អានតួអត្ថបទ
កម្ពុជា-ថៃ

ទាហាន​ថៃ​ធ្វើ​ជា​បង្ហាញ​ជំហរ​ចង់​អនុវត្ត​សាលក្រម​ឡាអេ

មេ​ប៉ូលីស​ថៃ​នៅ​ក្នុង​ខេត្ត​ស៊ីសាកេត​បាន​និយាយ​អោយ​ដឹង​ថា មន្ត្រី​ប៉ូលីស​៥នាក់​នឹង​ត្រូវ​បញ្ជូន​ទៅ​ក្នុង​តំបន់​ដែល​គ្មាន​កងទ័ព​បណ្តោះអាសន្ន​ក្បែរ​ព្រំដែន​ប្រាសាទ​ព្រះវិហារ​ជំនួស​ទាហាន​ថៃ តាម​បញ្ជា​សាលក្រម​តុលាការ​ឡាអេ។ ទោះ​យ៉ាង​នេះ​ក្តី កម្ពុជា​មិន​ទាន់​ខ្វល់​អំពី​សកម្មភាព​របស់​ថៃ​នៅ​ឡើយ​ទេ។

កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​ទាហានថៃ​ ថ្វាយបង្គំព្រះ​រយៈពេលខ្លី​នៅ​វត្ត​​កែវ​សិក្ខាគិរីស្វារៈ​
កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​ទាហានថៃ​ ថ្វាយបង្គំព្រះ​រយៈពេលខ្លី​នៅ​វត្ត​​កែវ​សិក្ខាគិរីស្វារៈ​ © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

កម្ពុជា​មិន​ខ្វាយខ្វល់​នឹង​សេចក្តី​ប្រកាស​របស់​មេប៉ូលីស​ខេត្ត​ស៊ីសាកេត​របស់​ថៃ​នោះ​ទេ។ សម្រាប់​កម្ពុជា ​​វា​ហាក់​ដូច​ជា​ថៃ​ច្រៀង​មិន​ទាន់​ចំ​ពេល​នៅ​ឡើយ។ ចំពោះ​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា ឧត្តមសេនីយ​ឯក​ឈុំ សុជាតិ គ្មាន​ការ​ព្រមព្រៀង​ណា​មួយ​ជាមួយ​ថៃ​អំពី​ការ​អនុវត្ត​សាលក្រម​តុលាការ​ឡាអេ ដោយ​គ្មាន​ការ​ដឹង​ឮ​ពី​ឥណ្ឌូនេស៊ី ឬ​ពី​ប្រធាន​អាស៊ាន​នោះ​ទេ។ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការពារ​ជាតិ​ខ្មែរ​ពន្យល់​ថា កម្ពុជា​បាន​ស្នើ​សេចក្តីព្រាង​កិច្ចព្រមព្រៀង​​អំពី​ការ​ដក​កងទ័ព និង​ការ​ទទួល​អ្នកសង្កេតការណ៍​ឥណ្ឌូនេស៊ី​រួច​ហើយ។ នៅ​ឡើយ​​តែ​ថៃ ដែល​ត្រូវ​សម្រេចចិត្ត​ថា នឹង​ធ្វើ​សេចក្តីព្រាង​របស់​ខ្លួន​មួយ​ផ្ញើ​ទៅ​អាស៊ាន​ដែរ ឬ​ត្រូវ​ពិចារណា​លើ​សេចក្តីព្រាង​របស់​កម្ពុជា។ ការ​ពិភាក្សា​ដែល​ត្រូវ​ឆ្លង​កាត់​ការ​ដឹងឮ​​របស់​ឥណ្ឌូនេស៊ី។ ចំពោះ​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ យោធា​ថៃ​ហាក់​កំពុង​ចង់​បង្ហាញ​ឥទ្ធិពល​និង​តួនាទី​របស់​ខ្លួន​នៅក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ទន្ទឹមនឹង​រដ្ឋាភិបាល​ថៃ​ដែរ។

គួរ​បញ្ជាក់​ថា នេះ​ជា​លើក​ទី​២​ហើយ ក្រោយ​សេចក្តីប្រកាស​សាលក្រម​តុលាការ​ឡាអេ ដែល​ក្រុម​យោធា​ថៃ​បាន​ព្រលយ​បំណង​ និង​ចង់​ចេញ​មុខ​ដើរ​តួ​ដោះស្រាយ​វិបត្តិ​ព្រំដែន​ជាមួយ​កម្ពុជា។ កន្លង​ទៅ​ថ្មីៗ​នេះ ក្រសួង​ការពារ​ជាតិ​ថៃ​បាន​បើក​កិច្ចប្រជុំ​មួយ​ដើម្បី​រៀបចំ​ការ​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​ជាមួយ​កម្ពុជា។ ហើយ​ពួក​គេ​នៅ​តែ​ប្រកាន់​ជំហរ​ដដែល​ថា ជម្លោះ​ព្រំដែន​ខ្មែរ-ថៃ​ជា​បញ្ហា​ទ្វេភាគី ហើយ​ដែល​អាច​ដោះស្រាយ​បាន​ដោយ​កម្ពុជា-ថៃ។ ប៉ុន្តែ​ថា សម្រាប់​កម្ពុជា បញ្ហា​សន្តិសុខ​ព្រំដែន​ប្រាសាទ​ព្រះវិហារ​បាន​ឡើង​ដល់​ដៃ​អង្គការ​សហប្រជាជាតិ និង​អាស៊ាន​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ