អានតួអត្ថបទ
កម្ពុជា-ថៃ

កិច្ច​ប្រជុំ​គណៈកម្មការ​ព្រំដែន​ទូទៅ GBC កម្ពុជា-ថៃ ធ្វើ​នៅ​ចុង​ខែ​ធ្នូ

រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​កម្ពុជា ក្នុងនាម​ជា​ម្ចាស់ផ្ទះ គ្រោង​នឹង​បញ្ជូន​លិខិត​ថ្មី​មួយទៀត ទៅ​កាន់​រដ្ឋមន្ត្រី​ការពារជាតិ​ថៃ ដើម្បី​កំណត់​ពេល​ប្រជុំ​គណៈកម្មការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ GBC នៅ​ចុង​ខែ​ធ្នូ​ខាងមុខ​។ កិច្ចប្រជុំ ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ការពារ នឹង​ផ្តោត​សំខាន់​លើ​បញ្ហា​សន្តិសុខ​តាម​បណ្តោយ​ព្រំដែន ជា​ពិសេស​ការអនុវត្តន៍​​សាលដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ទី​ក្រុងឡាអេ ក្នុង​រឿង​ដក​កងទ័ព ចេញពី​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ ក៏​ជា​ប្រធានបទ ដែល​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​ថៃ ត្រូវ​លើក​មក​ពិភាក្សា​ផង​ដែរ​។

លោក ទៀ បាញ់ និង​ សមភាគី​ថៃ ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា ថ្ងៃ​ទី ២៨ វិច្ឆិកា ២០០៩
លោក ទៀ បាញ់ និង​ សមភាគី​ថៃ ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា ថ្ងៃ​ទី ២៨ វិច្ឆិកា ២០០៩ © Reuters
ផ្សាយពាណិជ្ជកម្ម

ក្រសួងការពារជាតិ​កម្ពុជា នឹង​បញ្ជូន​លិខិតផ្លូវការ​ទៅកាន់​ក្រសួង​ការពារជាតិ​ថៃ ដើម្បី​ចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ GBC នៅ​ចុង​ខែ​ធ្នូ​ខាងមុខ​។ កម្ពុជា ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ GBC លើក​ទី​៨ ដែល​គ្រោង​ធ្វើ​នៅ​ភ្នំពេញ បាន​ប្រុងប្រៀប​រួច​ស្រេច​ហើយ ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​នោះ​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ឧត្តមសេនីយ៍ឯក ឈុំ សុជាតិ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​។

មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ​កម្ពុ​ជា ក៏​បានឲ្យដឹងថា លិខិត​រដ្ឋមន្ត្រី​ការពារជាតិ​ថៃ ដើម្បី​ចូលរួម​កិច្ចប្រជុំ GBC លើក​នេះ ជា​លើក​ទី​៣​ហើយ ដែល​កម្ពុជា​បាន​ដាក់​ទៅកាន់​ភាគី​ថៃ បន្ទាប់ពី​កិច្ចប្រជុំ GBC ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា និង​ថៃ ពីរ​លើក​ត្រូវ​បាន​លើក​ពេល​។ មូលហេតុ​មកពី ថៃ​ដោះដូរ​សមាសភាព​ក្នុង​គណៈកម្មការ GBC និង​មួយទៀត ដោយសារ​តែ​ថៃ ជួប​គ្រោះ​ទឹកជំនន់​។

ចំពោះ​ប្រធានបទ​នៃ​កិច្ចប្រជុំ​ប្រចាំឆ្នាំ នៃ​គណៈកម្មការ​ចម្រុះ GBC លើក​ទី​៨ នៅ​កម្ពុជា ត្រូវបាន​លោក​ឧត្តមសេនីយ៍ឯក ឈុំ សុជាតិ លើកឡើងថា នឹង​ផ្តោត​សំខាន់​លើ​បញ្ហា​សន្តិសុខ​តាម​បណ្តោយ​ព្រំដែន និង​ការអភិវឌ្ឍន៍​នានា​។ សន្តិសុខ​តាម​ព្រំដែន​កម្ពុជា​-​ថៃ ដែល​បាន​តាន តឹង រហូតដល់​មាន​សង្គ្រាម​បង្ហូរឈាម ចាប់តាំងពី​ថៃ លើកទ័ព​ចូល​ឈ្លានពាន​ទឹកដី​កម្ពុជា នៅ​ប្រាសាទ​ព្រះវិហារ កាលពី​ថ្ងៃ​ទី​១៥​កក្កដា ឆ្នាំ​២០០៨​។

ជាមួយគ្នា​នោះ លោក ឈុំ សុជាតិ បាន​បន្ថែមថា ក្នុង​កិច្ចប្រជុំ GBC ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា និង​ថៃ នៅ​ចុង​ខែ​ធ្នូ ក៏​នឹង​អាច​មាន​ការ​និយាយ​ពី​ការអនុវត្តន៍​សាលដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ទី​ក្រុងឡាអេ ICJ កាលពី​ថ្ងៃ​ទី​១៨​កក្កដា ឆ្នាំ​២០១១ ក្នុង​រឿង​ដក​កងទ័ព ចេញពី​តំបន់​ព្រំដែន នៅ​ចំណុច​ប្រាសាទ​ព្រះវិហារ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ