អានតួអត្ថបទ
កម្ពុជា

សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល ប្រយ័ត្ន​ប្រយែង​ចំពោះ​ការ​តាក់តែង​ច្បាប់​គ្រប់គ្រង​ប្រេង និងឧស្ម័ន

​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ដែល​ធ្វើកា​រលើ​វិស័យ​ប្រេង និង​ឧស្ម័ន បាន​ជំរុញ​ឲ្យមាន​ការទំនា​ក់​ទំនង ដោយ​បើកចំហ​រវាង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ក្នុង​ស្មារតី​តម្លាភាព គណនេយ្យភាព និង​យុត្តិធម៌។ នោះ​គឺ​រដ្ឋាភិបាល​កម្ពុជា ត្រូវតែ​តាក់តែង​សេចក្តីព្រាងច្បាប់​គ្រប់គ្រង​ប្រេង និង​ឧស្ម័ន ដ៏​ល្អ​មួយ ខណៈ​ដែល​កម្ពុជា នឹង​បូម​ប្រេង​ដំណក់​ទី​១ នៅ​ថ្ងៃ​ទី​១២ ខែ​១២ ឆ្នាំ​២០១២​។​

ពិធី​ចុះ​ហត្ថលេខា​លើ​ការសិក្សា​លទ្ធភាព​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេងកាត ក្រោម​អធិបតីភាព​លោក សុខ អាន(រូបភាពឯកសារ)
ពិធី​ចុះ​ហត្ថលេខា​លើ​ការសិក្សា​លទ្ធភាព​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេងកាត ក្រោម​អធិបតីភាព​លោក សុខ អាន(រូបភាពឯកសារ) RFI/Channa
ផ្សាយពាណិជ្ជកម្ម

 

សង្គម​ស៊ីវិល​បានលើកឡើង​ដូច្នេះ នៅក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ ស្តីពី ការអនុវត្ត​ដ៏​ប្រសើរ​លើ​ក្របខណ្ឌ​ច្បាប់ វិស័យ​ប្រេង និង​ឧស្ម័ន កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​១៦​កញ្ញា ឆ្នាំ​២០១១ នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា ក្នុង​រាជធានី​ភ្នំពេញ​។​
 
​លោក ម៉ម សម្បត្តិ ប្រធាន​ក្រុមប្រឹក្សាភិបាល សម្ព័ន្ធភាព​កម្ពុជា ដើម្បី​ចំណូល​ធនធាន បាន​លើកឡើង​ថា ពេលវេលា​របស់​យើង កាន់តែ​ជិត​ទៅៗ សម្រាប់​ការងារ​ទាញ​យក​ប្រេង និង​ឧស្ម័ន​ពី​ដែនសមុទ្រ​។ នៅពេលនេះ ជា​វេលា​ដែល​កម្ពុជា​ត្រូវ​ធ្វើការ​រួមគ្នា ដើម្បី​ធ្វើ​អោយប្រទេស​ជាតិ​ទទួល​បាន​ផលប្រយោជន៍​ជា​អតិបរិមា​ពី​ការអភិវឌ្ឍន៍​វិស័យ​ប្រេង​។​
 
​តំណាង​សង្គម​ស៊ីវិល រូបនេះ បញ្ជាក់ថា ការបង្កើត​ច្បាប់​គ្រប់​ជ្រុងជ្រោយ និង​ប្រសិទ្ធភាព ដើម្បី​គ្រប់​គ្រង់​វិស័យ​ឧស្សាហកម្ម និស្សា​រណកម្ម នឹង​ពិតជា​គាំទ្រ​កម្ពុជា សម្រេច​បាន​គោលបំណង ដូចដែល​បាន​ចែង​ក្នុង​ផែនការអភិវឌ្ឍន៍​ជាតិ ក៏ដូចជា​គោលដៅ​អភិវឌ្ឍន៍​សហសវត្ស​រ៍​ដើម្បី​លុបបំបាត់​ភាពក្រីក្រ ផ្ដល់ឱកាស និង​ជម្រើស​សម្រាប់​គ្រប់គ្នា ធ្វើឲ្យ​ប្រសើរឡើង​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​។​
 
​តាម​អង្គការ​សង្គម​ស៊ីវិល ផល​បះ​ពាល់ និង​បច្ច័យ​នៃ​ច្បាប់​ប្រេង មាន​ភាព​ធ្ងន់ធ្ងរ និង​យូរអង្វែង ប្រសិន​ជា​ច្បាប់​ទាំងនោះ មិន​បាន​តាក់តែង​ច្បាប់ ពុំ​បាន​ពិចារណា​ឲ្យ​គ្រប់​ជ្រុងជ្រោយ ឬ​ត្រឹមត្រូវ​នោះទេ​។
 
​ចំណែក​លោក ប្រាយ​អិន ឡ​ន់ នាយក​ប្រចាំ​តំបន់​អាស៊ី​ខាងកើត របស់​អង្គការ​អុក​ស្វា​ម​អាមេរិក បាន​លើកឡើង​ក្នុង​ពិធី​ជួបជុំ កាលពី​ព្រឹក​មិញ​ថា នៅ​មិន​ដល់​មួយ​ឆ្នាំ​កន្លះ​ទៀត​ទេ ប្រទេស​កម្ពុជា​នឹង​ចាប់ផ្តើម​ដំណើរការ​បូម​ប្រេង ពី​ដែន​សមុទ្រ​របស់ខ្លួន​។ ប៉ុន្តែ​ដើម្បី​ធានាថា ដំណើរការ​បូម​យក​ប្រេង​នោះ អាច​ប្រព្រឹត្តទៅបាន​ដោយ​ជោគជ័យ​នោះ ក្រប​ខណ្ឌ​ច្បាប់​ស្តីពី​ការរុករក និង​ការផលិត ព្រម​ទាំង​ក្របខណ្ឌ​ច្បាប់​ស្តីពី​ការបញ្ឈប់​ដំណើរការ​អាជីវកម្ម​ប្រេង និង​ឧស្ម័ន គួរ​ទទួលបាន​ការយ​ក​ចិត្ត​ទុកដាក់​ជាបន្ទាន់​។​
 
​តាម​អ្នកជំនាញការ​រូបនេះ ការរៀបចំ​ក្របខណ្ឌ​ច្បាប់​ទាំងនោះ ឲ្យបាន​ល្អ នឹង​អនុញ្ញាត​ឲ្យ​ប្រទេស​កម្ពុជា ប្រមូល​អត្ត​ប្រយោជន៍​ជា​អតិបរមា ពី​ផលិតកម្ម​ប្រេង ដែល​ត្រូវបាន​រំពឹងថា នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១២ ខែ​១២ ឆ្នាំ​២០១២ និង​នៅ​ម៉ោង ១២ សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង ក្នុង​ការអភិវឌ្ឍន៍​ប្រទេសជាតិ​។​
 
​ទាក់ទង​នឹង​ច្បាប់​គ្រប់គ្រង​ប្រេង និង​ឧស្ម័ន ត្រូវបាន​លោក សុខ អាន ប្រធាន​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា លើកឡើង កាលពី​ថ្ងៃ​៩​កញ្ញា​ថា អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា កំពុង​ចាត់តាំង​មន្ត្រី​ជំនាញ សហការ​ជាមួយ​អ្នកជំនាញ​អន្តរជាតិ ដើម្បី​សិក្សា​ច្បាប់​ពី​បណ្តា​ប្រទេស​ជាច្រើន ដើម្បី​បង្កើត​បាន​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ប្រេងកាត និង​ឧស្ម័ន​នៅ​កម្ពុជា ឲ្យក្លាយ​ទៅ​ជា​ច្បាប់​មួយ​ដែល​ល្អ ហើយ​ចំណូល​ពី​ប្រេង ត្រូវ​រួមចំណែក​ឲ្យបាន​ច្រើន​បំផុត​ក្នុង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​។​
 
​ក៏ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល មិន​បានឲ្យ​ដឹង​ពី​ខ្លឹមសារ​ពង្រាងច្បាប់ និង​ពេលណា ទើប​ពង្រាង​ច្បាប់​ប្រេង​ត្រូវអនុម័ត​ឡើយ ពីព្រោះ​តាម​លោក​សុខ​អាន នៅ​មាន​កិច្ចការ​ច្រើន​ទៀត ដែល​រដ្ឋាភិបាល​ត្រូវ​ធ្វើ ដើម្បី​ឲ្យស្រប​តាម​បរិបទ​សេដ្ឋកិច្ច​កម្ពុជា​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ