អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កម្ពុជាថៃ​ក្នុង​របៀបវារៈ​នៃ​ការស្តារ​ទំនាក់ទំនង​ឡើងវិញ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់​តាំង​ពី​ក្រោយ​ការកកើត​នៃ​រដ្ឋាភិបាល​ថ្មី​របស់​គណបក្ស​ភឿថៃ ​ទីក្រុង​ភ្នំពេញ និង​បាងកក​កំពុង​ស្ថិត​នៅ​ក្នុង​របៀបវារៈ​នៃ​ការស្តារ​ទំនាក់ទំនង​ជាមួយ​ គ្នា​ឡើង​វិញ។ ​នៅ​ក្នុង​សប្តាហ៍​នេះ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​អះអាង​ថា គោល​នយោបាយ​រដ្ឋាភិបាល​ថ្មី​របស់​លោកស្រី​យីងឡាក់​ ស៊ីណាវ៉ាត្រា ​មាន​លក្ខណៈ​ស៊ី​សង្វាក់​គ្នា​យ៉ាងខ្លាំង​ជាមួយ​គោល​នយោបាយ​របស់​រដ្ឋាភិបាល ​កម្ពុជា ពោលគឺ​ភាគី​ទាំងពីរ​សុទ្ធតែ​ចង់​រួមរស់​ជាមួយ​គ្នា​ដោយ​សន្តិភាព។ ទន្ទឹម​នឹង​នោះ ​រដ្ឋាភិបាល​ប្រទេស​ជិតខាង​ទាំងពីរ​គ្រោង​ចាប់ផ្តើម​ជំនួប​ជាច្រើន​ក្នុង​ ទិសដៅ​ស្តារ​ទំនាក់​ទំនង​ជាមួយ​គ្នា។ តើរបៀបវារៈ​នៃ​ដំណោះស្រាយ​កម្ពុជា​ថៃ ជា​សញ្ញា​នៃ​ការបញ្ចប់​បញ្ហា​ឬ?

លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត(ឆ្វេង) និង​លោក​ហ៊ុន សែន​នាយករដ្ឋមន្រ្តី​កម្ពុជា (ស្តាំ)
លោកស្រី​យីងឡាក់ ស៊ីណាវ៉ាត(ឆ្វេង) និង​លោក​ហ៊ុន សែន​នាយករដ្ឋមន្រ្តី​កម្ពុជា (ស្តាំ) ©RFI
ផ្សាយពាណិជ្ជកម្ម

ភ្លាមៗ​ក្រោយ​ពីការ​ចាប់​កំណើត​នៃ​រដ្ឋាភិបាល​ថ្មី ដឹកនាំ​ដោយ​ប្អូនស្រី​លោក​ថាក់ស៊ីន ​ទីក្រុង​ភ្នំពេញ ​និង​បាងកក​លែង​មាន​ទៀត​ហើយ ការដំឡើង​សរសៃក​ដាក់​គ្នា ​គឺ​មាន​តែ​ស្នាម​ញញឹម​ស្រស់​ស្រាយ​រាក់ទាក់​រកគ្នា​តែ​ប៉ុណ្ណោះ។ ​លែង​មាន​ទៀត​ហើយ​ការប្រឈម​មុខ​ដាក់​គ្នា​ខាង​យោធា​តាម​ព្រំដែន​ គឺ​មាន​តែ​ការដក​កងទ័ព​ត្រឡប់​មក​សមរភូមិ​ក្រោយ​វិញ។ ក៏​លែង​មាន​ទៀត​ដែរ​ ភាពតានតឹង​ផ្នែក​ការទូត។ តើ​នេះ​មិនមែន​ជា​និទាឃរដូវ​សម្រាប់​ចំណង​ទាក់ទង​កម្ពុជា​ថៃ​ទេឬ?

 
លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​បាន​មាន​ប្រសាសន៍​ដោយ​ការសាទរ​ថា គោល​នយោបាយ​រដ្ឋាភិបាល​ថ្មី​របស់​លោកស្រី​យីងឡាក់ ​ស៊ី​សង្វាក់​គ្នា​យ៉ាង​ខ្លាំង​ជាមួយ​គោល​នយោបាយ​នៃ​រដ្ឋាភិបាល​កម្ពុជា ពោលគឺ​ភាគី​ទាំងពីរ​សុទ្ធតែ​មាន​សុឆន្ទៈ​ក្នុង​ការរួមរស់​ជាមួយ​គ្នា​ក្នុង​សុខ​​សន្តិភាព។ ​ឆ្លើយ​តប​ទៅ​នឹង​បំណង​ចង់​រួមរស់​ជាមួយ​គ្នា​ដោយ​សន្តិវិធី​របស់​កម្ពុជា ​លោកស្រី​យីងឡាក់​បាន​ផ្តល់​សញ្ញា​វិជ្ជមាន​ភ្លាមៗ​ដែរ។ ​រដ្ឋាភិបាល​ថ្មី​នៃ​ទីក្រុង​បាងកក​បាន​ចាត់ទុក​ជម្លោះ​ព្រំដែន​កម្ពុជា​ថៃ ជា​របៀបវារៈ​សំខាន់​ជាងគេ​មួយ ក្នុង​ចំណោម​បញ្ហា​ដែល​រដ្ឋាភិបាល​របស់​លោកស្រី​ត្រូវ​ដោះស្រាយ។ បន្ទាប់​ពី​ការផ្តល់​សញ្ញា​វិជ្ជមាន​រកគ្នា​រួច​មក​ ផែនការ​សកម្មភាព​ជាច្រើន​ត្រូវ​បាន​រៀបចំ​ឡើង ដើម្បី​អនុញ្ញាត​ឲ្យ​មេដឹកនាំ​គ្រប់​ជាន់​ថ្នាក់​នៃ​ភាគី​ទាំងពីរ​បាន​ជួប​គ្នា ចាប់តាំង​ពី​ថ្នាក់​កងទ័ព​ជួរមុខ​រហូត​ដល់​ថ្នាក់​ឧបនាយក​រដ្ឋមន្ត្រី ​និង​នាយក​រដ្ឋមន្ត្រី។

ជាការពិត ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ថៃ​បាន​បង្ក​ស្នាម​របួស​ជ្រាលជ្រៅ រវាង​ប្រទេស​ទាំងពីរ ជា​ពិសេស​ឆ្លងកាត់​ការផ្ទុះ​អាវុធ​ទ្រង់ទ្រាយ​ធំ​ប៉ុន្មាន​លើក​ចុងក្រោយ។ ​ដូច្នេះ​ការ​ដោះស្រាយ​ប្រាកដ​ជា​មិន​មែន​ងាយ​ស្រួល​ឡើយ។ សម្រាប់​ក្រសែ​ភ្នែក​ក្រុម​អ្នកវិភាគ ​បរិយាកាស​ក្នុង​ដំណោះស្រាយ​កម្ពុជា ថៃ​បាន​ប្រែប្រួល​មែន​ ប៉ុន្តែ ​ជម្រៅ​នៃ​បញ្ហា​ហាក់​ដូច​ជា​នៅ​តែ​ដដែល​ទេ នោះគឺ​ភាពដាច់​ស្រេច​នៃ​ខ្សែ​បន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ ជា​រឿង​ដែល​មិន​ងាយ​អារ​កាត់​ទោះបី​ជា​មាន​ឯកសារ​ប្រវត្តិសាស្ត្រ​ជាច្រើន​បញ្ជាក់​ច្បាស់លាស់​ហើយ​ក៏ដោយ។ ប៉ុន្តែ ​ភាគី​ថៃ​បាន​ជាប់ផុង​ទៅ​ក្នុង​គំនាប​នៃ​ភាព​ជា​អ្នកវង្វេង​ប្រវត្តិសាស្ត្រ​យ៉ាង​ជា្រលជ្រៅ​ដែល​មិន​ងាយ​មាន​អ្នក​ណា​ស្តារ​បាន។

ម្យ៉ាងទៀត ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ប្អូន​ស្រី​លោក​ថាក់ស៊ីន ក៏​កំពុង​ស្ថិត​ក្នុង​គំនាប​នៃ​ក្រុម​ប្រឆាំង​ និង​ជាពិសេស​ក្រុម​យោធា​ដែរ។ គំនាប​នេះ​ទាមទារ​ឲ្យ​លោកស្រី​យីងឡាក់​ប្រយ័ត្ន​ប្រយែង​គ្រប់​ជំហាន ​បើ​មិន​ដូច្នោះ​ទេ ​លោកស្រី​នឹង​រអិល​ធ្លាក់​ក្នុង​គន្លង​ចាស់​របស់​បងប្រុស គឺ​អតីត​នាយក​រដ្ឋមន្ត្រី​ថាក់ស៊ីន ជា​មិន​ខាន​ឡើយ។

យ៉ាងណា​ក៏ដោយ​ចុះ ​សញ្ញា​ល្អ​មួយ​ទៀត​សម្រាប់​ដំណោះស្រាយ​បញ្ហា​កម្ពុជា ថៃ គឺ ​លោកស្រី​យីងឡាក់ ​ស៊ីណាវ៉ាត្រា ​បាន​ប្រកាស​ប្រើប្រាស់​យន្តការ​អាស៊ាន​ដើម្បី​សម្រប​សម្រួល​ដោះ​ស្រាយ​បញ្ហា​ជាមួយ​កម្ពុជា។ នេះ​ជា​មធ្យោបាយ​ដែល​ក្រុម​អ្នកវិភាគ​មើល​ឃើញ​ថា​ មាន​ប្រយោជន៍​សំខាន់​សម្រាប់​រដ្ឋាភិបាល​របស់​លោកស្រី​ផង ​សម្រាប់​កម្ពុជា​ផង​ និង​សម្រាប់​អាស៊ាន​ផង។ ​សម្រាប់​រដ្ឋាភិបាល​លោកស្រី​យីងឡាក់ ​ដំណោះស្រាយ​តាម​យន្តការ​អាស៊ាន គឺជា​ច្រក​ល្អ​បំផុត​ក្នុង​ការ​កាត់បន្ថយ​សម្ពាធ​ពីក្រុម​ប្រឆាំង ឬ​ពីក្រុម​យោធា ​ពីព្រោះ​ថា ​អាស៊ាន​ដែល​មាន​ប្រទេស​សមាជិក​១០ ​និង​ជាពិសេស​ ដែល​មាន​អគ្គលេខាធិការ​បច្ចុប្បន្ន​ជា​ជនជាតិ​ថៃ​ផង​នោះ គឺជា​សាក្សី​យ៉ាង​សំខាន់​សម្រាប់​បង្កើន​ភាពជឿជាក់​នៃ​ដំណោះស្រាយ​ក្រោម​យន្តការ​អាស៊ាន​ជាង​ការដោះស្រាយ​ទ្វេភាគី។

ចំណែក​ប្រយោជន៍​សម្រាប់​កម្ពុជា​វិញ​គឺ​ ដំណោះស្រាយ​តាម​យន្តការ​អាស៊ាន គឺ​ជា​អ្វី​ដែល​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ប្រាថ្នា​ចង់​បាន​ជាយូរ​មក​ហើយ ​ប៉ុន្តែ ត្រូវ​បាន​ជំទាស់​ដោយ​នាយក​រដ្ឋមន្ត្រី​អាភីស៊ីត​តែ​រហូត។ ​ដូច្នេះ ​ការ​ចាប់​យក​យន្តការ​អាស៊ាន​ឡើង​វិញ​មក​ដោះស្រាយ​បញ្ហា គឺជា​អ្វី​ដែល​កម្ពុជា​ទន្ទឹង​រង់ចាំ។ ​រី​ឯ​អាស៊ាន​ក៏នឹង​ទទួល​បាន​ប្រយោជន៍​ពី​ដំណោះស្រាយ​បញ្ហា​កម្ពុជា​ថៃ​ដែរ​ ប្រយោជន៍​នៅ​ត្រង់​ថា ​សមាគម​នេះ​នឹង​មាន​មុខមាត់​ជាងមុន ដោយសារ​តែ​ខ្លួន​មាន​តួនាទី​កាន់តែ​សំខាន់​ក្នុង​ការ​ដោះស្រាយ​វិវាទ​ផ្ទៃក្នុង​រវាង​រដ្ឋាភិបាល​ជា​សមាជិក។

សរុប​មក​វិញ ​សភាពការណ៍​ព្រំដែន​កម្ពុជា​ថៃ ពិតជា​បាន​ប្រែប្រួល​ថ្មី​ហើយ​ពេល​នេះ ​ប៉ុន្តែ តើ​ដំណោះស្រាយ​ពិតប្រាកដ​នៅ​ឯណា? ​និង​ត្រូវ​ប្រើ​ពេល​យូរ​ប៉ុណ្ណា? ​នៅ​មិន​ទាន់​មាន​អ្នកណា​អាច​ឆ្លើយ​សំណួរ​នេះ​បាន​នៅ​ឡើយ​ទេ។ ​យ៉ាងណា​ក៏ដោយ​ សន្តិភាព​នៅ​តាម​ជាយដែន​ជា​រឿង​សំខាន់​ដំបូង​បំផុត​ដែល​គួរ​អបអរ​សាទរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ