្រាន់តែ​ជា​វិធានការ​បណ្តោះអាសន្ន​តែ​ប៉ុណ្ណោះ ហើយ​ក៏​មិនមែន​មានន័យថា ភាគី​ទាំងពីរ​ត្រូវ​បោះបង់​សិទ្ធិ​លើ​អធិបតេយ្យ​របស់​ខ្លួន នៅ​លើ​​តំបន់​ណាមួយ​ដែរ។ កម្ពុជា​នឹង​នៅតែ​មាន​សិទ្ធិពេញលេញ​ក្នុង​ការ​ចេញចូល គ្រប់គ្រង ថែទាំ​​ប្រាសាទ​ព្រះវិហារ​បាន​ជា​ធម្មតា។ សិទ្ធិ​នេះ​ត្រូវ​បាន​បញ្ជាក់​យ៉ាងច្បាស់ នៅ​ក្នុង​ដីកាបង្គាប់​របស់​តុលាការ​អន្តរជាតិ។

តុលាការ​អន្តរជាតិ​មិន​អាច​បង្គាប់​ឲ្យ​ថៃ​តែម្ខាង​ដកកងទ័ព​ តាម​សំណើ​កម្ពុជា ទំនង​ជា​មិន​ចង់​ឲ្យ​មាន​បុរេវិនិច្ឆ័យ​លើ​សេចក្តី​សម្រេច​ចុងក្រោយ ទាក់ទង​នឹង​អធិបតេយ្យ​លើ​តំបន់​ជុំវិញ​តំបន់​ប្រាសាទ​ព្រះវិហារ ដែល​នឹង​ត្រូវ​ជំនុំជម្រះ​ក្នុង​បណ្តឹង​សុំបកស្រាយ​សាលក្រម។ ប្រសិន​បើ​តុលាការ​បង្គាប់​ឲ្យ​តែ​ខាង​ថៃ​ដក​កងទ័ព ចំណែក​កម្ពុជា​អាច​នៅ​ឈរជើង ក្នុង​តំបន់​ជម្លោះ​ដដែល គឺ​អាច​មានន័យថា មិនទាន់​ធ្វើការ​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២​ផង តុលាការ​ហាក់ដូចជា​បាន​ទទួល​ស្គាល់​ជាស្រេច​ទៅហើយ​​ថា តំបន់​នេះ​ជា​របស់​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ